ជាតិ
សង្គមជាតិ
គ្រឿងញៀន និងសារធាតុផ្សំជាង៥,៧តោន នឹងត្រូវដុតចោល
27, Jun 2023 , 7:59 pm        
រូបភាព
គ្រឿងញៀនដែលអាជ្ញាធររៀបចំដុតចោលកន្លងមក (រូបពីហ្វេសប៊ុក៖ Anti-Drug Department)
គ្រឿងញៀនដែលអាជ្ញាធររៀបចំដុតចោលកន្លងមក (រូបពីហ្វេសប៊ុក៖ Anti-Drug Department)
ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងពិធីនេះ នឹងមានការដុតបំផ្លាញសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលអាជ្ញាធរកម្ពុជា ចាប់បានកន្លងមកផងដែរ។ 

 
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗថា សារធាតុញៀន និងសារធាតុគីមីផ្សំសរុបប្រមាណ៥៧៧០គីឡូក្រាម នឹងត្រូវដុតកម្ទេចចោល។ លោក បន្តថា សារធាតុញៀន និងសារធាតុគីមីផ្សំទាំងនោះ ត្រូវបានអាជ្ញាធរ ចាប់បានក្នុងរយៈពេលកន្លះឆ្នាំនៃឆ្នាំ២០២៣នេះ និងមួយចំនួនទៀត ត្រូវបានចាប់ក្នុងឆ្នាំ២០២២។
 
ថ្ងៃទី២៦ ខែមីថុនា ឆ្នាំ២០២៣ គឺជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ តាមរយៈសារលិខិតជូនជនរួមជាតិ ក្នុងទិវានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញតួលេខថា ក្នុងឆ្នាំ២០២២កន្លងទៅ គ្រឿងញៀនជិត៥តោន និងសារធាតុគីមីផ្សំដល់ទៅជាង៥០០តោន ត្រូវអាជ្ញាធរចាប់បាន និងដុតបំផ្លាញចោល។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យអាជ្ញាធរ បន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាលឲ្យជាប់ជាប្រចាំនៅតាមគោលដៅ ដែលងាយកើតមានបទល្មើសគ្រឿងញៀន ដូចជា ក្លិបកម្សាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សណ្ឋាគារ រោងចក្រ ដែលនាំចេញ-នាំចូលសារធាតុគីមីផ្សំ ជាដើម ដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន និងឈានទៅកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់គ្រឿងញៀន៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com