ជាតិ
តើធ្វើដូចម្តេច ដើម្បីពង្រឹងសីលធម៌ដល់សិស្ស នាសម័យបច្ចេកវិទ្យានេះ?
03, Jul 2023 , 8:40 am        
រូបភាព
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ (រូបផ្តល់ឱ្យ) និងអ្នកស្រី លឹម វិរិយ៉ា អ្នកជំនាញផ្នែកអប់រំ (រូបផ្តល់ឱ្យ)
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ (រូបផ្តល់ឱ្យ) និងអ្នកស្រី លឹម វិរិយ៉ា អ្នកជំនាញផ្នែកអប់រំ (រូបផ្តល់ឱ្យ)
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ អះអាងថា ក្រសួងបានយកចិត្តទុកដាក់លើវិន័យ សុជីវធម៌របស់សិស្សទូទាំងប្រទេសតាមរយៈការគ្រប់គ្រងសាលារៀន ពង្រឹងក្រុមប្រឹក្សាយុវជន អង្គការយុវជន និងគ្រូប្រចាំថ្នាក់ផងដែរ។ ជាមួយគ្នានេះ អ្នកជំនាញអប់រំ អ្នកស្រី លឹម វិរិយ៉ា លើកឡើងថា ស្ថាប័នផ្នែកអប់រំត្រូវរម្លឹកមេរៀនសីលប្រាំជាប់ជានិច្ចដល់សិស្សនៅទូទាំងប្រទេស ហើយអ្នកដឹកនាំទាំងអស់ ត្រូវរួមគ្នាធ្វើជាគំរូល្អៗ ទៅកាន់ក្មេងៗជំនាន់ក្រោយ។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមរយៈប្រព័ន្ធតេឡេក្រាម អ្នកស្រី លឹម វិរិយ៉ា​ បានឱ្យដឹងថា ដើម្បីពង្រឹងគុណភាពសិស្សឱ្យមានសុជីវធម៌នៅទូទាំងប្រទេសបាន ទាល់តែមានកិច្ចសហការពីក្រសួងពាក់ព័ន្ធជាច្រើនឱ្យចូលគ្នាជាធ្លុងមួយ។ អ្នកស្រី បន្តថា ក្រសួងអប់រំ ត្រូវរម្លឹកមេរៀនសីលប្រាំទៅកាន់សិស្ស ឬ និស្សិត ជាចាំបាច់ ដើម្បីពន្យល់ឱ្យឃើញជាក់ស្តែងនូវព្រះធម៌ទាំងនេះ សម្រាប់ការយល់ដឹង ពីសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម និងសុខសន្តិភាពពេញលេញ។ 
 
អ្នកស្រី អធិប្បាយដូច្នេះថា៖«សីលប្រាំ ឬ និច្ចសីល គឺជាការហាមប្រាមប្រាំយ៉ាងរបស់ព្រះពុទ្ធ ដូចជាការមិនសម្លាប់ជីវិត និងការមិនប្រព្រឹត្តខុសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ ទង្វើដែលមិនទៅលួចគេ  តែការប្រព្រឹត្តអំពើពុករលួយគឺជាការលួចគេ អាហ្នឹងជាចោរកម្មដែរណា! អ៊ីចឹង យើងត្រូវពន្យល់បែបនេះទៀត ដើម្បីឱ្យមនុស្សមានសីលក្នុងខ្លួន។ ការមិននិយាយកុហក មួលបង្កាច់ ទម្លាក់កំហុស លាបពណ៌ ដាក់គ្នាទៅវិញទៅមក ហើយយើងមើលទៅ តើមនុស្សនៅក្នុងសង្គមរាល់ថ្ងៃដូចស្អី? និយាយផ្តេសផ្តាស់មួលបង្កាច់គ្នា តាំងពីលើដល់ក្រោម!  សួរថាមានទម្រង់សីលខ្លះទេ? វាអត់មាន។ ការមិនផឹកគ្រឿងស្រវឹង តើយើងទៅអប់រំឱ្យក្មេងៗមិនផឹកគ្រឿងស្រវឹងដោយរបៀបណា បើពួកមហាសេដ្ឋីខ្លះ ផ្សាយតែគ្រឿងស្រវឹង ដែលជាគ្រឿងបំពុលសង្គមរាល់ថ្ងៃហ្នឹង? មួយថ្ងៃៗ ឃើញតែផ្សាយស្រា តែគ្មានឃើញអាជ្ញាធរណាចេញហាមប្រាម ឬ បង្កើតច្បាប់ទប់ស្កាត់គ្រឿងស្រវឹងទាំងហ្នឹងទេ!  យើងទៅលើកកម្ពស់សីលធម៌សង្គម​ដោយរបៀបណា បើសង្គមនេះ សម្បូរទៅដោយរបស់កខ្វក់ ដូចជាគ្រឿងស្រវឹងជាដើមហ្នឹង!»។ 
 
