ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន មិនបញ្ជាឱ្យបិទហ្វេសប៊ុក ដែលនាំឱ្យប៉ះពាល់ប្រយោជន៍ប្រជាជនទេ
01, Jul 2023 , 12:00 pm        
រូបភាព
បុរសម្នាក់ កំពុងមើលតិកតុក។
បុរសម្នាក់ កំពុងមើលតិកតុក។
ច្បាស់ការណ៍ហើយ! សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់ហើយថា សម្តេច​នឹង​មិនសម្រេច​ឱ្យអាជ្ញាធរ​បិទ​ហ្វេសប៊ុក​នៅកម្ពុជា​នោះឡើយ។ សេចក្តីសម្រេចនេះ​ត្រូវបានដឹងលឺតាម​រយៈសារជាសំឡេង​របស់​សម្តេ​ចនាយករដ្ឋមន្ត្រី​នៅយប់ថ្ងៃទី​៣០​ខែមិថុនានេះ​តាម​ឆានែលតេលេក្រាម​របស់​សម្ដេច។

 
 
ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា​តាម​រយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេច​ចិត្តលុបចោលភាពជាតំណាងរបស់ក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជា។
 
និន្នាការសង្គមថ្មីមួយនៅកម្ពុជា បានផ្ទុះឡើងយ៉ាងឆាប់រហ័សបំផុត ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ នោះគឺមហាជន នាំគ្នាបំផុសបំផុលពីការប្រើប្រាស់តេឡេក្រាម (Telegram) និងតិកតុក (TikTok) ខណៈបច្ចុប្បន្ន បណ្តាញសង្គមទាំង២នេះ កំពុងពេញនិយមស្រាប់ទៅហើយ។ ចាប់តាំងពីព្រឹកព្រលឹមមក ម្នាក់ៗ គិតតែពីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នូវឃ្យូអ័រកូដ (QR Code) នៃតេឡេក្រាម និងតិកតុករបស់ពួកគេ ដើម្បីឲ្យអ្នកលេងបណ្តាញសង្គមដូចគ្នាបានស្គាល់។ 
 
និន្នាការនៃការងាកទៅរកតេឡេក្រាម និងតិកតុក ចាប់ផ្តើមរីកសាយភាយភ្លាមៗ បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្រើប្រាស់បណ្តាញសង្គមផ្សេង ជាពិសេស តេឡេក្រាម និងតិកតុក ហើយជាមួយគ្នានេះ សម្តេច ប្រកាសពីការលុបចោលទំព័រហ្វេសប៊ុកហ្វេសប៊ុករបស់ខ្លួន ដែលមានអ្នកចុច Like និងអ្នកតាមដាន Follower ដល់ទៅជាង១៤លាននាក់។
 
ការប្រកាសរបស់សម្តេចជុំវិញការប្រើប្រាស់បណ្តាញសង្គមនេះ ធ្វើឡើងតាមរយៈសំណេរក្នុងតេឡេក្រាម នៅយប់ថ្ងៃទី២៩មិថុនា ក្រោយមានព័ត៌មានចេញផ្សាយពីគម្រោងរបស់ក្រុមហ៊ុនហ្វេសប៊ុក ក្នុងការផ្អាកដំណើរការទំព័រហ្វេសប៊ុករបស់សម្តេចដល់ទៅរយៈពេលកន្លះឆ្នាំ។ 
 
សម្តេច បញ្ជាក់ថា ឈប់ប្រើប្រាស់ហ្វេសប៊ុកជាស្ថាពរ ហើយណែនាំឲ្យជំនួយការ ប្រាប់ទៅក្រុមហ៊ុនហ្វេស៊ុកឲ្យលុបឈ្មោះសម្តេចចេញពីបញ្ជីហ្វេសប៊ុក។ ប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងដូច្នេះថា៖«ចាប់ពីពេលនេះ ហ្វេសប៊ុកណា មានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់»។ 
 
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យអ្នកតាមដានសម្តេចតាមហ្វេសប៊ុក ងាកមកភ្ជាប់ឆាណែលតេឡេក្រាមរបស់សម្តេចវិញ ដើម្បីបន្តទទួលបានព័ត៌មាន និងអាចមានយោបល់ទៅកាន់សម្តេច។ សម្តេច ក៏បានផ្តល់ព័ត៌មានដែរថា សម្តេច បានបង្កើតគណនីតិកតុក។  
 
