កីឡាជាតិ
ជាតិ
JBM Cup៖ វិសាខា បានត្រឹមលេខ៤ ឯ​ Shah Alam City Council គ្រងជើងឯក
26, Jun 2023 , 10:59 pm        
រូបភាព
ការប្រកួតបាល់ទះក្នុងសាលរវាងក្រុម វិសាខា(ស) និងWin Streak (បៃតង)។ រូបពី ក្លិបបាល់ទះវិសាខា
ការប្រកួតបាល់ទះក្នុងសាលរវាងក្រុម វិសាខា(ស) និងWin Streak (បៃតង)។ រូបពី ក្លិបបាល់ទះវិសាខា
ដោយ:
ក្លិបកីឡាបាល់ទះវិសាខា បានត្រឹមចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីមិនអាចតដៃបានលើក្រុម Win Streak ដោយលទ្ធផល ៣-០សិត ក្នុងជំនួបដណ្តើមលេខ៣ ស្របពេល Shah Alam City Council គ្រងជើងឯក JBM Cup បន្ទាប់លត់ក្រុម Way Li ក្នុងលទ្ធផល ៣-០សិត នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Johor Bahru-Mayor’s Cup 2023 នៅយប់ថ្ងៃទី២៥ ខែមិថុនា។

 
ការប្រកួតនៅក្នុងសិតទី១ ក្រុមតំណាងកម្ពុជាសមាគមបាល់ទះ វិសាខា ចាញ់ Win Streak របស់តៃវ៉ាន់ ដោយពិន្ទុដាច់ឆ្ងាយ ២៥-១៤ យ៉ាងណាបន្តនៅសិតទី២ វិសាខា ប្រឹងប្រែងធ្វើបានល្អដែរតែមិនមានវាសនាក្នុងការប្រជែងពិន្ទុ Win Streak បានឡើយដោយចាញ់ពិន្ទុប្រដេញគ្នាប្រផិយប្រផើយគ្នា​ ២៥-២១។

កីឡាកររបស់ក្រុមវិសាខា គួន ម៉ុម លោតវាយបាល់ ក្នុងជំនួបទល់នឹងក្រុម Win Streak (បៃតង)។ រូបពី ក្លិបបាល់ទះវិសាខា
 
ចូលដល់សិតទី៣ ក្រុមមកពីប្រទេសកម្ពុជា វិសាខា នៅតែមិនអាចតដៃបានទៅលើក្រុមមកពីតៃវ៉ាន់ Win Streak បានឡើយដោយចាញ់ដូចលទ្ធផលសិតទី២ ដែលតស៊ូស្វិតស្វាញបំផុត ២៥-២១។ ចំណែកក្រុមខ្លាំង Shah Alam City Council លត់ក្រុម Way Li មកពីតៃវ៉ាន់ ដោយគ្មានការតដៃបាន ៣-០សិត(២៥-២១,២៥-១៩,២៥-១៦)។
 
ដោយឡែកក្រុមម៉ាឡេស៊ី Sarawak បំបាក់មិត្តរួមជាតិ Johor SUKMA ក្នុងលទ្ធផល ៣-០សិត(២៥-១៣,២៥-១៩,២៥-១៨)។ បញ្ចប់ការប្រកួតក្រុមបាល់ទះមកពីសិង្ហបុរី Shah Alam City Council គ្រងដំណែងជើងឯក JBM Cup2023 ក្រុម Way Li របស់តៃវ៉ាន់ ឈរលេខ២ Win Streak ឈរលេខ៣ ខណៈវិសាខា មកពីកម្ពុជា ឈរលេខ៤ និងក្រុមម៉ាឡេស៊ីទាំងពីរ Sarawak ឈរលេខ៥ Johor SUKMA ឈរលេខ៦ និង Songkla របស់ថៃនៅបាតតារាង។
 
គួបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះពានរង្វាន់ Johor Bahru-Mayor’s Cup 2023 បានចាប់ផ្តើមពីថ្ងៃទី២១ ដល់ទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី ដោយមានក្រុមចំនួន៧ មកពីបណ្តាប្រទេសចំនួន៥ ក្នុងនោះរួមមាន វិសាខា មកពីកម្ពុជា ក្រុម Sarawak ក្រុម Johor SUKMA (ម៉ាឡេស៊ី) Shah Alam City Council (សិង្ហបុរី) Win Streak និង Way Li (តៃវ៉ាន់) និងSongkla (ថៃ)៕
 

Tag:
 កីឡាបាល់ទះ
 JBM Cup
© រក្សាសិទ្ធិដោយ thmeythmey.com