ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនអេច អេស ស៊ីគ្រុប រៀបចំពិធីពិសាអាហារសាមគ្គី និងប្រគល់រង្វាន់ លើក ទឹក ចិត្ត ជូនអត្តពលិកមានពិការភាពជាង១០០នាក់
01, Jul 2023 , 4:20 pm        
រូបភាព
 លោក សុខ ហុង អគ្គនាយកក្រុមហ៊ុនអេច អេស ស៊ីគ្រុប បានរៀបចំពិធីពិសា អាហារ ថ្ងៃត្រង់ និងប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់អត្តពលិកមានពិការភាពជាង១០០នាក់ មកពីបណ្តាខេត្តក្រុងនានាទូទាំងប្រទេស។ កម្មពិធីនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងបង្ហាញពីទឹកចិត្តស្រឡាញ់ និងគាំទ្រចំពោះវិស័យកីឡានៅកម្ពុជា និងចូលរួមអបអរសាទរនូវសមិទ្ធផលដ៏អស្ចារ្យ របស់អត្តពលិកទាំងអស់ដែលបានប្រឹងប្រែងប្រកួត ដណ្តើមបានមេដាយជូនជាតិ​ក្នុងព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ និងបានបញ្ចប់យ៉ាងជោគជ័យ កាលពីពេលថ្មីៗនេះ ។ 
 
នាជំនួបដ៏រីករាយនេះ លោក សុខ ចេន អគ្គនាយករងក្រុមហ៊ុនអេច អេស ស៊ីគ្រុប និងជាតំណាងដ៏ខ្ពស់ខ្ពង់របស់ លោក សុខ ហុង បានសម្តែងនូវមោទកភាព និងសេចក្តីអំណរយ៉ាងខ្លាំងចំពោះភាពជោគជ័យ និងការលះបង់របស់អត្តពលិកមានពិការភាពទាំងអស់ ដែលខំខិតប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតដោយភាពស្វាហាប់តំណាងឲ្យជាតិមាតុភូមិ​ «កីឡាររស់ក្នុងសន្តិភាព អរគុណស្ថាបនិកសន្តិភាព សម្តេចតេជោ»។



នៅក្នុងកម្មវិធីសប្បុរសធម៌ដ៏វិសេសវិសាលនេះលោក យី វាសនា អគ្គលេខាធិការ  គណៈ​កម្មាធិ​ការ ជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្តែងនូវការអគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះ​លោក សុខ ហុង អគ្គនាយកក្រុមហ៊ុនអេច អេស ស៊ី គ្រុបដែលបានរៀបចំកម្មវិធីពិសាអាហារសាមគ្គី និងប្រគល់រង្វាន់ លើកទឹកចិត្តដល់អត្តពលិក ប៉ារ៉ាឡាំពិកកម្ពុជាដែលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលរង្វាន់រួមមានភេសជ្ជៈចំនួន ១៨៩៨កេស និងថវិកា សរុបជាទឹកប្រាក់ចំនួន ១៣០ ០០០ ០០០ រៀល។ 
 
គួររំលឹកផងដែរថា ការចែករំលែកតាមរយៈកម្មវិធីសង្គមនានា ជាអ្វីដែលលោក សុខ ហុង តែង​តែផ្តួចផ្តើម និងធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ​ក្នុងការអភិវឌ្ឍ​ប្រ​ទេស​ជាតិឱ្យកាន់តែរីកចម្រើន និងនាំមកនូវស្នាមញញឹមជូនដល់​ប្រជាជនកម្ពុជា​គ្រប់រូប​៕
 










© រក្សាសិទ្ធិដោយ thmeythmey.com