ជាតិ
ឱកាសល្អ​សម្រាប់​ការ​ដាក់​ស្នាដៃចម្លាក់​ ​ប្រកួត​ក្នុង​​​​​មហោស្រពសិល្បៈ​ចម្លាក់​ស្មិត​​
25, Jun 2023 , 8:29 am        
រូបភាព
រូបផ្ដល់ឱ្យ
រូបផ្ដល់ឱ្យ
ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ នឹង​រៀប​ចំ​មហោស្រព​ជាតិ​សិល្បៈ​ចម្លាក់​ស្មិត​​ ឆ្នាំ​២០២៣​ ក្រោម​ប្រធាន​បទ “​ក្បាច់​គុន​បុរាណ​ខ្មែរ​ល្បុក្កតោ​” ក្នុង​គោល​បំណង​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​សិល្បករ​ សិប្បករ​ ក្នុង​​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ការ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ ដើម្បី​រួម​ចំណែក​អភិរក្ស​ និង​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​សូន​រូប​ និង​សិល្បៈ​សិប្បកម្ម​​ឱ្យ​បាន​គង់​វង្ស​។



កម្ម​វិធី​មហោស្រព​ជាតិ​សិល្បៈ​ចម្លាក់​ស្មិត​​ ឆ្នាំ​២០២៣​ ក្រោម​ប្រធាន​បទ “​ក្បាច់​គុន​បុរាណ​ខ្មែរ​ល្បុក្កតោ​” ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦-១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​បរិវេណ​បណ្ណាល័យ​ជាតិ រាជ​ធានី​ភ្នំពេញ​។
 
រាល់​ស្នាដៃ​ទាំង​អស់​ ដែល​ដាក់​ចូល​រួម​ប្រកួត​ប្រជែង ក្នុង​មហោស្រព​ជាតិ​សិល្បៈ​ចម្លាក់​ស្មិត​​ឆ្នាំ​២០២៣  បេក្ខជន​ បេក្ខ​នារី​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​។ ទំហំ​ស្នាដៃ​ដែល​ត្រូវ​ចូល​រួម​ប្រកួត​ប្រជែង​ កម្ពស់​រូប​ចម្លាក់​​សរុប៦០​សម ដោយ​បូក​រួម​ទាំ​ង​ជើង​ទម្រ​៥សម​។
 
ស្នាដៃ​ត្រូវ​បង្កើត​នៅ​ក្នុងឆ្នាំ​២០២៣​ ជា​ទម្រង់​បុរាណ​ឬ​សម័យ​ក៏​បាន​។ រាល់​ស្នាដៃ​ចម្លាក់​ ដែល​ដាក់​មក​ប្រកួត​ ត្រូវ​តែ​មិន​ធ្លាប់​យក​ទៅ ​ដាក់​តាំង​បង្ហាញ​នៅ​កន្លែង​ដទៃ​។ អត្ថន័យ​ឆ្លុះ​បញ្ចាំង​​ពី​ទិដ្ឋភាព​ ដែល​បង្កប់​នូវ​ក្បាច់​គុន​បុរាណ​ខ្មែរ ជា​អត្តសញ្ញាណ​​សិល្បៈ​ជាតិ​។ ភាព​ច្នៃ​ប្រឌិត​ សោភ័ណ​ភាព​ និង​ប្រណីត​ភាព​ ផ្ដោត​លើ​ភាព​ប៉ិន​ប្រសប់ ​​ប្រកប​ដោយ​ទេព​កោសល្យ​ខ្ពស់​ របស់​សិល្បករ​ ដោយ​បង្កប់​នូវ​បច្ចេក​ទេស​រស់​រវើក​។ 
 
