ជាតិ
ក្រុមនិស្សិតប្លាស្ទិក ចង់ឃើញការរើសសំរាមនៅទីសាធារណៈ ជាសកម្មភាពធម្មតា​របស់មនុស្សគ្រប់រូប
27, Jun 2023 , 3:39 pm        
រូបភាព
ដោយ៖ គិត បុប្ផា 

ភ្នំពេញ៖ យុវជន ហែម សុភេម ដែលជាប្រធានក្រុមនិស្សិតប្លាស្ទិក បានធ្វើយុទ្ធនាការ រើសសំរាមតាមប្រឡាយលូទឹកស្អុយ តាមដងទន្លេ និងទីសាធារណៈក្នុងរាជធានីភ្នំពេញ។ ឆ្លងកាត់ការធ្វើបេសកកម្មអស់រយៈពេលជាង១ឆ្នាំនេះ យុវជនវ័យ២២ឆ្នាំរូបនេះ យល់ថាសំរាមនៅទីសាធារណៈ ហាក់មានការកើនក៏ព្រោះតែការយល់ដឹង និងភាពខ្មាសអៀន របស់ពលរដ្ឋលើសកម្មភាពរើសសំរាម។ ក្រុមនិស្សិតប្លាស្ទិក ចង់ឃើញការរើសសំរាមនៅទីសាធារណៈក្លាយជារឿងពេញនិយមក្នុងសង្គម និងសម្រាប់មនុស្សគ្រប់គ្នា។

 
យុវជន ហែម សុភេម បានចាប់ផ្ដើមរើសសំរាមប្លាស្ទិក នៅតាមបរិវេណសកលវិទ្យាល័យដែលខ្លួនរៀន​ ម្នាក់ឯង នៅក្នុងឆ្នាំ២០២២។ ដោយមើលឃើញ ពីកំណើនសំរាមតាមដងផ្លូវសាធារណៈកាន់តែច្រើន យុវជនរូប​នេះ ក៏បានបង្កើតក្រុមនិស្សិតប្លាស្ទិកឡើង ដើម្បីចាប់ផ្ដើមបេសកកម្មលុបបំបាត់សំរាមចោលតាមទីសាធារណៈ។ 
 



យុវជន ហែម សុភេម  បានរៀបរាប់ដូច្នៈ «កាលខ្ញុំចាប់ផ្ដើមដំបូងមានការសើចចំអកពីសំណាក់មនុស្សជុំវិញខ្លួនមួយចំនួន ថាជោរម្លេះ ឡូយម្លេះ ធ្វើយកមុខមែន? ដំបូងខ្ញុំហាក់ដូចជាបាក់ទឹកចិត្ត ប៉ុន្តែដោយការចង់មានទីក្រុងស្អាត ចង់មានប្រភពទឹកស្អាត ថែមទាំងមាននិស្សិតផ្សេងទៀតចូលរួមជាហូរហែ ធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើរឿងនេះកាន់តែខ្លាំង រហូតបង្កើតបានជាក្រុម Nisset Plastic»។ 
 
និស្សិតឆ្នាំទី៣រូបនេះតែងតែដឹកនាំក្រុមទៅសម្អាតប្លាស្ទិកនៅតាមទីសាធារណៈចន្លោះ៤-៨ដង ក្នុង១ខែ។ តំបន់ដែលក្រុមនេះ ធ្លាប់បានសម្អាតមានដូចជា ស្ទឹងមានជ័យ លូទឹកស្អុយ ប្រឡាយ មាត់ទន្លេ និងតំបន់ជាច្រើនទៀត។ កន្លែងខ្លះក្រុមនិស្សិតប្លាស្ទិក បានទៅសម្អាតច្រើនជាងពីរដង ព្រោះ តំបន់មួយចំនួន ចាប់ផ្តើមមានប្លាស្ទិកវិញ ហើយតំបន់ខ្លះមានសំរាមលើសពេលទៅសម្អាតរួចទៀត។ ក្រុមនិស្សិតប្លាស្ទិក ត្រូវបានបែងចែកជាពីរក្រុមគឺក្រុមតូច មានសមាជិក ចំនួន៦​-៧ នាក់ សម្អាតតាមប្រឡាយលូទឹកស្អុយ។ រីឯក្រុមធំ មានសមាជិកពី​៣០-៥០ នាក់ អាស្រ័យលើចំនួននិស្សិតស្ម័គ្រចិត្តចូលរួម សម្អាតតាមមាត់ទន្លេ ទីធ្លាសាធារណៈធំៗ ជាដើម។ 
 
ចំណាយពេលវេលា និងថវិកា ដើម្បីប្រទេសជាតិស្អាត 
ទំនេរពីការសិក្សា ក្រុមនិស្សិតប្លាស្ទិក បានលះបង់ពេលវេលា និងថវិកា លើសកម្មភាពដើររើសសំរាមតាមប្រឡាយលូ និងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។ យុវជន សុភេម បានឱ្យដឹងថា ដំបូងឡើយក្រុមគេ ត្រូវចំណាយថវិកាផ្ទាល់ខ្លួន  លើសម្ភារៈដូចជា ស្រោមដៃ និងថង់ប្លាស្ទិកសម្រាប់ខ្ចប់សំរាម។ ប៉ុន្តែក្រោយមកក្រុមលោក ក៏ទទួលបានការឧបត្ថម្ភខ្លះៗ ពីសប្បុរសជនតាមបណ្តាញសង្គមហ្វេសប៊ុក។
 
