ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ អក្សរនៅខ្លោងទ្វារអគារសាលាយុត្តិធម្ម ជាអក្សរជំនាន់ដើម
27, Jun 2023 , 6:29 pm        
រូបភាព
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន​បកស្រាយថា ផ្ទាំងអក្សរនៅ​ខ្លោងទ្វារអគារសាលាយុត្តិធម្ម ជាអក្សរខ្មែរទម្រង់​ដើម ដែលក្រសួង​បាន​សម្រេច​រក្សាភាពដើមលើ​អគារ​ថ្មីនេះ។
 
«សាលាយុត្តិធម្ម» ជំនួស​ឱ្យ​ «សាលាយុត្តិធម៌» រួមទាំង​ផ្ទាំងអក្សរសងខាងពីលើផ្ទាំងសាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សុទ្ធតែ​ត្រូវចារ​ជាសំណេរអក្សរ​ខ្មែរទម្រង់ដើម គឺ «ច្ប័បលោកទុកជនទ័ងឡាយ ជាស្មើគ្នាមនុស្សជាតិ គ្រុពរូបត្រូវបដិបត្តិតាម» និង​«ត្រូវនៅក្នុងឱវាទច្ប័បចូលធ្វើឱយត្រង ជោ្យនៅបន្ទាតត្រងណា ហៅច្បាប់ក័ណ្ហខ្ជាបកុំបីបង»។
 
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌

សំណេរដែលបាន​ចារនៅលើអគារសាលាយុត្តិធម្មថ្មីទាំង​នេះ ត្រូវបានមហាជនមួយចំនួន​រិះគន់តាមបណ្ដាញសង្គមថា សរសេរខុសអក្ខរាវិរុទ្ធ រីឯមួយចំនួន​ទៀត បានយល់ពី​ចេតនា​របស់ថ្នាក់ដឹកនាំក្រសួង​ក្នុង​ការថែរក្សា​អក្សរចារឹកលើខ្លោងទ្វារសាលាវិនិច្ឆ័យ(តុលាការកំពូល) ដែលមានតាំងពី​សម័យព្រះ ស៊ីសុវត្ថិ ហើយសព្វថ្ងៃឃើញមាននៅអគារក្រសួងយុត្តិធម៌ចាស់។ 
 
ជុំវិញករណីនេះ លោក ជិន ម៉ាលីន អះអាងប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លី​ថា អ្នករិះគន់អក្ខរាវិរុទ្ធគឺពុំបានយល់ដឹងពីអក្សរខ្មែរជំនាន់មុន។ 
 
«ការរក្សាទម្រង់អក្សរខ្មែរជំនាន់ដើមនេះ គឺដើម្បីរក្សាមរតកជាប្រវត្តិសាស្រ្តក្នុងវិស័យយុត្តិធម្មរបស់យើង ហើយអ្នកអត់យល់ បែរជារិះគន់ទាំងមិនបានឈ្វេងយល់ទៅវិញ»។ លោក ជិន ម៉ាលីន ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមបែបនេះ៕ 
 

 

Tag:
 សង្គម
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com