កីឡាជាតិ
ជាតិ
ដោយសារជីវភាពខ្វះខាត ស្រីនី ចោលការសិក្សា ទៅធ្វើការរោងចក្រ និងហាត់ប្រដាល់គុនខ្មែរ
27, Jun 2023 , 8:59 am        
រូបភាព
លោក ធឿន ថាមុត ឪពុករបស់កីឡាការិនីប្រដាល់គុនខ្មែរ ធឿន ស្រីនី សោកស្តាយដែលកូនស្រីខ្លួនបោះបង់ការសិក្សា​ ដោយសារបញ្ហាជីវីភាពខ្វះខាតខ្លាំងពេក។ ព្រោះតែបញ្ហានេះ រួមផ្សំជាមួយចិត្តស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរ ស្រីនី ដែលជាកម្មការិនីរោងចក្រ ក៏បានចូលហ្វឹកហាត់ ចាប់ពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ មកទល់ពេលនេះ ដោយចេញប្រកួត២លើកឈ្នះទាំង២លើក។




លោក ធឿន ថាមុត ដែលមានប្រពន្ធ ឈ្មោះ ផន ដាវី វ័យ ៤១ឆ្នាំ រួមទាំងកូនប្រុស២នាក់ និងស្រី ១នាក់ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រកបរបររើសអេដចាយ ដើម្បីទ្រទ្រង់គ្រួសារ ។ បុរសវ័យ ៤២ឆ្នាំរូបនេះ បានដំណាលពីដើមហេតុ ដែលកូនស្រីខ្លួន វ័យ១៧ឆ្នាំ ឈប់សិក្សា ហើយប្រឹងធ្វើការ និងប្រឹងប្រែងហ្វឹកហាត់ប្រដាល់គុនខ្មែរ ព្រោះតែចង់លើកស្ទួយ និងទ្រទ្រង់វង្សត្រកូលខ្លួន។ 
  


ដោយឡែក លោក ធឿន ថាមុត ពិតជាសោកស្ដាយចំពោះការឈប់រៀនរបស់ ស្រីនី ណាស់ ប៉ុន្ដែ បញ្ហាជីវិភាពប្រចាំថ្ងៃមានភាពខ្វះខាតខ្លាំង ម្យ៉ាងទៀត ក៏ត្រូវរ៉ាប់រងមើលកូនប្រុសបង ដែលបានគ្រោះថ្នាក់ចរាចរណ៍ផង ទើបធ្វើឲ្យរូបលោក បង្ខំចិត្តស្របតាមការសម្រេចរបស់ ស្រីនី។ ឪពុករូបនេះ ក៏បាននិយាយផងដែរថា ប្រសិនជារូបលោក មានសមត្ថភាព និងមានកម្លាំងអាចធ្វើការធ្ងន់ៗ និងធ្វើការបានច្រើនដូចមុន លោក នឹងមិនឲ្យកូនស្រី បោះបង់ចោលការសិក្សាឡើយ។
 
«កូនខ្ញុំ រៀនឆ្លាតណាស់ គាត់រៀនថា្នក់ទី៧។ ប្រសិនជាមានឱកាសរៀន ខ្ញុំចង់ឲ្យកូនរៀនតទៀត។ ប៉ុន្ដែបញ្ហា គឺជីវភាពខ្ញុំ ខ្វះខាតខ្លាំងពេក ប្រសិនណាជាអត់គាត់ គ្រួសារយើង អាចនឹងដួលរលំតែម្ដង។ ខ្ញុំ ឥឡូវធ្វើការធ្ងន់អត់កើត ពីមុនខ្ញុំ ដើរធ្វើការសំណង់បាន ប៉ុន្ដែឥឡូវ ខ្ញុំ មានតែធ្វើសន្ដិសុខទេ ទើបធ្វើរួច។ ដូចសព្វថ្ងៃ ខ្ញុំរើស អេដចាយ ហើយយប់ ខ្ញុំ ទៅធ្វើសន្ដិសុខនៅ ផ្សារអ៊ីអន ៣។»។ លោក ធឿន ថាមុត បាននិយាយដូច្នេះ។
  
លោកឪពុករូបនេះ បានប្រាប់បន្ដទៀតថា អំឡុងឆ្នាំ២០១៩ នៅពេលប្រទេសកម្ពុជា និងសកលលោក ជួបបញ្ហាកូវីដ-១៩ សាលារៀន ត្រូវសម្រាក និងឲ្យរៀននៅផ្ទះរៀងៗខ្លួន។ នោះ គឺជាពេលដែល ស្រីនី សម្រេចចិត្តឈប់រៀន។ លោក ធឿន ថាមុត បាននិយាយទាំងភ្នែកក្រហម លាយលំជាមួយទឹកភ្នែកតិចៗ ដូច្នេះថា៖«កូនស្រីខ្ញុំប្រាប់ថា៖«ពុក ខ្ញុំ ឈប់រៀនម៉ងទៅ ទោះរៀនក៏ពិបាកដែរ ព្រោះពុករកអត់បាន ហើយជីវភាពយើង វាពិបាក ខ្លាំងពេក។ ខ្ញុំ ឈប់រៀន ដើររកការងារធ្វើ។ រឿងចង់ឲ្យកូនសិក្សា ខ្ញុំចង់ណាស់ ប៉ុន្ដែលទ្ធភាពខ្ញុំ វាអត់មាន។»។ 
 