បើតាមយុវជនរូបនេះ ទោះបីជាសកម្មភាពសង្គមនេះ មានការគាំទ្រច្រើនពីមហាជន ប៉ុន្តែក៏មានមនុស្សមួយចំនួនហាក់មិនសូវពេញចិត្ត និងខ្លះបានបំបាក់ទឹកចិត្តពួកគេតាមរយៈពាក្យសម្ដីទៀតផង។ 
 
និស្សិតសិក្សានៅវិទ្យាស្ថានភាសាបរទេសរូបនេះបញ្ជាក់ថា៖ «មនុស្សជាច្រើនគាំទ្របេសកម្មរបស់យើង ប៉ុន្តែមិនមែនទាំងអស់នោះទេ។ មនុស្សមួយចំនួនបានគិតថាការធ្វើរឿងនេះគឺគ្មានប្រយោជន៍ សូម្បីតែមនុស្សជុំវិញខ្លួនខ្ញុំ ពួកគេបានសើចចំអកខ្ញុំ ដូចជានិយាយថា ទៅសម្អាតបន្ទប់អ្នកឲ្យស្អាតសិនទៅ ប៉ុន្តែ ខ្ញុំមិនដែលស្តាប់ពួកគេទេ»។ 
 
ទោះបីរងសម្ពាធពាក្យសម្ដីយ៉ាងណាក៏ដោយ យុវជនរូបនេះ បានអះអាងថា ខ្លួនមិនបញ្ឈប់បេសកកម្មរបស់ខ្លួនឡើយ ដោយរូបគេនៅតែបន្តសកម្មភាពនេះរហូតដល់គោលដៅ។ លើសពីការរើសសំរាម ក្រុមនិស្សិតប្លាស្ទិក  តែងតែផ្សព្វផ្សាយពីសកម្មភាពសម្អាតនៅតាមតំបន់នានាជារឿយៗ តាមហ្វេសប៊ុកផេករបស់ក្រុមលោក(និស្សិតប្លាស្ទិច Nisset Plastic)។ ការផ្សព្វផ្សាយនេះ គឺក្នុងទិសដៅ ចង់បង្ហាញបេសកកម្ម ទៅកាន់មហាជន ព្រមទាំងចង់ធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ។ ជាពិសេស ចង់ឱ្យក្រុមយុវជនមួយចំនួននៅតាមបណ្តាខេត្ត ចាប់ផ្ដើមធ្វើសកម្មភាពប្រមូលប្លាស្ទិកនៅតាមភូមិឃុំដែលពួកគាត់រស់នៅដែរ។ លើសពីនេះ យុវជនរូប ក៏​ចង់ឱ្យសកម្មភាពនៃការរើសសំរាម សម្អាតបរិស្ថាន ជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នាដែរ។ 
 
យុវជន សុភេម រៀបរាប់ថា៖  «ខ្ញុំធ្វើរឿងនេះគឺពុំមានរយៈពេលកំណត់ឈប់ធ្វើទេ ខ្ញុំចង់ដឹកនាំក្រុមធ្វើរឿងនេះរហូតតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះការធ្វើនេះគឺធ្វើនៅពេលទំនេរពីការសិក្សាចុងសប្តាហ៍ប៉ុណ្ណោះ។ ខ្ញុំចង់ឲ្យការរើសប្លាស្ទិកនៅតាមទីសាធារណៈក្លាយជារឿងធម្មតារបស់មនុស្សគ្រប់គ្នា ព្រោះនៅពេលបច្ចុប្បន្នតែងតែមានមនុស្សភាគតិចចំអកឡកឡឺយនៅពេលដែលមានអ្នកដើរប្រមូលប្លាស្ទិកនៅតាមទីសាធារណៈ»។
 
ជាមួយគ្នានេះ យុវជន សុភេម ក៏ចង់ឃើញ ពលរដ្ឋ និងនិស្សិតកាន់តែច្រើន ស័្មគ្រចិត្តចូលរួមជាមួយ Nisset Plastic ដើម្បីសម្អាតបរិស្ថាននៅក្នុងទីក្រុង ក៏ដូចជាផ្លាស់ប្តូរទម្លាប់អាក្រក់នៃការចោលសំរាមរបស់ពលរដ្ឋមួយចំនួនផងដែរ។ ប្រសិនបើសិស្សនិស្សិតចង់ចូលរួមជាមួយក្រុមនិស្សិតប្លាស្ទិក  អាចផ្ញើសារ ទៅកាន់ ហ្វេសប៊ុកផេក( Nisset Plastic)៕ 
 

Tag:
 យុវជនប្លាស្ទិក
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com