ជាតិ
អ្នកនាំពាក្យ​ធម្មការ៖ មុនជ្រើស​រើស​ជាងសាងសង់ ត្រូវតែ​ច្បាស់ថាជាងនោះមានជំនាញច្បាស់លាស់
28, Jun 2023 , 5:02 pm        
រូបភាព
រដ្ឋបាលខេត្តពោធិ៍សាត់ចេញសេចក្ដីបំភ្លឺថា ជាងដែលសាងសង់ព្រះពុទ្ធបដិមាផ្ចាញ់មារ មិនមានជំនាញច្បាស់លាស់។ រូបថតរដ្ឋបាលខេត្ត
រដ្ឋបាលខេត្តពោធិ៍សាត់ចេញសេចក្ដីបំភ្លឺថា ជាងដែលសាងសង់ព្រះពុទ្ធបដិមាផ្ចាញ់មារ មិនមានជំនាញច្បាស់លាស់។ រូបថតរដ្ឋបាលខេត្ត
រដ្ឋ​បាល​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​សេចក្ដី​បំភ្លឺ​​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មិថុនា ឆ្នាំ​២០២៣ថា ព្រះ​ពុទ្ធ​រូប​​ផ្ចាញ់​មា​១​ព្រះ​អង្គ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​វាល  ភូមិ​ផ្សារ​លើ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ពិត​ជា​មាន​លក្ខណៈ​មិន​ស្អាត​​ល្អ​មែន​​។ ទាក់ទង​នឹងការបែបនេះ លោក សេង សុមុនី អ្នកនាំពាក្យ​ក្រសួងធម្មការ និង​សាសនា ស្នើឱ្យ​គណៈកម្មការវត្ត ជាពិសេស​ព្រះចៅអធិការ ត្រូវ​ដឹង​ឱ្យ​​ច្បាស់ពីជំនាញ​ និង​បទពិសោធ​របស់​ជាង​សាងសង់។

 
ក្នុ​ងសេចក្តី​បំភ្លឺ​របស់​ខ្លួន រដ្ឋ​បាល​ខេត្ត​ពោធិ៍​សាត់​បន្ថែម​ថា​ តាម​រយៈ​ការ​ចុះ​ពិនិត្យ​ស្រាវ​ជ្រាវ​ និង​វាយ​តម្លៃ​របស់​មន្ទីរ​ធម្មការ និង​សាសនាខេត្ត​ ព្រះ​ពុទ្ធរូប​ផ្ចាញ់​មា​១ ព្រះ​អង្គ​នោះ ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ឆ្នាំ​២០០៩មក​ម្ល៉េះ​ ក្រោម​ការ​ផ្ដួច​ផ្ដើម​របស់​ព្រះ​ចៅ​អធិការវត្ត​វាល ព្រះនាម ជុំ សារឿន ស្ថិត​នៅ​ភូមិ​ផ្សារ​លើ​ សង្កាត់​លលកស ក្រុង​ពោធិ៍​សាត់​។
 
យោងតាមព្រះចៅអធិការវត្តវាល ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះបានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំត្រឹមត្រូវតាមក្បួនខ្នាត ដែលមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង បើមើលចំពីមុខព្រះភក្តព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។
 
រដ្ឋ​បាល​ខេត្ត​ពោធិ៍​សាត់​ នឹង​ណែនាំ​​ដល់​មន្ទីរ​ជំនាញ សហការ​ជាមួយ​អ្នក​បច្ចេក​ទេស និង​ព្រះ​ចៅ​អធិការ​វត្ត​​ ដើម្បី​បន្ត​ពិនិត្យ​ និង​វាយ​តម្លៃ​​ឱ្យ​បាន​ល្អិត​ល្អន់​ នូវ​ចំណុច​ខ្វះ​ខាត ឆ្គាំ​ឆ្គង​ណា​ដែល​គួរ​​កែ​លម្អ​ឱ្យ​បាន​សម​រម្យ​។
 
លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បាន​​ណែនាំ​ដល់​​ជាង​ទាំង​អស់​នៅ​ទូទាំង​ប្រទេស  ថា​ប្រសិន​មិន​​ទាន់​មាន​ចំណេះ​ដឹង​ច្បាស់​លាស់​ លើ​ខ្នាត​ឬ​ទម្រង់​នៃ​រូប​ព្រះ​ពុទ្ធ​បដិមា​ ត្រូវ​តែ​សិក្សា​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ ​មុន​ពេល​​សាង​សង់​​។ 
 
