ជាតិ
សម្តេច ហ៊ុន សែន ចេញបញ្ជាឱ្យបញ្ចេញកម្លាំង និងអាវុធ បាញ់ទម្លាក់ Drone ដែលចូលទឹកដីកម្ពុជា
27, Jun 2023 , 11:58 am        
រូបភាព
 ក្នុងសារជាសំឡេងនៅថ្ងៃទី២៧ ខែមិថុនា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឱ្យសម្តេច ទៀ បាញ់ លោក វង្ស ពិសេន និងលោក ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព និងអាវុធទំនើបៗ ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ជាពិសេសនៅភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ជាប់ព្រំប្រទល់​វៀតណាម។



សម្តេចបាន​ចេញបទបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និងមេបញ្ជាការអង្គរក្ស គឺកើតឡើងបន្ទាប់ពីមាន​សភាពវាយ​ប្រហារបែបភេរវកម្មនៅ​លើទឹកដីវៀតណាម កាលពីពីរសប្តាហ៍កន្លងមក។ សម្តេចបានអះអាងថា កម្ពុជាបានសហការជាមួយភាគីវៀតណាម លើការទប់ស្កាត់​ការបាក់ទ័ព​រត់ឆ្លងកាត់ចូលមកទឹកដីកម្ពុជា។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺ Drone ជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុង​តំបន់នៃខេត្ត​រតនគិរី ខណៈភាគីវៀតណាម បាន​បដិសេធថា មិនមែនជា Drone របស់ខ្លួនឡើយ។

«ការវាយ​តម្លៃជាបន្តបន្ទាប់​រហូត​មក​ដល់ថ្ងៃនេះ ខ្ញុំប៉ាន់ស្មានថា Drone ចំនួន​ដ៏ច្រើននេះ គឺជា Drone របស់ពួក​បច្ចាមិត្រ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ប្រហារនៅលើទឹកដីវៀតណាម ហើយមាន​សញ្ញាថា មួយចំនួន​កំពុង​បាក់ទ័ព​រត់ចូលមក​កម្ពុជា»។ នេះជាការបញ្ជាក់របស់​សម្តេច ហ៊ុន សែន ដោយ​ចេញបញ្ជាឱ្យមានការបញ្ចេញអាវុធទំនើប​បាញ់ទម្លាក់រាល់ Drone ដែលហោះចូល​កម្ពុជា។

ក្នុងបទបញ្ជាបន្ថែម សម្តេចបានឱ្យលោក ហ៊ីង ប៊ុន​ហៀង បញ្ចេញកម្លាំង​៥០០នាក់ និងអាវុធតិចបំផុត២០០​ដើម ដោយគ្មាន​ការអត់ឱន និងលើកលែងអ្នកដែល​បំពានអធិបតេយ្យ​កម្ពុជានោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com