ជាតិ
សង្គមជាតិ
ជាង១ម៉ឺន​រៀលក្នុង១គីឡូ! ទុរេនលោក ខៀវ សុខឡេង ​នៅត្បូងឃ្មុំ អ្នកណាក៏មានលទ្ធភាពទិញហូបដែរ
28, Jun 2023 , 6:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ខៀវ សុខឡេង
រូបភាពពីហ្វេសប៊ុកលោក ខៀវ សុខឡេង
បច្ចុប្បន្នទុរេនរបស់កសិករខ្មែរតម្លៃចន្លោះពី១០០០០ទៅ​១៥០០០​រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេនជាង២០ហិកតា ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ យល់ថា តម្លៃទុរេនត្រឹមជាង១ម៉ឺនរៀលនេះ មិនខ្ពស់ពេកនោះឡើយ ហើយអ្នកណាក៏មានលទ្ធភាពអាចទិញហូបនោះដែរ។



«ទុរេនឆ្នាំនេះ ត្រូវប៉ាន់ខ្លាំង មកដល់ឥឡូវ (ចុងរដូវ) ក៏នៅតែត្រូវប៉ាន់»។ លោក សុខឡេង ដែលជាម្ចាស់ចម្ការទុរេន ស្ថិតក្នុងភូមិក្រសាំង ឃុំទឹកជ្រៅ ខេត្តត្បូងឃ្មុំ អះអាងបែបនេះ ដោយបន្តថា ទីផ្សារហក់ឡើងខ្ពស់ លក់បានក្នុងតម្លៃសមរម្យមួយសម្រាប់អតិថិជន ហើយលោក រកទុរេនលក់សឹងមិនគ្រប់ឡើយ។
  
លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ

កសិករវ័យ៥០ប្លាយរូបនេះ លក់ទុរេនក្នុងតម្លៃចន្លោះពី១០០០០ទៅ១៥០០០រៀលក្នុងមួយគីឡូក្រាម អាស្រ័យតាមប្រភេទទុរេន ដូចជាពូជម៉ាន់ថងថ្លៃជាងគេ បន្ទាប់មកទុរេនពូជវី៦ និងពូជដូនតាជាដើម។ លោក សុខឡេង ថាតម្លៃទុរេននៅពេលនេះ មានតម្លៃសមរម្យ មិនខ្ពស់ពេកនោះឡើយ ហើយពលរដ្ឋគ្រប់រូប មិនថាមានឬក្រ សុទ្ធតែមានលទ្ធភាពទិញហូបដូចគ្នា។
 
លោក សុខឡេង លើកឡើងដូច្នេះថា៖«តម្លៃប៉ុណ្ណឹងប្រជាពលរដ្ឋទូទៅអាចហូបបានហើយ មិនថ្លៃទេ។ ពីពី១០០០០ទៅ១៥០០០រៀលក្នុងមួយគីឡូក្រាមហ្នឹងអាចហូបបានទាំងអស់ ហើយទុរេនម៉ាន់ថងសាច់ឆ្ងាញ់ណាស់»។ លោក សុខឡេង អះអាងដូច្នេះបាន ដោយសារអតិថិជនរបស់លោក មានទាំងពលរដ្ឋក្នុងសហគមន៍ ពលរដ្ឋមកពីបណ្ដាខេត្តនានា និងរាជធានីភ្នំពេញផងដែរ។
 
លោក ខៀវ សុខឡេង បញ្ជាក់ទៀតថា តម្លៃទុរេនជាង១ម៉ឺនរៀលនេះ ទាំងអតិថិជនអាចមានលទ្ធភាពហូបបាន ហើយម្ចាស់ចម្ការក៏មិនខាតអ្វីនោះដែរ។ នារដូវទុរេនឆ្នាំ២០២៣នេះ លោក សុខឡេង ប្រមូលផលទុរេនបានជាង១០០តោន ក្នុងចម្ការជាង២ហិកតា ហើយក្រៅពីទុរេន លោក ក៏មានដាំដុះឈើហូបផ្លែមួយចំនួនទៀតដូចជា មង្ឃុត សាវម៉ាវ និងស្វាយាចន្ទីផងដែរ៕
 

Tag:
 ទុរេន
 លោក ខៀវ សុខឡេង
© រក្សាសិទ្ធិដោយ thmeythmey.com