ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកគាំទ្រនាំគ្នាជូនពរលោក កឹម សុខា ក្នុងថ្ងៃខួបកំណើត
27, Jun 2023 , 5:57 pm        
រូបភាព
លោកយាយម្នាក់ ឱបលោក កឹម សុខា ពេលលោក ទៅចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តមួយ កាលពីឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
លោកយាយម្នាក់ ឱបលោក កឹម សុខា ពេលលោក ទៅចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តមួយ កាលពីឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
អ្នកគាំទ្រ បានប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្ញើសារជូនពរពីចម្ងាយ ទៅកាន់លោកប្រធានរបស់ពួកគេ គឺលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ តាមអំណាចសាលក្រមរបស់តុលាការ។ យ៉ាងណា ការបង្ហោះលើបណ្តាញសង្គម ក្នុងការជូនពរដល់ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ ហាក់មិនសូវមានច្រើនគគ្រឹកគគ្រេងដូចឆ្នាំមុនៗឡើយ។



អ្នកគាំទ្រខ្លះ បង្ហោះរូបលោក កឹម សុខា ហើយភ្ជាប់ជាមួយសារជូនពរ។ អ្នកគាំទ្រខ្លះ បង្ហោះរូបលោក កឹម សុខា ដែលថតជាមួយខ្លួន ហើយភ្ជាប់ជាមួយសារជូនពរ។ អ្នកគាំទ្រខ្លះ ធ្វើផុសស្ទ័រ (Poster) ដោយក្នុងផុសស្ទ័រនោះ មានរូបលោក កឹម សុខា និងសារជូនពរ។ អ្នកគាំទ្រខ្លះ សរសេរលិខិតជូនពរជាលក្ខណៈផ្លូវការតែម្តង។ 
 
កើតក្នុងឆ្នាំ១៩៥៣ និងមានស្រុកកំណើតនៅខេត្តតាកែវ លោក កឹម សុខា ឈានចូលវ័យ៧១ឆ្នាំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ ក្រៅពីសារជូនពរ អ្នកគាំទ្រ ថែមទាំងបង្ហាញសារគោរព និងលើកកម្ពស់លោក កឹម សុខា ទៀតផង។ 
 
លោក មាជ សុវណ្ណារ៉ា៖ ខ្ញុំ ឱនកាយគោរព និងលើកដៃសំពះព្រះពុទ្ធ ព្រះបរមគ្រូជាទីសក្ការៈនៃយើង និងវត្ថុស័ក្តិសិទ្ធិថែរក្សាក្នុងលោក ដោយសូមបួងសួងឲ្យលោកប្រធាន កឹម សុខា មានសុខភាពល្អ ជន្មាយុយឺនយូរ ក្នុងស្មារតីរឹងមាំ ជាមួយឧត្តមគតិជាតិនិយម បន្តជារៀងរហូតលុះអវសានជីវិតរបស់លោក។ 
 
លោក មុត ចន្ថា៖ យើងខ្ញុំ សូមសម្តែងនូវគុណូបការៈយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន ដែលបានធ្វើវិភាគទាន និងលះបង់យ៉ាងធំធេង ជាពិសេសសេរីភាពផ្ទាល់ខ្លួន ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព នីតិរដ្ឋ និងយុត្តិធម៌សង្គម ដោយមិនចាកចោលជាតិមាតុភូមិ និងបន្តរស់នៅជាមួយប្រជាពលរដ្ឋខ្មែរ […]។ 
 
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុវណ្ណ នាង៖ ខ្ញុំបាទ សូមជូនពរដល់លោកប្រធានកឹម សុខា និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល អាយុយឺនយូរ ក្នុងក្រុមគ្រួសារ ដើម្បីជាម្លប់ប្រជាធិបតេយ្យមួយពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋខ្មែរយើង។
 
លិខិតដែលចេញដោយខាសាអតីតគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាម៉េរិក (CNRP-USA)៖ សូមបួងសួង...ឲ្យលោកប្រធាន កឹម សុខា មានកម្លាំងមាំមួន សុខភាពល្អបរិបូរទាំងផ្លូវកាយផ្លូវចិត្ត និងមានសិទ្ធិសេរីភាពពេញលេញឡើងវិញឆាប់ៗ ដើម្បីចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋបន្តទៀត។ 
 
សូមរម្លឹកខ្លីថា កាលពីខែមីនា ឆ្នាំ២០២៣ តុលាការភ្នំពេញ បានប្រកាសសាលក្រមដាក់ទោសលោក កឹម សុខា ឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទលួចគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក មិនអាចចេញក្រៅផ្ទះ និងជួបអ្នកណាផ្សេងក្រៅពីសាច់ញាតិ ដោយគ្មានការអនុញ្ញាតពីតុលាការឡើយ។ លោក បានប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ តែមកដល់ពេលនេះ គេ មិនឮដំណឹងពីការកំណត់ថ្ងៃ សម្រាប់ការបើកសវនាការជំនុំជម្រះនោះទេ៕ 
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com