បេក្ខជន​-នារី​ ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​ពាក្យ​សុំ​ចូល​រួម​ប្រឡង​១ច្បាប់​។ ប្រវត្តិ​រូប​​សង្ខេប​​១ច្បាប់​ រូប​ថត​៤x៦ ២​សន្លឹក​។ លិខិត​បញ្ជាក់​ទីលំនៅ​ ឬ​អត្តសញ្ញាណ​បណ្ណ​ថត​ចម្លង​(ផ្លូវការ​)១សន្លឹក។ 
សាធារណជន​ដែល​ចាប់​អារម្មណ៍​ អាច​ដាក់​ពាក្យ​នៅ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ រាជធានី​-ខេត្ត​ ឬ​នៅ​នាយក​ដ្ឋាន​​សិល្បៈ​សូន​រូប​ និង​សិល្បៈ​សិប្បកម្ម​ (ទីស្ដីការក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​)។ ការ​ទទួល​ស្នាដៃ​របស់​បេក្ខជន​-នារី ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​តុលា​ ឆ្នាំ​២០២៣ នៅ​នាយក​ដ្ឋាន​​សិល្បៈសូន​រូប​ និង​សិល្បៈ​សិប្បកម្ម​ ដែល​ស្ថិត​នៅ​ទី​ស្ដី​ការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។ 
 
គណៈ​កម្មការ​ពិនិត្យ​ និង​វាយ​តម្លៃ​ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២៣​។ ប្រារព្ធ​​ពិធី​មហោស្រព​សិល្បៈ​ជាតិ​ នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។ អ្នក​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ ៤,០០០,០០០រៀល​​ អម​ដោយ​ប័ណ្ណ​ជយលាភី​។ ចំណាត់​ថ្នាក់​លេខ​២ ទទួល​បាន​ទឹក​ប្រាក់ ៣,០០០,០០០​រៀល​ អម​ដោយ​ប័ណ្ណជយលាភី។ ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​ទឹក​ប្រាក់​ ២,៥០០,០០០រៀល​ អម​ដោយ​ប័ណ្ណជយលាភី​។ រង្វាន់​លើក​ទឹក​ចិត្ត ទឹក​ប្រាក់​ចំនួន ៨០០,០០០រៀល អម​ដោយ​​លិខិត​ថ្លែង​អំណរ​គុណ​។
 
សម្រាប់​ព័ត៌​មាន​លម្អិត​ សូម​ទាក់​ទង​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​រាជធានី​-ខេត្ត ឬ​នាយក​ដ្ឋាន​សិល្បៈ​សូន​រូប​ និង​សិល្បៈ​សិប្បកម្ម​ តាម​រយៈ​ទូរសព្ទ​​លេខ ០១២ ៦១ ៦៥ ៤៥ ឬ ០១២ ៨៣ ២២ ២៨ ឬ០១២ ៧៧ ៧៩ ២៨ ឬ ០១២ ៨៧ ៧៣ ១៨​។ និង​តាម​រយៈ​ Email: [email protected][email protected][email protected] ។ 
 
ចំពោះ​សិល្បករ​ សិប្បករ​ដែល​មាន​បំណង​ ចង់​ដាក់​តាំង​ពិព័រណ៍​បង្ហាញ​ស្នាដៃ​សិល្បៈ​សូន​រូប​ និង​សិល្បៈ​សិប្បកម្ម​ចម្រុះ​របស់​ខ្លួន​ សូម​យក​ទៅ​នៅ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិការ​ ឆ្នាំ​២០២៣ នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​ រាជ​ធានី​ភ្នំពេញ​​។ 
 
សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​មហោស្រ​ព​ កម្ម​វិធី​គ្រោង​ទទួល​បាន​ស្ដង់​សិល្បៈ​សូនរូប ចំនួន​៦០​ស្ដង់​ ដែល​មាន​​​គំនូរ ចម្លាក់​ សូត្រ និង​វត្ថុ​សិល្បៈ​​ជា​ច្រើន​ទៀត​​ ដើម្បី​ដាក់​លក់​ជូន​សាធារណជន​៕
 

Tag:
 សិល្បៈ​
  វប្បធម៌​
  មហោស្រព​
 
© រក្សាសិទ្ធិដោយ thmeythmey.com