កីឡាជាតិ
ជាតិ
លោក អាំង សិរីពិសិដ្ឋ៖ ការប្រកួតបាល់ទះ JBM Cup នៅម៉ាឡេស៊ីលម្អៀង មិនស្តង់ដារ
27, Jun 2023 , 4:59 pm        
រូបភាព
ការប្រកួតបាល់ទះរវាងក្រុម វិសាខា (ខៀវ) និងក្រុម MBSA (បៃតង)។ រូបពី ក្លិបបាល់ទះវិសាខា
ការប្រកួតបាល់ទះរវាងក្រុម វិសាខា (ខៀវ) និងក្រុម MBSA (បៃតង)។ រូបពី ក្លិបបាល់ទះវិសាខា
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាបាល់ទះវិសាខា តំណាងកម្ពុជា វាយតម្លៃការកាត់ក្តីរបស់មន្រ្តីអាជ្ញាកណ្តាលក្នុងការប្រកួតកីឡាបាល់ទះពានរង្វាន់ Johor Bahru-Mayor’s Cup 2023 នៅម៉ាឡេស៊ី មិនទាន់មានលក្ខណៈស្តង់ដារយុត្តិធម៌ និងតម្លាភាពត្រឹមត្រូវឡើយ។

 
នៅថ្ងៃទី២៧ ខែមិថុនា នេះលោកអាំង សិរីពិសិដ្ឋ បានផ្តល់បទសម្ភាសតាមសារអេឡិចត្រូនិកដល់សារព័ត៌មានឌីជីថលថ្មីៗ ពាន់ព័ន្ធនឹងការកាត់ក្តីលម្អៀងរបស់មន្រ្តីអាជ្ញាកណ្តាលខ្សែបន្ទាត់របស់ម៉ាឡេស៊ី ដែលមិនឱ្យពិន្ទុមកខាងកម្ពុជា នៅពេលដែលបាល់របស់កីឡាកររបស់វិសាខា មួន និមល វាយចូលទីក្រុម MBSA របស់ម៉ាឡេស៊ី។
 
ការលោតធ្វើរនាំងដោយកីឡាករក្រុមវិសាខា(ខៀវ) រារាំងកាយវាយចេញពីកីឡាករក្រុម MBSA។ រូបពី ក្លិបបាល់ទះវិសាខា

«ចំពោះការប្រកួតនៅ Johor Bahru ខ្ញុំឃើញថាការរៀបចំមិនទាន់មានស្តង់ដារនៅឡើយទេ ពាក់ព័ន្ធនឹងបច្ចេកទេសកាត់សេចក្តីរបស់អាជ្ញាកណ្តាល ជាក់ស្តែងការកាត់សេចក្តីមិនមានលក្ខណៈមួយយុត្តិធម៌តម្លាភាពទៅតាមនិយមន័យ (Fairplay) នៅឡើយ ហើយភាគច្រើនគឺលម្អៀងពិបាកនឹងទទួលយក»។ នេះជាការលើកឡើងរបស់លោក អាំង សិរីពិសិដ្ឋ មុនបន្ថែមថាសម្រាប់កម្ពុជា ក៏បានស្នើឱ្យមន្រ្តីបច្ចេកទេសរៀបចំការប្រកួតពិចារណាឡើងវិញផងដែរលើករណីនេះ។
 
មិនត្រឹមមន្រ្តីសហព័ន្ធបាល់ទះកម្ពុជារូបនេះឡើយ សូម្បីអ្នកទស្សនាតាមការ Live លើផេកហ្វេកប៊ុករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា រវាងកម្ពុជាទល់នឹងក្រុមម៉ាឡេស៊ី MBSA នៅវគ្គដណ្តើមលេខ៣ ក៏មើលឃើញពីការកាត់ក្តីលម្អៀងរបស់អាជ្ញាកណ្តាលម៉ាឡេស៊ីដែរ។ តាមរយៈការខាំមិនអំឡុងពេលប្រកួត អ្នកទស្សនាភាគច្រើន មិនពេញចិត្តការកាត់ក្តីក្នុងការប្រកួតពាន JBM​ Cup ឆ្នាំ២០២៣នេះឡើយ
 
លោកសិរីពិសិដ្ឋ ក៏បានមើលឃើញពីកម្រិតសមត្ថភាពរបស់កីឡាករដែលមកពីក្រុមផ្សេងៗ នៃបណ្តាប្រទេសមួយចំនួនផងដែរ ក្រោយឆ្លងកាត់ការប្រកួតពានរង្វាន់បាល់ទះខាប់នៅម៉ាឡេស៊ីនេះ។ លោកសិរីពិសិដ្ឋ មើលឃើញថាសមត្ថភាពកីឡាករបរទេសទាំងនោះ មានកម្រិតប្រហាក់ប្រហែលកីឡាករកម្ពុជា។ 
«សមត្ថភាពគឺត្រដំត្រសង យើងឃើញថាក្រុម MBSA ដែលមានកីឡាករឥណ្ឌា៤នាក់ ដ្បិតកាយសម្បទាគាត់ខ្ពស់ៗមែនតែលទ្ធភាពការតដៃរបស់យើងធ្វើបានល្អ»។ លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ដូច្នេះ។
 
គួបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះពានរង្វាន់ Johor Bahru-Mayor’s Cup 2023 បានចាប់ផ្តើមពីថ្ងៃទី២១ ដល់ទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី ដោយមានក្រុមចំនួន៧ មកពីបណ្តាប្រទេសចំនួន៥ ក្នុងនោះរួមមាន វិសាខា មកពីកម្ពុជា ក្រុម Sarawak ក្រុម Johor SUKMA (ម៉ាឡេស៊ី) Shah Alam City Council (សិង្ហបុរី) Win Streak និង Way Li (តៃវ៉ាន់) និងSongkla (ថៃ)៕
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com