ជាតិ
លោក ចន ណារិទ្ធ៖ អ្នកធ្វើការសេវាកម្សាន្ត អាចស្នើធ្វើបណ្ណមូលនិធិ​សមធម៌​សុខាភិ​បាល​ដោយ​ខ្លួនឯង​
30, Jun 2023 , 6:59 pm        
រូបភាព
 ភ្នំពេញ៖ ​រដ្ឋាភិបាល សម្រេចឱ្យក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យសេវាកម្មកម្សាន្ត​ទេស​ចរណ៍ អាច​ទទួល​បានបណ្ណមូលនិធិសមធម៌សុខាភិបាល ដោយឈរលើក្រោម​គោល​​​នយោ​​​បាយ «មិនបោះបង់ពលរដ្ឋណាម្នាក់»។ លោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម លើកឡើងបែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្តនូវរបបថែទាំសុខភាព​តាម​ប្រព័ន្ធមូលនិធិ​សមធម៌​សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត​ទេសចរណ៍ នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កាលពីរសៀលថ្ងៃទី២៩ មិថុនា នៅក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ។

 
លោក ចន ណារិទ្ធ ដែលជាអនុ​រដ្ឋ​លេ​ខា​ការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុផងនោះ បញ្ជាក់ទៀតថា បុគ្គលិក​សេវា​កម្ម​កម្សាន្ត​ទេសចរណ៍ ក៏អាចដាក់ពាក្យស្នើសុំបណ្ណនេះ​បានដោយខ្លួនឯង ​បើ​ថៅកែពួកគេ មិន​បញ្ជូន​ឈ្មោះពួកគេ​ទៅអាជ្ញាធរទេនោះ។ មួយជំហានម្ដងៗ រដ្ឋបានជួយគាំពារផ្នែកសេវាសុខភាព ដល់ពលរដ្ឋ ពិសេសក្រុមងាយរងគ្រោះ ដើម្បីទប់ស្កាត់កុំឱ្យពួកគេធ្លាក់ទៅក្នុងជីវភាពខ្វះខាត។ ហេតុនេះ អ្នកធ្វើការផ្នែកសេវាកម្មកម្សាន្តទេសចរណ៍ នឹងទទួលបានប័ណ្ណគ្រប់ៗគ្នា ព្រោះកម្មវិធីនេះផ្ដោតលើបុគ្គលិកម្នាក់ៗ ដែលបានបម្រើសេវាកម្មកម្សាន្តដោយផ្ទាល់»។ លោក ចន ណារិទ្ធ ​ បានបន្ថែមដូច្នេះ។
 
ជាមួយគ្នានេះដែរ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជា​អគ្គ​នា​យ​ក​​ផែនការ នៃក្រសួងផែនការ ក៏បានឱ្យដឹងទៀតថា ដំណើរការធ្វើប័ណ្ណគឺ​ត្រូវដាក់​ពាក្យ​​ស្នើ​​ទៅអាជ្ញាធរមូលដ្ឋាន ហើយបានបញ្ជូនទៅក្រុមជំនាញ បេឡាជាតិសន្តិសុខសង្គម​(ប.ស.ស)។ ការស្នើនេះ អ្នក​បម្រើកម្មសេវាកម្សាន្តអាចស្នើបានដោយខ្លួនឯង ដូចគ្នានឹង​ការ​​ស្នើ​ធ្វើប័ណ្ណសមធម៌ដែរ។ 
 
កម្មវិធីផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល មានតាំងពីឆ្នាំ២០១៨មកម្ល៉េះ សម្រាប់​ក្រុម​កម្មករ​និយោជិត​ក្រៅប្រព័ន្ធ ​មេភូមិ អនុភូមិ ក្រុមប្រឹក្សាឃុំ កីឡាករ-កីឡាការិនី កម្មករ​ធាក់ស៊ីក្លូ និងបុគ្គលិកអ្នកជំនាញដោះមីន​។ រដ្ឋាភិបាល​ក៏ទើប​បន្ថែមក្រុមគោលដៅ សេវាកម្មកម្សាន្តផងដែរ។
 
បើតាមលោក ថេង បញ្ញា ធន ​ប័ណ្ណមូលនិធិសមធម៌សុខាភិបាលមានសពុភាព១ឆ្នាំ សម្រាប់​ប្រើប្រាស់​​លើ​ផ្នែកពិនិត្យនិងព្យាបាលជំងឺ នៅពេទ្យរដ្ឋ និងពេទ្យដែល​សហការជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)៕
 

Tag:
 គាំពារសង្គម
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com