កីឡាជាតិ
ជាតិ
អបអរ! កម្ពុជា ប្រមូលបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១ ពីជើងឯកយុវជននៅថៃ
29, Jun 2023 , 4:49 pm        
រូបភាព
កីឡាករ អុល សៅហេង ទទួលមេដាយមាស។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា
កីឡាករ អុល សៅហេង ទទួលមេដាយមាស។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា
ដោយ:
អបអរសាទរ! អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសរុប៧ ក្នុងនោះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១ ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៧ឆ្នាំ និង២០ឆ្នាំ បន្ទាប់ពីបញ្ចប់ការប្រកួតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្ត Phetbun ប្រទេសថៃ។

 
យុវជនអាយុក្រោម២០ឆ្នាំ កីឡាករ អុល សៅហេង ឈ្នះមេដាយមាស១ លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៧៩គីឡូក្រាម កីឡាការិនី ស៊ីម គាថា ឈ្នះមេដាយមាស១ លើវិញ្ញាសាចំបាប់នារី ទម្ងន់ ៥០គីឡូក្រាម កីឡាការិនី សម្បត្តិ វណ្ណៈ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាចំបាប់នារី ទម្ងន់៥៧គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន ឈ្នះមេដាយមាស១ លើវិញ្ញាសាចំបាប់នារីទម្ងន់ ៦២គីឡូក្រាម។
 
ពិធីប្រគលមេដាយជូនអត្តពលិកកីឡាចំបាប់។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា
រីឯយុវជនអាយុក្រោម១៧ឆ្នាំ កីឡាករ ស៊ីម  ប្រសើ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាចំបាប់សេរី ក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាម  កីឡាការិនី នក់ ស៊ីណាន់ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាចំបាប់នារី ក្នុងប្រភេទទម្ងន់ ៥៣គីឡូក្រាម និងកីឡាការិនី ស៊ីម សុធឺន  ឈ្នះមេដាយសំរឹទ្ធ១ លើវិញ្ញាសាចំបាប់នារី ក្នុងប្រភេទទម្ងន់ ៥៣គីឡូក្រាម។ 
 
គួបញ្ជាក់ថា កម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនី ១១រូបក្នុងគ្រូបង្វឹក១ គ្រូជំនួយ១ កីឡាករ២ និងកីឡាការិនី៩រូប ទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៧ឆ្នាំ និង២០ឆ្នាំ នៅសាកលវិទ្យាល័យ Thailand Nation Sport University ក្នុងខេត្ត Phetbun ប្រទេសថៃ ដែលមានអត្តពលិកចូលរួមសរុបប្រមាណ ៣០០នាក់។ ការប្រកួតធ្វើឡើងពីថ្ងៃទី២២ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 កីឡាចំបាប់
 TNS
© រក្សាសិទ្ធិដោយ thmeythmey.com