ជាតិ
សង្គមជាតិ
អាចរិះគន់អ្នកធ្វើ តែកុំលេងសើចរហូតដល់ប្រើពាក្យប្រមាថលើព្រះពុទ្ធបដិមា
27, Jun 2023 , 12:59 pm        
រូបភាព
ព្រះពុទ្ធបដិមាដ៏ធំនិងខ្ពស់ផុតដើមឈើមួយព្រះអង្គ ដែលត្រូវបានសាងសង់ឡើងនៅវត្តមួយក្នុងខេត្តពោធិ៍សាត់ មានព្រះភក្ត្រមិនត្រូវតាមលក្ខណៈព្រះពុទ្ធអង្គ ដោយសារជាង សាងសង់ខុសក្បួនខ្នាត។ មហាជន នាំគ្នាចែករំលែកព្រះពុទ្ធបដិមានេះលើបណ្តាញសង្គមយ៉ាងព្រោងព្រាត ហើយរិះគន់ដល់ជាង ឬអ្នកពាក់ព័ន្ធក្នុងការសាងសង់។



ការរិះគន់ទៅលើជាង ដែលធ្វេសប្រហែសក្នុងការសាងសង់ព្រះពុទ្ធបដិមា ឬអ្នកពាក់ព័ន្ធផ្សេងទៀត មិនមែនជារឿងខុសឆ្គងឡើយ ហើយក៏មិនមែនជាអំពើបាបអ្វីដែរ តែជារឿងល្អទៅវិញទេ។ ចំណែក ការជំរុញឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្យាយាមតាមមើលរាល់ការសាងសង់ព្រះពុទ្ធបដិមា ដើម្បីឲ្យត្រូវតាមក្បួនខ្នាត និងសមជាព្រះពុទ្ធបដិមា គឺរឹតតែល្អប្រសើរ។ 
 
ប៉ុន្តែរឿងមិនគួរគប្បីមួយដែលកើតឡើងទន្ទឹមគ្នានេះ គឺការលេងសើចជ្រុលលើព្រះពុទ្ធបដិមា ដោយអ្នកខ្លះ រហូតដល់ប្រើពាក្យក្នុងន័យបែបប្រមាថទៅលើព្រះពុទ្ធបដិមាថែមទៀត។ រីឯអ្នកខ្លះទៀត យករូបព្រះពុទ្ធបដិមានេះ ទៅកែ (Edit) ឲ្យចេញជាសើច ហើយបង្ហោះលើបណ្តាញសង្គម ដោយភ្ជាប់ជាមួយភាសាបែបលេងសើចថែមទៀត។ 
 
លក្ខណៈពិតរបស់ព្រះសម្មាសម្ពុទ្ធ គឺព្រះអង្គ គ្រាន់តែញញឹម មិនសើចឲ្យចេញធ្មេញឡើយ ហើយព្រះពុទ្ធបដិមា ក៏ត្រូវគេសាងសង់តាមលក្ខណៈពិតដែរ គឺមានព្រះភក្ត្រញញឹម ដោយគេមិនដែលសាងសង់ព្រះភក្រ្តសើចនោះទេ។ 
 
កន្លងមក គេ តែងឃើញរូបផ្សេងៗ ដូចជា យក្ស ដំរី តោ ខ្លា ជាដើម ដែលត្រូវបានធ្វើឡើងដោយខុសក្បួនខ្នាត និងមើលទៅគួរឲ្យអស់សំណើច ហើយគេ ក៏នាំគ្នានិយាយលេងសើចចំពោះរូបទាំងនេះ។ ប៉ុន្តែ គេ មិនអាចលេងសើចចំពោះព្រះពុទ្ធបដិមា ដូចគេ លេងសើចចំពោះរូបសត្វទាំងនេះឡើយ។  
 
ចូរកុំភ្លេចថា ព្រះសម្មាសម្ពុទ្ធ គឺជាទីគោរពបូជារបស់សត្វលោក។ ដូច្នេះ បើទោះបីព្រះភក្ត្រពុទ្ធបដិមា ត្រូវបានសាងសង់ដោយខុសក្បួនខ្នាត និងមើលទៅមិនសមភ្នែក ហើយបើទោះជាមិនទាន់ត្រូវបានធ្វើពិធីពុទ្ធាភិសេកក៏ដោយ ក៏យើងជាពុទ្ធបរិស័ទ មិនត្រូវលេងសើច ឬរហូតប្រើភាសាបែបប្រមាថទៅលើព្រះពុទ្ធរូបដែរ។ ប្រយ័ត្នបាបដោយមិនដឹងខ្លួន! 
 

មិនត្រូវប្រើពាក្យប្រមាថបែបនេះលើព្រះពុទ្ធបដិមាឡើយ
មិនត្រូវលេងសើចរបៀបនេះទៅលើព្រះពុទ្ធបដិមានោះទេ

Tag:
 ព្រះពុទ្ធរូប
© រក្សាសិទ្ធិដោយ thmeythmey.com