អ្នកស្រី លឹម វិរិយ៉ា បានបន្ថែមទៀតថា រាល់ថ្ងៃ មនុស្សធំ ឬ អាណាព្យាបាលពិបាកក្នុងការណែនាំក្មេងៗក្នុងរឿងគ្រឿងស្រវឹងនេះណាស់ ព្រោះសឹងតែគ្រប់គ្នាសុទ្ធតែចូលរួមផ្សាយស្រា និងផឹកស្រា។ ជាដំណោះស្រាយ អ្នកជំនាញផ្នែកអប់រំរូបនេះ បានគូសបញ្ជាក់ថា ស្ថាប័នអប់រំត្រូវយកទ្រឹស្តីព្រះពុទ្ធសាសនា ទាក់ទងនឹងសីលប្រាំទៅបំពាក់បំប៉នដល់សិស្ស ហើយក្នុងនាមជាអ្នកដឹកនាំត្រូវតែធ្វើជាគំរូដល់អ្នកនៅខាងក្រោម ឬ ក្មេងៗជំនាន់ក្រោយ ព្រោះបើមិនធ្វើជាគំរូទេ គ្មានផ្លូវណាអាចអប់រំបានឡើយ ដោយសារតែក្មេងៗមិនសូវស្តាប់សំដីទេ តែពួកគេមើលពីសកម្មភាពរបស់មនុស្សចាស់ទាំងអស់ហ្នឹង។ 
 
សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ជូនដោយលោក រស់ សុវាចា ជាអ្នកនាំពាក្យ មកកាន់សារព័ត៌មានថ្មីៗ បង្ហាញថា ក្នុងគោលបំណងទប់ស្កាត់បាតុភាព អសកម្ម និងអសីលធម៌មួយចំនួននាពេលបច្ចុប្បន្ន និងទៅអនាគត ក្រសួងអប់រំអំពាវនាវដល់អាជ្ញាធរអប់រំ គ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានអប់រំនៅទូទាំងប្រទេស លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាយុវជន សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលរបស់សិស្ស ត្រូវរួមគ្នាពង្រឹងការគោពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌មួយចំនួនផងដែរ។ សេចក្តីប្រកាសនេះ បានចេញតាំងពីដើមឆ្នាំ២០២០មកមេ្លះ។  
 
ក្នុងនោះ គណៈកម្មការគ្រប់គ្រងសាលារៀន រួមមាន គណៈកម្មការទ្រទ្រង់សាលារៀន សាលារៀន និងគ្រូបន្ទុកថ្នាក់ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តឱ្យបានហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុងសាលារៀនរដ្ឋ និងឯកជន ពិសេសពង្រឹងយន្តការរបស់ក្រុមប្រឹក្សាវិន័យ នៅតាមគ្រឹះស្ថាននីមួយៗឱ្យបានរឹងមាំ។ មួយវិញទៀត ក្រសួងអប់រំបញ្ជាក់ថា ការពង្រឹងក្រុមប្រឹក្សាយុវជន និងអង្គការយុវជន នៅតាមគ្រឹះស្ថានសិក្សា រួមមាន ក្រុមកាយរិទ្ធជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ត្រូវចូលរួមឱ្យបានផុសផុល ជាមួយសិស្សានុសិស្ស ក្នុងការកសាងមិត្តភាព សាមគ្គីភាព ការជួយយកអាសាគ្នា និងការគោរពវិន័យសុជីវធម៌ ព្រមទាំងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល គ្រួសារ សាលារៀន និងសង្គមជាតិទាំងមូល។
 
សម្រាប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវចំណាយពេលវេលាមួយចំនួន ក្នុងការកោះហៅសិស្ស ដើម្បីចួបប្រជុំតាមថ្នាក់ តាមក្រុម នៅពេលមុន ឬ ក្រោយគោរពទង់ជាតិ ដើម្បីណែនាំ ដាស់តឿន ក្រើនរម្លឹក ដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា។ រីឯគ្រឹះស្ថានសិក្សា ក៏ត្រូវជំរុញឱ្យសិក្សាយល់ដឹងពីអត្ថន័យ នៃបទចម្រៀងគោរពភ្លេងជាតិ ឬ បទពង្សាវតារខ្មែរជាដើម ដើម្បីលើកតម្កើងមោទនភាពជាតិ ឧត្តមភាព និងជាតិនិយម។ ចំពោះគ្រូបន្ទុកថ្នាក់ និងគ្រូប្រចាំមុខវិជ្ជាវិញ ត្រូវបន្តដាស់តឿន ក្រើនរម្លឹក និងពង្រឹងការអប់រំផ្នែកចរិយា ព្រមទាំងបំណិនសម្បទាឱ្យបានគ្រប់ម៉ោងទៅកាន់សិស្សឱ្យអស់ពីលទ្ធភាពតែម្តង៕ 

Tag:
 (វិស័យអប់រំ
  ជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com