ជាតិ
​ស្ថាបត្យករសម័យសង្គម​រាស្ត្រនិយម​ ព្រឹទ្ធាចារ្យ លុយ បានហាប់ ទទួលមរណភាព​ក្នុងអាយុ​​៩២ឆ្នាំ
26, Jun 2023 , 4:21 pm        
រូបភាព
ព្រឹទ្ធាចារ្យ ស្ថាបត្យករ លុយ បានហាប់។ រូបថតឯកសារ និងពីទំព័រដំណើរខ្មែរ
ព្រឹទ្ធាចារ្យ ស្ថាបត្យករ លុយ បានហាប់។ រូបថតឯកសារ និងពីទំព័រដំណើរខ្មែរ
ភ្នំពេញ​៖ ព្រឹទ្ធាចារ្យស្ថាបត្យករ លុយ បានហាប់ បានទទួលមរណភាព​ កាលពីវេលាម៉ោង១៦និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។ នេះ​បើ​តាម​លោក វីរៈ វ៉ារ៉ានី ប្រធាន​ក្រុម​ដំណើរ​ខ្មែរ​។

 
ដំណើរខ្មែរ ជាក្រុមយុវជនស្ម័គ្រចិត្ត ដែល​បំពេញបេសកកម្មលើការ​ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនូវឯកសារភាពយន្ត ចម្រៀងក្នុងសម័យយុគមាស សាវតាព្រះរាជវង្សានុវង្ស រួមទាំងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តផ្សេងៗ។ ទាក់ទង​នឹង​ព័ត៌មានមរណភាពព្រឹទ្ធាចារ្យ លុយ បានហាប់ គឺ​លោក វីរៈ វ៉ារ៉ានី អះអាង​ថា លោក​បាន​ឆ្លើយ​ឆ្លងតាមទូរសព្ទជាមួយ​​អ្នក​ស្រី មាស មន្តា ត្រូវ​ជា​ក្មួយ​ស្រី​​របស់ព្រឹទ្ធាចារ្យ លុយ បាន​ហាប់។
 
 
លោក វីរៈ វ៉ារ៉ានី បញ្ជាក់​បន្ថែម​៖«ខ្ញុំ​ទើប​តែ​បាន​ជជែក​ទូរសព្ទ​ជា​មួយ​គាត់ [អ្នក​ស្រី មាស មន្តា]។ ពិធី​បុណ្យ​សព កំពុង​រៀប​ចំ​តាម​ប្រពៃណី​។ ហើយ​ដំណឹង​នៃ​បុណ្យ​សព ​អត់​ទាន់​​បញ្ជាក់​ថា ធ្វើ​ពិធី​បូជា ឬ​បញ្ចុះ​ទេ»​។ 
 
ឆ្លៀត​ក្នុង​ឱកាស​នេះ លោក វីរៈ វ៉ារ៉ានី ក៏​ចង់​បញ្ជាក់​ថា ព្រឹទ្ធាចារ្យ លុយ បានហាប់​ ពុំ​បាន​​ជាប់​សាច់​ឈាម​ជា​មួយ ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ​ ដូចជាការលើកឡើងមួយចំនួន​នោះ​ឡើយ​ ដោយ​ព័ត៌​មាន​នេះ​ មាន​ការ​បញ្ជាក់​ពី​អ្នក​ស្រី មាស មន្តា ត្រូវ​ជា​ក្មួយ​ស្រី​សព​។
 
«​លោកអ៊ំ ហាប់ មិន​មែន​ជា​គ្រួសារ​ ឬ​ក៏​ជា​សាច់​ញាតិ របស់​លោកអ៊ំ វណ្ណ មូលីវណ្ណ​ ទេ​។ ព្រោះ​អី​មុន​នេះ​អ្នក​មីង [អ្នក​ស្រី មាស មន្តា] គាត់​ហៅទូរសព្ទ​មក​ខ្ញុំ​ ប្រាប់រឿង​ហ្នឹង​។ គ្រាន់​តែ​ថា​លោកអ៊ំ វណ្ណ មូលីវណ្ណគាត់​គឺ​ជា​រៀម​ច្បង​។ អ្នក​មីង មាស មន្តា ដែល​ត្រូវជា​ក្មួយ​ស្រី​របស់​លោក​អ៊ំ លុយ បានហាប់​ ក៏​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​លោក គង់ សំអឿន​ ដែរ​។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​លោក វ៉ារ៉ានី​។
 
សូម​បញ្ជាក់​ថា ក្នុងសម័យសង្គមរាស្រ្តនិយម ព្រឹទ្ធាចារ្យ លុយ បានហាប់ គឺ​ជាស្ថាបត្យករខ្មែរ​មួយរូបដែលបានគូរប្លង់ និងចូលរួមកសាង សណ្ឋាគារខេមបូឌីយ៉ាណា រាជដំណាក់ព្រះគន្ធបុប្ផា នៅក្នុងវិមានរដ្ឋចម្ការមន អគារសាលាខេត្តកណ្តាល រោងកុន​ចេនឡា អគារប៊ូឌីង(អគារស បច្ចុប្បន្ន​ត្រូវ​បាន​វាយ​កម្ទេច​ចោល​ហើយ​) វិទ្យាល័យទួលស្វាយព្រៃ(បច្ចុប្បន្ន​គឺ​ជា​សារមន្ទីរជាតិ​ទួលស្លែង​) មណ្ឌលកីឡាខេត្តបាត់ដំបង អ​គារសាកលវិទ្យាល័យភូមិន្ទកំពង់ចាម​ និង​ព្រះរាជដំណាក់លើភ្នំគិរីរម្យជាដើម។ 
 
ជាមួយគ្នានេះ គុណសម្បត្តិដ៏សំខាន់មួយទៀត កាលពីឆ្នាំ១៩៦០ សម្តេចព្រះនរោត្តមសីហនុ បាន​ចេញព្រះរាជបញ្ជា ចាត់តាំងឲ្យលោកព្រឹទ្ធាចារ្យ ដឹកនាំបង្កើតមន្ទីរសាងសង់លំនៅដ្ឋាន និងរៀចំគម្រោងប្លង់នៃសាលារាជធានីភ្នំពេញ ដោយលោកអភិបាលរាជធានី ទេព ផន បានផ្តល់ឲ្យលោកនូវសេរីភាពពេញទី ដើម្បីធ្វើទំនើបកម្មគម្រោង​រៀបចំទីក្រុង។
 
លោក លុយ បានហាប់​ ជា​មួយនឹងបុគ្គលិក១២នាក់ បានគ្រប់គ្រងអ្វីគ្រប់យ៉ាង រាប់តាំងពីនគរូបនីយកម្ម ដល់ការរចនានិងថែរក្សាសួនច្បារសាធារណៈ ការគ្រប់គ្រងសំណល់ ភ្លើងបំភ្លឺតាមចញ្ចើមផ្លូវ ការផ្គត់ផ្គង់ថាមពល និងការអនុញ្ញាតការសាងសង់។ រាជធានីដ៏​ចំណាស់មួយ ដែលជាបេះដូងនៃជាតិ បានប្រែមុខមាត់ថ្មី ក្រោមការដឹកនាំរបស់លោក លុយ បានហាប់​។ នេះ​បើ​តាម​ ទំព័រហ្វេសប៊ុក​​ ដំណើរ​ខ្មែរ​៕
 
 

Tag:
 ស្ថាបត្យករ​
  ស្ថាបត្យកម្ម​
  មរណភាព
  វប្បធម៌​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com