 
ចុងឆ្នាំ២០១៩ បន្ទាប់ពីឈប់រៀននោះ យុវតី ធឿន ស្រីនី មិនទាន់មានការងារធ្វើនោះទេ ហើយបានដើររើសអេដចាយជួយ មួយនិងម្ដាយ រួមជាមួយប្អូនប្រុសម្នាក់ទៀត។ ដោយសារ លោក ធឿន ថាមុត គិតពីកូនស្រីខ្លួន និងយល់ថាយុវតីរូបនេះ ពេញវ័យហើយប្រសិនជាបណ្ដោយឲ្យរើសអេដចាយ មើលទៅមិនសមភ្នែក ទើបលោក ថាមុត បានសុំភោជនីយដ្ឋានមួយកន្លែង ក្បែររង្វង់មូលនាងគួរស្រូវ។ ធ្វើនៅទីនោះ បាន ២ខែ យុវតីស្រីនី ក៏ផ្លាស់មកធ្វើការជាកម្មការិនីរោងចក្រ នៅឃុំជើងកើប រហូតមកទល់ពេលនេះ។

ដោយសារតែ កម្មការិនីរោងចក្ររូបនេះ មានប្អូនប្រុសកំពុងហាត់ប្រដាល់ ហើយរូបខ្លួន ក៏ស្រឡាញ់ប្រដាល់ និងជាអ្នកគាំទ្រកីឡាការិនី នូវ ស្រីពៅ ផងដែរ ទើបជម្រុញឲ្យ ស្រីនី ចូលហ្វឹកហាត់គុនខ្មែរ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។ កីឡាការិនី ធឿន ស្រីនី ឡើងប្រកួតបាន២លើក ក្នុងឈ្នះទាំង២។
 
លោក ធឿន ថាមុត ប្រាប់ថាទឹកចិត្តជាឪពុក ពិតជាបារម្ភ ចំពោះកូនណាស់ ពេលឃើញប្រកួតម្ដងៗ ប៉ុន្ដែ នេះ គឺជាការស្រឡាញ់ និងជាឆន្ទៈរបស់កូន ដូច្នេះមានតែជម្រុញ និងលើកទឹកចិត្តកូនបន្ថែម។ ឪពុករូបនេះ បានប្រាប់ពីអ្វី ដែលខ្លួនធ្លាប់និយាយជាមួយកូនថា៖«កូនអើយ កូនឯងជាស្រី កូនធ្វើការផង មកហាត់ផង យើងរត់មិនរួចទេ។  កូន ប្រាប់ខ្ញុំវិញថា អត់អីទេ ពុកកូនអាចស៊ូ បាន។ បើកូន ស៊ូបាន ពុកមានតែជម្រុញថែម។ 
  

 
ក្រោយការឆ្លងកាត់ការប្រកួត ចំនួន២លើកនេះ លោក ធឿន ថាមុត ឃើញថា កីឡាការិនី ធឿន ស្រីនី មានការព្យាយាមខ្លាំង និងឆាប់ទទួលយកបានលឿន សូម្បីការប្រាប់ពីបច្ចេកទេសអំឡុងប្រកួតក៏ដោយ។
 
«នៅលើសង្វៀនចឹង យើងដឹងថាគាត់ ចាញ់ដៃគេហើយ អ៊ីចឹង យើងមើលហើយស្រែកប្រាប់គាត់ គេចហើយទាត់ជើងក្រោម។ ពេល យើងស្រែកភ្លាម គាត់ធ្វើបានភ្លាម។ នេះ ហើយខ្ញុំគិតថា ជាចំណុចខ្លាំងរបស់គាត់។ គាត់ ចេះប្រែប្រួលភ្លាមៗ ហើយយកឈ្នះដៃគូបាន ប្រសិនយើងអត់ឆ្លាត យើងអត់ដុងខាងហ្នឹងប្រាប់ភ្លាម ក៏ធ្វើមិនបានដែរ។»។ លោកឪពុករូបនេះ បាននិយាយប្រាប់ដូច្នេះ។
 
លោក ធឿន ថាមុត ជឿថា ស្រីនី នឹងមានអនាគតល្អ ព្រោះកូនស្រីរូបនេះ តែងមានការប្រឹងប្រែងខ្ពស់ បូករួមជាមួយទេព្យកោសល្យពីកំណើតផងដែរ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ធឿន ថាមុត
© រក្សាសិទ្ធិដោយ thmeythmey.com