កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់លទ្ធផលទុកមុន៖ កីឡាករប៊ីយ៉ាស្នូកឃ័រចិន២រូប ជាប់បម្រាមមួយជីវិត
25, Jun 2023 , 9:29 pm        
រូបភាព
អាជ្ញាធរគ្រប់គ្រងកីឡាប៊ីយ៉ាស្នូកឃ័រចិន ដាក់បម្រាមកីឡាករចិន២រូប មិនឱ្យពាក់ព័ន្ធកីឡានេះពេញមួយជីវិត ចំពោះការរៀបចំលទ្ធផលការប្រកួតទុកមុន។ ចំណោមកីឡាករ៨នាក់ផ្សេងទៀត មាន៥នាក់ ជាប់បម្រាមពីការប្រកួតកីឡាប៊ីយ៉ាស្នូកឃ័រនានា រយៈពេល៧ឆ្នាំកន្លះ និង៣រូបជាប់ទោសស្រាល។



សមាគមកីឡាប៊ីយ៉ាស្នូកឃ័រចិន (CBSA) កាលពីថ្ងៃទី២១ ខែមិថុនា បានឱ្យដឹងថា កីឡាករជើងឯកកីឡាប៊ីយ៉ាឆ្នាំ ២០២១ ឈ្មោះ Yan Bingtao ត្រូវបានដាក់បម្រាមរយៈពេល ៥ឆ្នាំពីសំណាក់ សមាគមកីឡាប៊ីយ៉ាស្នូកឃ័រអាជីពពិភពលោក (WPBSA) កាលពីដើមខែមិថុនានេះម្តងរួចមកហើយ។ ពេលនេះរូបគេត្រូវបានទទួលការដាក់ពិន័យបន្ថែមទៀតមិនឱ្យចូលរួមការប្រកួតនានា ក៏ដូចជាសកម្មភាពក្នុងកីឡាប៊ីយ៉ា ដល់ទៅរយៈពេល ៧ឆ្នាំកន្លះ។
 
កីឡាករចិន២រូបរួមមាន Liang Wenbo និង Li Hang ត្រូវបាន CBSA គាំទ្រឱ្យ WPBSA ហាមប្រាមពេញមួយជីវិតតែម្តង ដ្បិតមានកំហុសធ្ងន់ធ្ងរជុំវិញការកំណត់លទ្ធផលទុកមុន ដែលមិនអាចអន់ឱនឱ្យបាន។
 
កីឡាករ Zhao Xintong ដែលធ្លាប់បានឈ្នះបានរង្វាន់ UK Championship កាលឆ្នាំ ២០២១ ត្រូវបានហាមឃាត់រយៈពេល ១ឆ្នាំ ៨ខែ ពីសំណាក់ CBSA សម្រាប់ការរៀបចំលទ្ធផលប្រកួត។ មិនតែប៉ុណ្ណោះរូបគេក៏នឹងអាចត្រូវបានបន្ថែមបម្រាមរយៈពេល ១០ខែបន្ថែមផងដែរ។
 
កីឡាករ Lu Ning ត្រូវបានបន្ថែមការដាក់បម្រាមរយៈពេល ៨ឆ្នាំ, កីឡា Bai Langning ជាប់បម្រាម ៤ឆ្នាំ និងលោក Zhang Jiankang ជាប់បម្រាម ៤ឆ្នាំ ៥ខែ ពីសកម្មភាពកីឡាប៊ីយ៉ា។
សរុបមានកីឡាករប្រមាណ ១០នាក់ត្រូវបានហាមឃាត់សម្រាប់ការរៀបចំលទ្ធផលការប្រកួត និងការភ្នាល់ផ្សេងៗ រួមទាំងការទិញទឹកចិត្តកីឡាករផ្សេងៗ នៅក្នុងការប្រកួតប្រជែង។ កីឡាករចំនួន ៥នាក់ដែលរងបម្រាម៧ឆ្នាំកន្លះ  អាចនឹងត្រូវហាមឃាត់ពីសកម្មភាពកីឡាប៊ីយ៉ាពេញមួយជីវិតផងដែរ មិនការស៊ើបអង្កេតរកឃើញថា អ្នកទាំងនោះមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ៕
 

Tag:
 កីឡាប៊ីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com