ជាតិ
សម្តេច ហ៊ុន សែន ឱ្យអនុវត្ត «៣កុំ ១រាយការណ៍» ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនទាន់ពេល
27, Jun 2023 , 2:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីខែមករា ឆ្នាំ២០២០ និងទិដ្ឋភាពអាជ្ញាធរកម្ពុជា ដុតកម្ទេចគ្រឿងញៀន កាលពីខែកក្កដា ឆ្នាំ២០២១។ រូប AFP
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីខែមករា ឆ្នាំ២០២០ និងទិដ្ឋភាពអាជ្ញាធរកម្ពុជា ដុតកម្ទេចគ្រឿងញៀន កាលពីខែកក្កដា ឆ្នាំ២០២១។ រូប AFP
ដោយ:
សម្ដេច ហ៊ុន សែន បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់កូនចៅ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្នុងសារលិខិតនាឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា សម្តេចបានលើកឡើងពីការអនុវត្ត «៣កុំ ១រាយការណ៍» ដើម្បីមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព។

 
«ចង់ឱ្យមានសុខដុមនីយកម្មសហគមន៍ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសហគមន៍ ត្រូវមានកិច្ចសហការគាំទ្រ ជួយគ្នាទៅវិញទៅមក លុបបំបាត់ការរើសអើង និងមាក់ងាយ ជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន រួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
 
ដើម្បីឈានទៅរកវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្តេច ហ៊ុន សែន បានលើកឡើងពីទិសស្លោក «៣កុំ ១រាយការណ៍»។ កុំទី១ កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ ចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំទី២ កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភ័ក្តក៏ដោយ។ កុំទី៣ កុំលើកលែង មានន័យកុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។
 
ក្នុងសារលិខិតដដែល សម្ដេចនាយករដ្ឋមន្ត្រី បន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្កើនសកម្មភាពធ្វើវេទិកាសាធារណៈ និងខិតខំផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ជុំវិញពីផលប៉ះពាល់នៃឥទ្ធិពលគ្រឿងញៀន។ បន្ថែមពីនេះ សម្តេចឱ្យបន្តចូលរួមអប់រំ និងលើកទឹកចិត្តអ្នកញៀនគ្រឿងញៀនឱ្យបញ្ឈប់ការប្រើប្រាស់ និងជំរុញឱ្យពួកគេទៅព្យាបាល និងស្ដារនីតិសម្បទាឱ្យបានទាន់ពេលវេលា។
 
សម្ដេច បានបន្ថែមថា អាជ្ញាធររាជធានីខេត្តទាំងអស់ ត្រូវពង្រឹងសកម្មភាពអនុវត្តច្បាប់ និងសម្របសម្រួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងដែនដីរបស់ខ្លួន ត្រូវយកចិត្តទុកដាក់ឱ្យបានជាប់ខ្ជាប់ខ្ជួន ពិសេសេនៅតាមក្លិបកម្សាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សណ្ឋាគារ និងរោងចក្រផលិតដែលផលិតនិងនាំចេញ រក្សាទុកនិងប្រើប្រាស់សារធាតុគីមីផ្សំ ដើម្បីកាត់បន្ថយបទល្មើស និងឈានទៅបង្រួមនិងកាត់ផ្ដច់ខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងញៀន។
 
សូមជម្រាបថា កាលពីឆ្នាំ២០២២ បទល្មើសគ្រឿងញៀនបង្ក្រាបបាន ៦៣៩០ករណី កើនឡើង ១,៣ភាគរយ ធៀបនឹងឆ្នាំ២០២១។ គ្រឿងញៀនគ្រប់ប្រភេទជិត ១៥តោន និងសារធាតុផ្សំជាង ៥០៤តោន កើនប្រមាណ ៤៩៤,១៨ភាគរយ ដែលរឹបអូស និងបានដុតកម្ទេចចោលនៅថ្ងៃប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជនសង្ស័យ ១៥០០២នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ៕
 
 

Tag:
 គ្រឿងញៀន
  ៣កុំ១រាយការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com