កីឡាជាតិ
ជាតិ
ចំបាប់៖ កម្ពុជាឈ្នះមេដាយ៣ ពីការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅថៃ
29, Jun 2023 , 10:36 am        
រូបភាព
កីឡាការិនីចំបាប់កម្ពុជា នក់ ស៊ីណាន់ ទទួលមេដាយប្រាក់។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា
កីឡាការិនីចំបាប់កម្ពុជា នក់ ស៊ីណាន់ ទទួលមេដាយប្រាក់។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា
ដោយ:
គិតត្រឹមថ្ងៃទី២៨ ខែមិថុនា កីឡាករ-ការិនីចំបាប់កម្ពុជា ដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១ ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៧ឆ្នាំ និង២០ឆ្នាំ នៅខេត្ត Phetbun ប្រទេសថៃ។

 
កីឡាករ ស៊ីម  ប្រសើ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាចំបាប់សេរី ក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាម  កីឡាការិនី នក់ ស៊ីណាន់ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាចំបាប់នារី ក្នុងប្រភេទទម្ងន់ ៥៣គីឡូក្រាម និងកីឡាការិនី ស៊ីម សុធឺន  ឈ្នះមេដាយសំរឹទ្ធ១ លើវិញ្ញាសាចំបាប់នារី ក្នុងប្រភេទទម្ងន់ ៥៣គីឡូក្រាម។ 
 


សម្រាប់ការប្រកួតបន្ទាប់របស់អត្តពលិកអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិថុនា ដោយមានកីឡាករ អុល សៅហេង ប្រកួតលើវិញ្ញាសា ចំបាប់សេរី ក្នុងប្រភេទទម្ងន់ ៧៤គីឡូក្រាម កីឡាការិនី ស៊ីម គាថា ប្រកួតលើវិញ្ញាសា ចំបាប់នារី ក្នុងប្រភេទទម្ងន់ ៥០គីឡូក្រាម កីឡាការិនី សម្បត្តិ វណ្ណៈ លេងលើវិញ្ញាសាចំបាប់នារី ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន លេងលើវិញ្ញាសាចំបាប់នារី ក្នុងប្រភេទទម្ងន់ ៦២គីឡូក្រាម។
 
គួបញ្ជាក់ថា កម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនី ១១រូបក្នុងគ្រូបង្វឹក១ គ្រូជំនួយ១ កីឡាករ២ និងកីឡាការិនី៩រូប ទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៧ឆ្នាំ និង២០ឆ្នាំ នៅសាកលវិទ្យាល័យ Thailand Nation Sport University ក្នុងខេត្ត Phetbun ប្រទេសថៃ ដែលមានអត្តពលិកចូលរួមសរុបប្រមាណ ៣០០នាក់។ ការប្រកួតធ្វើឡើងពីថ្ងៃទី២២ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 កីឡាចំបាប់
 TNS
© រក្សាសិទ្ធិដោយ thmeythmey.com