ជាតិ
ទីលានចាក់សំរាម តម្លៃជាង៤.៦លានដុល្លារ នៅខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យដំណើរការ
27, Jun 2023 , 7:59 am        
រូបភាព
ដោយ:
​ទីលានទុកដាក់សំរាមក្នុងខេត្តកំពង់ធំ តម្លៃជាង ៤.៦លានដុល្លារអាម៉េរិក ត្រូវបានដាក់​សម្ពោធឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។ នេះបើយោងតាមការចុះផ្សាយរបស់​ក្រសួងសាធារណៈការ និងដឹកជញ្ជូននៅថ្ងៃទី២៦ ខែមិថុនានេះ។ ប្រភពដដែលបញ្ជាក់ថា ទីលានចាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដីជិត១៥ហិកតា ក្នុងចំណោមផ្ទៃដីសរុប ជាតិ​២០​ហិកតា ស្ថិតនៅ​ភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 
​​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ដែលជាអធិបតីក្នុងពិធីនេះ បាន​លើក​ឡើងថា ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ​តាមបទដ្ឋានបច្ចេកទេសបែបនេះ ពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព សុ​ខុមាលភាពការរស់នៅ របស់​ពលរដ្ឋក្នុងតំបន់នេះ និងនៅតំបន់ជុំវិញ ជាពិសេស កាត់បន្ថយ​បញ្ហា​ប្រឈម​ទៅ​លើ​កត្តា​សុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន។
 
បើតាមលោក ស៊ុន ចាន់ថុល ទីលានទុកដាក់សំរាមនេះ ជាគម្រោងមួយ​នៅក្នុងគម្រោង​កែលម្អ​គ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារ ADB។ ការស្ថាបនាបានចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់​នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយចំណាយ​ទឹកប្រាក់ ៤ ៦២៩ ៣៩៩ដុល្លារអាម៉េរិក។
 
ទីលានទុកដាក់សំរាមនេះ ​មានប្រវែង ទទឹង៨០ម៉ែត្រ ​បណ្តោយ១៧០ម៉ែត្រ និងជម្រៅ ២ម៉ែត្រ ដែលអាចអនុញ្ញាឱ្យ ប្រជាជនប្រមាណ​​ ៣៦ ៤៧៨នាក់​ នៅជុំវិញទីរួមខេត្តកំពង់ធំ​ប្រើប្រាស់បានរយៈពេល២០ឆ្នាំ។ តាម​ផែន​ការ​រណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គិតពីមាត់រណ្តៅ ដែល​អាច​ផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ម៉ែត្រគូប៕
 

Tag:
 ទីលានទុកដាក់សំរាមខេត្តកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com