ជាតិ
​៤ឆ្នាំ! នារីចល័តចរ ឃន លាងអេង ឡើង​ភ្នំខ្នងផ្សារបាន ៣០ដង
27, Jun 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖​ ​កញ្ញា ឃន លាងអេង ឬអ្នកគ្រប់គ្នាហៅនាងថា «នារីចល័តចរ» ដែលតែងចែករំលែកពីការផ្សងព្រេងបែបដើរព្រៃបោះតង់ និង​ពី​តំបន់ទេសចរណ៍មួយចំនួន​ដូចជា​ ភ្នំខ្នងផ្សារ គិរីរម្យ កោះកុង កំពតជាដើម។ ក្នុងរយៈពេល​៤ឆ្នាំ​ កញ្ញា ឃន លាងអេង បានសម្រេចបេសក​កម្មឡើងភ្នំខ្នងផ្សារបាន ៣០ដង លើសការឡើងភ្នំដទៃទៀត។



កញ្ញា ឃន លាងអេង ជាអ្នកចូលចិត្តដើរព្រៃ​និងមានបំណងផ្សព្វផ្សាយតំបន់ទេសចរណ៍នានា ដែលជាទីទាក់ទាញទេសចរ ដូចជា តំបន់ជួរភ្នំក្រវ៉ាញ ភ្នំខ្នងផ្សារ តំបន់ភ្នំឱរ៉ាល់ តំបន់អារ៉ែង ភូមិភាគឦសាន និងតំបន់សមុទ្រផងដែរ។ ដំណើរផ្សងព្រេងបោះតង់ គឺជាក្តីស្រមៃ របស់យុវតីវ័យ២១ឆ្នាំរូបនេះ ដោយបានសម្រេចបំណងក្នុងឆ្នាំ២០១៩។
  
កញ្ញា ឃន លាងអេង ចាប់ផ្ដើមចេះដើរលេងម្នាក់ឯងជាង ៥ឆ្នាំមកហើយ ដោយរាល់ការធ្វើដំណើរម្នាក់ឯងកញ្ញាតែងស្រាវជ្រាវពីទីតាំងដែលខ្លួនចង់ទៅយ៉ាងច្បាស់លាស់ដើម្បីធានាសុវត្ថិភាព។ រូបភាព៖ នារីចល័តចរ

ក្នុងចំណោមបេសកកម្មរបស់ នារីចល័តចរ បទពិសោធឡើងភ្នំដែលកញ្ញាទទួលបានច្រើនជាងគេ គឺការឡើងភ្នំខ្នងផ្សារ មានចំនួន ៣០ដង។ នេះជាចំនួនច្រើនជាងគេ ក្នុងចំណោមការដើរលេងតាមតំបន់ទេសចរណ៍កន្លងមក។ ការឡើងភ្នំខ្នងផ្សារទាំង ៣០ដងគឺមានមួយដង កញ្ញាដើរឡើងភ្នំតែម្នាក់ឯង ក្រៅពីនេះកញ្ញាឡើងភ្នំជាក្រុម និងជាមួយ​ដៃគូរបស់កញ្ញា។
 
នារីចល័តចរ រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ថាការឡើងភ្នំ គឺជារឿងធម្មតា សម្រាប់អ្នកមានបទពិសោធដើរព្រៃច្រើនឆ្នាំ។ ចំពោះ កញ្ញាការដើរព្រៃម្នាក់ឯង និងជាក្រុម គឺខុសគ្នាត្រង់ទៅម្នាក់ឯង ត្រូវស្ពាយអីវ៉ាន់ច្រើន ដោយឡែកការដើរជាក្រុម អាចចែករំលែកសម្ភារៈពេលឡើងភ្នំបាន។ ប៉ុន្តែ ការផ្សងព្រេងម្នាក់ឯង លាងអេង ទទួលបានបទពិសោធថ្មី ចេះដោះស្រាយបញ្ហា ហើយក៏ធ្វើឱ្យយើងរឹងមាំជាងមុន។
 
