ជាតិ
បោះឆ្នោត
ឈ្វេងយល់អំពីការបោះឆ្នោតតំណាងរាស្រ្ត
01, Jul 2023 , 11:30 am        
រូបភាព
តំណាងរាស្រ្ត ស្ថិតក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភានាពេលកន្លងមក (រូបពីរដ្ឋសភា)។
តំណាងរាស្រ្ត ស្ថិតក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភានាពេលកន្លងមក (រូបពីរដ្ឋសភា)។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺជាការបោះឆ្នោតថ្នាក់ជាតិ និងជាការបោះឆ្នោតមួយ ក្នុងចំណោមការបោះឆ្នោតផ្សេងទៀតនៅកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជា ឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៦លើករួចមកហើយ ហើយឈានចូលលើកទី៧ នៅឆ្នាំ២០២៣នេះ។


 
 
ដូចនីតិកាលទី៦ដែរ សម្រាប់នីតិកាលទី៧នេះ អាសនៈសរុបក្នុងរដ្ឋសភា មាន១២៥ ដែលមានន័យថា ត្រូវមានតំណាងរាស្រ្ត១២៥រូប។ យោងតាមរដ្ឋធម្មនុញ្ញ តំណាងរាស្រ្តម្នាក់ មិនមែនគ្រាន់តែជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរក្នុងរាជធានី ឬខេត្តណាមួយនោះទេ តែជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ 
 
លក្ខណៈសម្បត្តិ ដែលអាចឈរជាបេក្ខជនតំណាងរាស្រ្តបាន ដូចជា ត្រូវតែជាសមាជិកគណបក្សនយោបាយ មានសញ្ជាតិខ្មែរពីកំណើត និងមានអាយុយ៉ាងតិច២៥ឆ្នាំ ជាដើម។ ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានរៀបចំឡើងនៅរៀងរាល់៥ឆ្នាំម្តង។ 
 
និយាយជាភាសាសាមញ្ញ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺជាការជ្រើសរើសតំណាងថ្មី ហើយអ្នកដែលជ្រើសរើស គឺប្រជាពលរដ្ឋ តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក៏ជាការបោះឆ្នោត ដើម្បីរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។ គណបក្ស ដែលទទួលបានអាសនៈក្នុងរដ្ឋសភាច្រើនជាងគេ នឹងត្រូវដឹកនាំរាជរដ្ឋាភិបាល។ 
 
ក្នុងនីតិកាលទី៧នេះ មានគណបក្ស១៨ ដែលចូលរួមប្រកួតប្រជែង។ លំដាប់លេខរៀងរបស់គណបក្សទាំង១៨ នៅលើសន្លឹកឆ្នោត គឺ៖
 
គណបក្សសំបុកឃ្មុំដើម្បីប្រជាធិបតេយ្យ នៅលេខរៀងទី១
គណបក្សខ្មែរតែមួយ នៅលេខរៀងទី២
គណបក្សសញ្ជាតិកម្ពុជា នៅលេខរៀងទី៣
គណបក្សខ្មែររួបរួមជាតិ នៅលេខរៀងទី៤
គណបក្សកម្លាំងប្រជាធិបតេយ្យ នៅលេខរៀងទី៥
គណបក្សកសិករ នៅលេខរៀងទី៦
គណបក្សស្ត្រីដើម្បីស្ត្រី នៅលេខរៀងទី៧
គណបក្សខ្មែរឈប់ក្រ នៅលេខរៀងទី៨
គណបក្សហ្វ៊ុនស៊ីនប៉ិច នៅលេខរៀងទី៩
គណបក្សធម្មាធិបតេយ្យ នៅលេខរៀងទី១០
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅលេខរៀងទី១១
គណបក្សបំណងពលរដ្ឋ នៅលេខរៀងទី១២
គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច នៅលេខរៀងទី១៣
គណបក្សឯកភាពជាតិខ្មែរ នៅលេខរៀងទី១៤
គណបក្សខ្មែរអភិរក្ស នៅលេខរៀងទី១៥
គណបក្សយុវជនកម្ពុជា នៅលេខរៀងទី១៦
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នៅលេខរៀងទី១៧
គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨
 
 
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ រយៈពេល២១ថ្ងៃ គឺពីថ្ងៃទី១នេះ រហូតដល់ថ្ងៃទី២១ ខែកក្កដា គឺជាដំណាក់កាលនៃការធ្វើយុទ្ធនាការរបស់គណបក្សនីមួយៗ ក្នុងការស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ក្នុងថ្ងៃទី២២ ដែលជាថ្ងៃស គ្រប់ភាគី ត្រូវរក្សាភាពស្ងៀមស្ងាត់៕ 

Tag:
 (បោះឆ្នោតតំណាងរាស្រ្ត)
© រក្សាសិទ្ធិដោយ thmeythmey.com