កីឡាអន្តរជាតិ
អន្តរជាតិ
អាម៉េរិកនឹងធ្វើម្ចាស់ផ្ទះ Club World Cup ដែលមាន៣២ក្រុមលើកដំបូង នៅឆ្នាំ២០២៥
24, Jun 2023 , 10:29 pm        
រូបភាព
សហរដ្ឋអាម៉េរិក នឹងត្រូវធ្វើម្ចាស់ផ្ទះការប្រកួត FIFA Club World Cup បុរស ដែលកើនក្រុមចូលរួមដល់ ៣២ ជាលើកដំបូងនៅឆ្នាំ ២០២៥។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។



ប្រធាន FIFA លោក Gianni Infantino នៅថ្ងៃទី២៤ ខែមិថុនា លើកឡើងថាការប្រកួត Club World Cup ទម្រង់ថ្មីដែលគ្រោងធ្វើលើកទី១នៅទឹកដីអាម៉េរិក នឹងក្លាយជាចំណុចប្រកួតប្រជែងកម្រិតកំពូលក្នុងវិស័យបាល់ទាត់សម័យទំនើប។
 
កាលពីខែមីនាកន្លងទៅ FIFA បានបញ្ជាក់ហើយថា Club World Cup ទម្រង់ថ្មីនឹងប្រកួតរៀងរាល់៤ឆ្នាំម្តង ចាប់ពីខែមិថុនា ឆ្នាំ២០២៥តទៅ ដោយមានក្រុមសរុបចូលរួមចំនួន៣២ក្រុម។ Club World Cup ដែលរៀបចំការប្រកួតរៀងរាល់១ឆ្នាំម្តង មានក្រុមចំនួន៧ចូលរួម នឹងត្រូវបញ្ឈប់នៅក្រោយបញ្ចប់ការប្រកួតឆ្នាំ២០២៣។ ការប្រកួត Club World Cup លើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-២២ ខែធ្នូ ឆ្នាំ ២០២៣ នឹងត្រូវធ្វើនៅទឹកដីអារ៉ាប៊ីសាអូឌីត។
 
ក្រុមដែលនឹងមានសិទ្ធិលេងក្នុងព្រឹត្តិការណ៍ Club World Cup ទម្រង់ថ្មីនៅឆ្នាំ២០២៥ ត្រូវជ្រើសរើសក្រុមពីអឺរ៉ុប (UEFA) ១២ក្រុម អាម៉េរិកឡាទីន (CONMEBOL) ៦ក្រុម អូសេអានី (OFC) ១ក្រុម អាម៉េរិកកណ្តាល (CONCACAF) ៤ក្រុម អាហ្វ្រិក (CAF) ៤ក្រុម ទ្វីអាស៊ី (AFC) ៤ក្រុម បូករួមនឹងម្ចាស់ផ្ទះ សរុប៣២ក្រុម។
 
ក្រុមទាំង៣២ត្រូវជ្រើសរើសពីក្រុមជើងឯកនៃលីគតាមទ្វីបរៀងខ្លួន ចាប់ពីឆ្នាំ ២០២១-២០២៤ ដែលមានន័យថា Chelsea, Real Madrid និងម្ចាស់ជើងឯក Champions League កាលពីរដូវកាលមុន Manchester City មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួម Club World Cup ឆ្នាំ២០២៥។
 
រៀបចំ២០លើកកន្លងមក Real Madrid ដែលជាម្ចាស់ការពារជើងឯក ឈ្នះ FIFA Club World Cup ច្រើនជាងគេចំនួន៥លើក តាមពីក្រោយដោយ Barcelona ៣លើក Bayern Munich និង Corinthians ២លើកដូចគ្នា ក្រៅពីនោះ Manchester United, Chelsea, Liverpool, Inter Milan, AC Milan, Sao Paulo និង Internacional ឈ្នះ១លើកដូចគ្នា៕
 
 
 

Tag:
 Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com