«កាលខ្ញុំឡើងខ្នងផ្សារលើកទី១​អាចនិយាយបានថានៅថ្មីពេក ធ្វើឱ្យយើងហត់អស់កម្លាំងខ្លាំង។ បើសួរថាខ្ញុំចង់សាកល្បងទៀតឬទេ? ច្បាស់ណាស់ខ្ញុំនៅតែចង់សាកល្បងដដែលៗ រហូតមកដល់ឥឡូវ ហាក់ដូចជាមិនខ្លាចរអាល លើការឡើងខ្នងផ្សារបន្តិចសោះឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្នងផ្សារ បានទាក់ចិត្តរបស់ខ្ញុំ ដោយសារទេសភាព ដែលមិនចេះជិនណាយ»។ កញ្ញា ឃន លាងអេង បញ្ជាក់បែបនេះលាយឡំនឹងសំឡេងសើចបន្តិច។
 

ការឡើងភ្នំខ្នងផ្សាទាំង ៣០ដងគឺមានចំនួនមួយដង ដែលកញ្ញា ដើរឡើងភ្នំតែម្នាក់ឯង ក្រៅពីនេះកញ្ញាឡើងភ្នំជាក្រុម និងដៃគូរបស់កញ្ញា។រូបភាព៖ នារីចល័តចរ

និយាយដល់ការដើរព្រៃលើកដំបូង ហត់ខ្លាំងពិតមែន ប៉ុន្តែនេះមិនមែនជាឧបសគ្គសម្រាប់ លាងអេង ឡើយ។ កញ្ញា បន្តទៀតថា  អំឡុងបោះតង់ក្នុងព្រៃ អ្វីដែលបារម្ភនោះ គឺពេលងូតទឹក ការផ្លាស់សម្លៀកបំពាក់ ​ដែលត្រូវការពេលវេលាផ្ទាល់ខ្លួន។ បើនិយាយពីការធ្វើដំណើរតាមផ្លូវ គឺមិនបារម្ភអ្វីនោះទេ។
 
កញ្ញា បានចំណាយពេលឡើងភ្នំខ្នងផ្សារចំនួន ៤ម៉ោង​ ចំណែកពេលខ្លះលាងអេង ក៏ដាក់បេសកកម្មឡើងភ្នំខ្នង​ផ្សារវិលល្ងាច ការឡើងកំណត់ម៉ោង និងឡើងភ្នំពេលយប់ក៏មាន។ បើទោះបី នេះជាការឡើងភ្នំចំនួន ៣០ដងពិតមែន តែ ឃន លាងអេង នៅតែមានបំណងឡើងខ្នងផ្សាបន្តទៀត។ យុវតីរូបនេះ​ បន្ថែមថា  បើទោះទៅដល់ខ្នងផ្សាក្នុងកាលៈទេសៈណាក៏ដោយ​ តែទេសភាពនៅតែស្រស់គ្រប់ពេល។ នារដូវប្រាំង ស្មៅនៅខ្នងផ្សារប្រែជាពណ៌មាស ចំណែករដូវវស្សា បានប្រែក្លាយជាពណ៌បៃតងខ្ចី អមដោយខ្យល់អាកាសត្រជាក់ៗ។
 
ជាង៤ឆ្នាំមកនេះ កញ្ញា ឃន លាងអេង តែងបង្ហាញភាពអស្ចារ្យនៃតំបន់ទេសចរណ៍ មួយចំនួនដែលធម្មជាតិបង្កើតឡើងយ៉ាងប្រណិត។ បន្ទាប់ពីដើរលេងជាច្រើនកន្លែងកញ្ញា លាងអេង បានបង្កើតទំព័ហ្វេសប៊ុក និងគណនី TikTok មានឈ្មោះ នារីចល័តចរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា៕
 

Tag:
 ThmeyThmey
  ឃន លាងអេង
  ខ្នងផ្សា
© រក្សាសិទ្ធិដោយ thmeythmey.com