កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធស្លាបល្អបំផុតទាំង៥លើលោក ក្នុងពិភពបាល់ទាត់បច្ចុប្បន្ន
25, Jun 2023 , 10:29 pm        
រូបភាព
ខ្សែប្រយុទ្ធស្លាបនៅក្នុងកីឡាបាល់ទាត់សម័យទំនើប ជាតួនាទីមួយដ៏សំខាន់ក្នុងការបង្កើតកម្លាំងថាមពល និងឱ្យកាសសម្រាប់ក្រុម។​​ កីឡាករស្ថិតក្នុងតួនាទីនេះ តែងមានបច្ចេកទេស ទេពកោសល្យ ភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងបាល់ នឹងការស្វែងរកជ័យជម្នះសម្រាប់ក្រុម។



ដើម្បីអាចធ្វើជាខ្សែប្រយុទ្ធស្លាបមួយដ៏ល្អពូកែ ទាមទារកីឡាករត្រូវមានល្បឿនលឿន និងការញ៉ាក់បាល់ដើម្បីបំបាក់ខ្សែការពារដ៏រឹងមាំជាគូប្រជែងរបស់ពួកគេនៅលើទីលាន។ ជាខ្សែប្រយុទ្ធស្លាប ភាគច្រើនក្រៅពីការស្វែងរកគ្រាប់បាល់ តួនាទីដ៏សំខាន់បំផុតជាងនេះ នោះគឺការបង្កើតឱកាសទៅកាន់មិត្តរួមក្រុមដើម្បីសម្រេចគ្រាប់បាល់។
 
លើសពីតួនាទីខ្សែប្រយុទ្ធស្លាប ដើម្បីបង្កើតឱកាសសម្រាប់ក្រុមស្វែងរកគ្រាប់បាល់ ក៏ត្រូវមានកាតព្វកិច្ចជួយដល់តំបន់ការពារផងដែរ គឺការការពារតំបន់ស្លាបរៀងៗខ្លួនរបស់ពួកគេ ដើម្បីជួយសម្រួលដល់ក្រុមក្នុងការទប់ទល់ការវាយសម្រុករបស់គូប្រជែង។
 
បើតាមគេហទំព័រ Sportskeeda ខាងក្រោមនេះជាកីឡាករខ្សែប្រយុទ្ធស្លាបល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន៖
 
១. Mohamed Salah-Liverpool 
ទោះជា Liverpool មិនអាចឈ្នះពានរង្វាន់អ្វីមួយក្នុងរដូវកាលនេះក៏ដោយក្តី ប៉ុន្តែ Salah នៅតែជាកម្លាំងដ៏សំខាន់ដើម្បីជួយទៅកាន់ក្រុមប្រជែងក្នុងរដូវកាលដ៏លំបាកដែលទើបនឹងបញ្ចប់ទៅកាលពេលថ្មីៗ។ បង្ហាញខ្លួនសម្រាប់ក្រុម ៥១ប្រកួត រាល់ការប្រកួតកីឡាករសញ្ជាតិអេហ្ស៊ីបរកបានគ្រាប់បាល់ចំនួន ៣០គ្រាប់ នឹងបញ្ជូនបាល់ដល់មិត្តរួមក្រុមចំនួន ១៦លើក។
  


២. Bukayo Saka-Arsenal
Saka ជាកម្លាំងស្នូលដ៏សំខាន់មួយនៅក្នុងក្រុម Arsenal ដែលមានលោក Mikel Arteta ជាគ្រូបង្វឹក។ Arsenal បង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុង ​Premier League រដូវកាល ២០២២-២៣ អរគុណទៅដល់កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសចំពោះការបង្ហាញទេពកោសល្យរបស់គេដើម្បីជួយរកជ័យជម្នះដល់ក្រុម ហើយក្នុងរដូវកាលដែលទើបបញ្ចប់ទៅរូបគេរកបានគ្រាប់បាល់ចំនួន ១៥គ្រាប់ បញ្ជូនបាល់ចំនួន ១១គ្រាប់ ពីការប្រកួតចំនួន ៤៨លើក។
  


៣. Rodrigo-Real Madrid
កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលរូបនេះមានទេពកោសល្យដ៏អស្ចារ្យដែលមិនអាចមើលរំលងបាន រូបគេអាចលេងបានស្ទើតែគ្រប់តួនាទីស្ថិតក្នុងតំបន់ប្រយុទ្ធនឹងបម្រើនៅក្នុងក្រុម Real Madrid។ ឆ្នាំ ២០២២-២៣ រូបគេបង្ហាញខ្លួនលេងបានចំនួន ៥៧លើក ព្រមទាំងបានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលថែមទៀតនៅ World Cup 2022 ដោយរូបគេរកបានគ្រាប់បាល់ចំនួន ១៩គ្រាប់ និងបញ្ជូន ១១លើករាល់ការប្រកួតទាំងអស់។
  


៤. Riyad Mahrez-Manchester City
បច្ចុប្បន្នកីឡាកររូបនេះបានក្លាយជាកម្លាំងដ៏សំខាន់មួយនៅក្រុម Manchester City ដឹកនាំដោយលោក Pep Guardiola។ បច្ចេកទេសនៃការញ៉ាក់បាល់ ការបង្កើតឱកាស និងការស៊ុតដ៏ល្អរបស់គេតាំងពីស្ថិតនៅក្រុម Leicester City រូបគេបានបន្តភាពវៃឆ្លាតពូកែរបស់គេបន្តភាពជោគជ័យនៃការឈ្នះពាននៅក្នុងក្រុម Man City ថែមទៀត។ រដូវកាលមុនរូបគេរកបាន ១៥គ្រាប់ និងបញ្ជូនបាល់ចំនួន ១៣លើក ពីការបង្ហាញខ្លួន ៤៧ប្រកួត។
  


៥. Serge Gnabry-Bayern Munich
កីឡាករសញ្ជាតិអាល្លឺម៉ង់បានវិវត្តន៍ខ្លួនយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ រូបគេជាកីឡាករពូកែមួយរូបស្ថិតក្នុងក្រុម Bayern Munich ពេលបច្ចុប្បន្ន។ បច្ចេកទេសគ្រប់គ្រងបាល់ ញ៉ាក់បាល់ បង្កើតឱកាសដល់មិត្តរួមក្រុម បានជួយឱ្យរូបគេបំពេញការងារតួនាទីបានយ៉ាងល្អ មិនតែប៉ុណ្ណោះគេបានជួយទៅដល់តំបន់ការពាររបស់ក្រុមថែមទៀត។ រដូវកាលមុនរូបគេរកបាន ១៧គ្រាប់ និងបញ្ជូនបាល់ចំនួន ១២លើក ផងដែរ៕
 


Tag:
 Football
© រក្សាសិទ្ធិដោយ thmeythmey.com