ជាតិ
រដ្ឋមន្រ្តី​កសិកម្ម​ និងថ្នាក់ដឹកនាំខេត្តជុំវិញបឹងទន្លេសាប ជិះឧទ្ធម្ភាគចក្រមើលស្ថានភាពបឹង
27, Jun 2023 , 1:59 pm        
រូបភាព
រដ្ឋមន្រ្តីកសិកម្ម នាំអភិបាល និងអភិបាលរងខេត្តចំនួន៥ ជិះឧទ្ធម្ភាគចក្រស្វែងយល់ពីស្ថានភាពបឹងទន្លេសាប។ រូបភាពពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ.jpg
រដ្ឋមន្រ្តីកសិកម្ម នាំអភិបាល និងអភិបាលរងខេត្តចំនួន៥ ជិះឧទ្ធម្ភាគចក្រស្វែងយល់ពីស្ថានភាពបឹងទន្លេសាប។ រូបភាពពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ.jpg
អភិបាល​ខេត្ត​ពោធិ៍សាត់ កំពង់ធំ បាត់ដំបង និងអភិបាលរងខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង បាន​រួម​ដំណើរជាមួយ​លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ជិះឧទ្ធម្ភាគចក្រមើ​លផ្ទៃបឹងទន្លេសាប​ កាល​ពី​ថ្ងៃទី​២៥ ខែមិថុនា។ ដំណើរបេសកកម្មនេះ ធ្វើ​ឡើង​ដើម្បី​ស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តចំនួន៥ខាងលើ។



បើតាម​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ មន្រ្តី​ពាក់ព័ន្ធ​នៃក្រសួង​កសិកម្ម និង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យមើលស្ថានភាពតំបន់ឡូដ៍ ឬជម្រុកត្រីសំខាន់ៗនៅតាមបណ្តាខេត្តទាំង៥ រួមមាន​ តំបន់ឆ្នុកទ្រូ, ជ្រោយស្តី, កំពង់ប្រាក់, បឹងទន្លេឆ្មារ, កំពង់ភ្លុក និងព្រែកទាល់ផងដែរ។ 
  
ផ្ទៃ​បឹង​ទន្លេ​សាប​ ថត​ពី​លើ​អាកាស។ រូបភាពពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ការចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបនាពេលនេះ ធ្វើឡើងក្នុងអំឡុងរដូវបិទនេសាទ ចាប់ពីខែមិថុនា រហូតដល់ខែតុលា។ ក្រសួង​កសិកម្ម បញ្ជាក់ថា ចាប់ពី​ខែមិថុនាដល់ខែតុលា ជាពេលវេលាដ៏សំខាន់ សម្រាប់ប្រភេទត្រីធ្វើចរាចរណ៍​ផ្លាស់ទី និង​បន្តពូជរកចំណី ក្នុងនោះមាន ត្រីរៀលតុប និងរៀលអង្កាម។
 
ក្នុង​ដំណើរ​បេសកកម្មនោះ លោក ឌិត ទីណា ក៏​បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ត្រីជំនាញជលផល និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយ​ឃាត់ខ្លួនជនសង្ស័យណាប្រើប្រាស់ឧបករណ៍ខុសច្បាប់ បំផ្លាញធនធានមច្ឆជាតិ និង​ផ្តន្ទាទោសតាម​ច្បាប់​។ 
 
សូម​បញ្ជាក់ថា ក្នុ​ង​ដំណើរបេសកកម្ម​ខាង​លើ​​ ​ក៏​មា​ន​វត្ត​មាន​លោក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ៅ ពៅ អនុប្រធានសេនាធិការនៃអគ្គស្នងការនគរបាលជាតិ និងលោក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍នៃអគ្គស្នងការនគរបាលជាតិផងដែរ៕​
 
ផ្ទៃ​បឹង​ទន្លេ​សាប​ ថត​ពី​លើ​អាកាស។ រូបភាពពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Tag:
 កសិកម្ម​
  ត្រី
  បឹង​ទន្លេសាប​
© រក្សាសិទ្ធិដោយ thmeythmey.com