លុះព្រឹកឡើង គឺព្រឹកថ្ងៃទី៣០មិថុនានេះឯង សម្តេចប្រមុខរដ្ឋាភិបាល ក៏បាននិយាយបន្ថែមនៅមុខកម្មករ-កម្មការិនី ពីរឿងបណ្តាញសង្គមនេះ។ ការនិយាយផ្ទាល់មាត់នេះហើយ ដែលធ្វើឲ្យនិន្នាការនៃការងាកទៅរកតេឡេក្រាម និងតិកតុក កាន់តែផុសផុលខ្លាំង ពីព្រោះសម្តេច បានបន្លុយពាក្យបិទហ្វេសប៊ុកនៅកម្ពុជា ដើម្បីឆ្លើយតបនឹងក្រុមប្រឆាំង។ 
 
មេដឹកនាំកម្ពុជា ថ្លែងបែបនេះថា៖«យប់មិញ ពូ បានសម្រេចលុបចោលហ្វេសប៊ុក ដែលមានមនុស្ស [ចុចឡាច់] ជាង១៤លាននាក់ ហើយឃើញពួកប្រឆាំងនៅក្រៅប្រទេស កំពុងសប្បាយ។ អ្នកត្រូវគិត បើខ្ញុំចេញបញ្ជាបិទហ្វេសប៊ុកនៅស្រុកខ្មែរ លោកឯងដាច់ផ្ងារ ខ្ញុំគ្រាន់តែប្រាប់លោកឯងទេ តែមិនមែនមធ្យោបាយ ហ៊ុន សែន ត្រូវប្រកាន់យកទេ។ លោកឯង កុំប្រមាថយុទ្ធសាស្រ្ត ហ៊ុន សែន ឲ្យសោះ។ ហ៊ុន សែន បំផ្លាញ [ហ្វេសប៊ុក ដែលមានមនុស្សចុចឡាច់] ១៤លាននាក់ តែ ហ៊ុន សែន មានទំនាក់ទំនងជាមួយប្រជាពលរដ្ឋបានគ្រប់ពេល ទាំង [តាម] ប្រព័ន្ធតេឡេក្រាម។  
 
មានមនុស្សតិចតួច ដែលចេញមកប្រកាសគាំទ្រឲ្យបិទហ្វេសប៊ុកនៅកម្ពុជា ក្រោមហេតុផលបែបនេះឬបែបនោះ ហើយពួកគេ ក៏រងប្រតិកម្មមិនស្ទើរដែរពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលុបទំព័រហ្វេសប៊ុករបស់ខ្លួនដែរ ដែលមានអ្នកចុចឡាច់ជាង២,២លាននាក់ ហើយស្នើឲ្យមហាជនតាមដានលោកតាមឡេក្រាម និងតិកតុកវិញ។ 
 
អ្នកខ្លះ មិនចង់ឲ្យបិទហ្វេសប៊ុកនៅកម្ពុជាឡើយ ព្រោះអាចប៉ះពាល់ដល់ផ្នែកណាមួយនៃសេដ្ឋកិច្ច ខណៈក្រុមហ៊ុន និងអ្នករកស៊ីខ្លះ ពឹងផ្អែកលើហ្វេសប៊ុក។ ក្រៅពីផ្នែកណាមួយនៃសេដ្ឋកិច្ច ពួកគេ ក៏មើលឃើញពីការប៉ះពាល់ល់អ្វីផ្សេងទៀតដែរ ទើបពួកគេ មិនចង់ឲ្យបិទហ្វេសប៊ុក។ 
 
មានការចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកពីទិន្នន័យនៃអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា ដោយនិន្នន័យនោះ បង្ហាញថា នៅកម្ពុជា អ្នកប្រើប្រាស់ហ្វេសប៊ុក មាន១០លាននាក់ ហើយអ្នកប្រើប្រាស់តិកតុក មាន៧លាននាក់៕ 

Tag:
 (បណ្តាញសង្គម
  ហ្វេសប៊ុក
  តិកតុក
  តេឡេក្រាម)
© រក្សាសិទ្ធិដោយ thmeythmey.com