កីឡាជាតិ
ជាតិ
លោក រិទ្ធ ឌីកា៖ កីឡាបាល់ទាត់ ជួយត្រួសត្រាយផ្លូវអនាគតខ្ញុំ
29, Jun 2023 , 7:59 am        
រូបភាព
លោក រិទ្ធ ឌីកា នាយកបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
លោក រិទ្ធ ឌីកា នាយកបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ដោយ:
«ខ្ញុំមានអ្វីគ្រប់យ៉ាងក្នុងការងាររាជការ និងទំនាក់ទំនងទូទៅ ដោយសារកីឡាបាល់ទាត់។ ជារួមបាល់ទាត់ជាផ្លូវត្រួសត្រាយអនាគតខ្ញុំ»។ លោក រិទ្ធ​ ឌីកា នាយកបច្ចេកទេសក្លិបកីឡាបាល់ទាត់ព្រះខ័នស្វាយរៀងរៀបរាប់ដូច្នេះក្នុងបទសម្ភាសផ្ទាសល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

 

លោក រិទ្ធ ឌីកា រៀបរាប់ទាំងចិត្តសប្បាយរីករាយចំពោះអ្វីដែលខ្លួនបានរួមរស់ជាមួយវិស័យកីឡាបាល់ទាត់ដែលផ្តើមឡើងពីដើមដៃនៅឆ្នាំ១៩៩៣ ក្នុងវ័យត្រឹម១៣ឆ្នាំ ដោយលេងក្នុងថ្នាលយុវជននៃក្លិបបាល់ទាត់ ពិភពពាណិជ្ជ ក្រោមការដឹកនាំរបស់លោកគ្រូ មិត្ត សំអែល។ ហេតុផលដែលបណ្តាលឱ្យលោក ឌីកា ស្រឡាញ់កីឡាបាល់ទាត់គឺដោយសារនៅតំបន់លោករស់នៅម្តុំស្តាតអូឡាំពិកពោរពេញដោយគ្រូកីឡាបាល់ទាត់។
 
លោក រិទ្ធ ឌីកា (ឆ្វេង) ក្នុងពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ។

«ឪពុកខ្ញុំជាអតីតជម្រើសជាតិបាល់បោះកម្ពុជា ប៉ុន្តែនៅម្តុំផ្ទះខ្ញុំសម្បូរគ្រូៗបាល់ទាត់ ហើយក្នេងៗក្បែរនោះក៏ចូលចិត្តលេងតែបាល់ទាត់ ទើបខ្ញុំចូលចិត្តលេងបាល់ទាត់»។ លោកឌីកា រៀបរាប់ដូច្នេះ។ ចាប់តាំងពីចេះលេងកីឡាបាល់ទាត់នេះអតីតកីឡាករជម្រើសជាតិកម្ពុជា និងជាម្ចាស់អាវលេខ៨ លេងតួនាទីបម្រើកណ្តាល បញ្ជាក់ថា កីឡាករដែលជានិមិត្តរូបរបស់ខ្លួនគឺកីឡាករបារាំង Zinedine Zidane។
 
ជាមួយដំណើរលើវិស័យកីឡាបាល់ទាត់អស់រយៈពេលជាយូរទាំងក្នុងលីគក៏ដូចជាកីឡាករជម្រើសជាតិ ពីឆ្នាំ១៩៩៧ មកលោក រិទ្ធ ឌីកា បានបញ្ចប់អាជីពជាកីឡាករជម្រើសជាតិនៅឆ្នាំ២០០៤ និងកីឡាករលេងក្នុងលីគនៅឆ្នាំ២០០៧។ ទោះបីបញ្ចប់ភាពជាកីឡាករពិតមែនតែនិស្ស័យក្នុងវិស័យបាល់ទាត់មិនឃ្លាតឆ្ងាយពីរង្វង់ចិត្តរបស់លោកឡើយដោយលោកបានក្លាយជាគ្រូបង្វឹកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយ នៅឆ្នាំ២០០៩ ដល់ឆ្នាំ២០១១។ 
 
នៅឆ្នាំ២០១១ ដដែលនោះដែរលោក ឌីកា ក៏បានជាប់ជាគ្រូដឹកនាំក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំ ហើយបានដឹកនាំចេញទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ា ដំបូងគេក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ លោក រិទ្ធ ឌីកា បានបញ្ចប់តំណែងជាគ្រូបង្វឹកនៅឆ្នាំ២០១៥ បន្ទាប់ពីបញ្ចប់បេសកម្មការប្រកួតពានរង្វាន់បាល់ទាត់យុវជន AFF-U19 នៅប្រទេសឡាវ។ ដ្បិតក្នុងការដឹកនាំរបស់លោកមិនសូវកាក់កបតែក្តីស្រឡាញ់កីឡាបាល់ទាត់គឺមិនបោះបង់ឡើយ។ បច្ចុប្បន្នអតីតសមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តភារកិច្ចជានាយកបច្ចេកទេសនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។
 
អតីតខ្សែបម្រើកណ្តាលព្រះខ័នរាជស្វាយរៀង លើកឡើងអំឡុងដឹកនាំក្រុមយុវជនកម្ពុជាទទួលបានបរាជ័យជារឿយៗថា៖«ទាំងគ្រូ ទាំងក្រុម និងថ្នាក់ដឹកនាំ ទាំងទស្សនិកជនតែងតែចង់បានឈ្នះ នូវពេលដែលចាញ់ម្តងៗគឺអស់ហើយចង់ឈប់ ចង់សម្រាកពីតួនាទី។ ប៉ុន្តែបាល់ទាត់ខ្ញុំអាចសម្រាកនឹងការងារបាន តែការស្រឡាញ់ ការគាំទ្រ និងការយកចិត្តទុកដាក់ខ្ញុំនៅតែគាំទ្ររហូត ហើយសង្ឃឹមថាគ្មានថ្ងៃឈប់ទេ»។
 
 លោក ឌីកា សារភាពថាកីឡាបាល់ទាត់បានជួយត្រួសត្រាយផ្លូវសម្រាប់អនាគតរបស់ខ្លួន ហើយគ្រប់យ៉ាងដែលទទួលបានសព្វថ្ងៃ ទាំងការងារ ស្ទើទាំងអស់គឺតាមរយៈកីឡាបាល់ទាត់៕
 

Tag:
 កីឡាបាល់ទាត់
 រិទ្ធ ឌីកា
© រក្សាសិទ្ធិដោយ thmeythmey.com