អ្នក​នាំ​ពាក្យ​រូបនេះ​ ក៏​បាន​សំណូម​ពរ​​ដល់ ​ព្រះ​ចៅ​អធិការ​វត្ត​ទាំង​អស់​ផង​ដែរ ថា​ប្រសិន​​ព្រះ​អង្គ​ចង់​កសាង​ព្រះ​ពុទ្ធ​រូ​ប​ សម្រាប់​តម្កល់​ទុក​ក្នុង​វត្ត​ សូម​ព្រះ​អង្គ​សិក្សា​ពី​​ខ្នាត​​ព្រះ​ពុទ្ធ​បដិមា​ឱ្យ​បាន​ច្បាស់​ មុន​ឱ្យ​ជាង​សាង​សង់​។
 
លោក សេង សុមុនី​ ពន្យល់​បន្ថែម​៖«សំណង់​​ដែល​បាន​កសាង​ហើយ ពាក់​ព័ន្ធ​នឹង​វប្បធម៌​ និង​ជា​មរតក​​របស់​ជាតិ​ ដូច្នេះ​មុន​នឹង​សាង​សង់​ ជាង​ត្រូវ​តែ​សិ​ក្សា​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​។ នៅ​សាលា​ភូមិ​ន្ទ​វិចិត្រ​សិល្បៈ​ គេ​បាន​បង្រៀនពី​​ខ្នាត​​រូប​ដំណាក​​ផ្សេង​ៗ តាម​ក្បូន​ខ្នា​ត​ច្បាស់​លាស់​ណាស់​ ដូច្នេះ​ជាង​ទាំង​ឡាយ​ត្រូវ​​ស្រាវ​ជ្រាវ​ក្បួន​ខ្នា​ត​ទាំង​នោះ ​ឱ្យ​បាន​ច្បាស់​លាស់​។ ព្រះ​សង្ឃ​ក៏​ដូច​គ្នា​ សូម​​​ព្រះ​សង្ឃ​មុន​ជ្រើស​រើស​ជាង​ឱ្យ​សាង​សង់​ ត្រូវ​ច្បាស់​ថា​​ជាង​ទាំង​​នោះ ​មាន​ជំនាញ​ច្បាស់​លាស់​»។ 
 
យ៉ាង​ណា​ក៏​ដោយ​ លោក សេង សុមុនី បាន​លើក​ឡើង​ថា​ កន្លង​មក​ការ​សាង​សង់​រូប​ព្រះ​ពុទ្ធ​បដិមា​ នៅ​ទូទាំង​ប្រទេស​ បាន​​ស្អាត​ល្អច្រើន ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​ដែរ ថា​នៅ​តែ​មាន​ការ​ឆក​ល្វែង​មួយ​ចំនួន​តូច​។ លោក​ស្នើ​ដល់​សាធារណជន​ ក៏​ដូច​ជា​អ្នក​សារព័ត៌​មាន​ ព្យាយាម​ផ្សព្វ​ផ្សាយ​ពី​ចំណុច​ល្អ​ ឱ្យ​បាន​ច្រើន​។ ចំពោះ​ចំណុច​មិន​ល្អ​វិញ លោក​សំណូម​ពរ​​​ឱ្យ​សាធារណជន​ ផ្ដល់​មតិរិះគន់​បែប​ស្ថាបនា​​។
 
សូម​បញ្ជាក់​ថា ព្រះ​ពុទ្ធបដិមា ដែ​ល​រក​ការ​រិះគន់​ ស្ថិត​ក្នុង​ខេត្ត​ពោធិ៍​សាត់​នោះ​ កើត​ចេញ​ជា​រូ​ប​រាង​ឡើង ដោយ​កម្លាំង​សាមគ្គី​របស់​សប្បុរស​ជន​ខ្មែរ​ ដែល​មាន​សទ្ធាជ្រះ​ថ្លា​ ក្នុង​វិស័យ​ព្រះ​ពុទ្ធសាសនា​។ ព្រះ​ពុទ្ធ​បដិមា​នោះ មាន​កម្ពស់​២៩​ម៉ែត្រ​ ព្រះ​ភ្នែន​២១​ម៉ែត្រ​៕
 
 
 

Tag:
 វប្បធម៌​
  សំណង់​
  ចម្លាក់​
  ព្រះ​ពុទ្ធ​បដិមា​
  ព្រះ​ពុទ្ធ​រូប​
 
© រក្សាសិទ្ធិដោយ thmeythmey.com