ជាតិ
បោះឆ្នោត
ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យសេចក្តីព្រាងកែច្បាប់បោះឆ្នោត
03, Jul 2023 , 9:20 am        
រូបភាព
ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គ នាពេលកន្លងមក (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)។
ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គ នាពេលកន្លងមក (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)។
ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ដែលជាប្រធាន នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីពិនិត្យសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ មុនបើកកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញតំណាងរដ្ឋាភិបាលទៅបំភ្លឺរួចហើយ អំពីខ្លឹមសារនៃវិសោធនកម្មនេះ ដោយអ្នកដែលចូលទៅបំភ្លឺ គឺលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។



ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នកំពូលចុងក្រោយ ដែលមានតួនាទីពិនិត្យសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត បន្ទាប់ពីទទួលបានការអនុម័តទាំងស្រុងពីរដ្ឋសភា និងព្រឹទ្ធសភារួមមក។ បើក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តយល់ព្រមដែរនោះ សេចក្តីព្រាងនេះ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។
 
មាត្រាថ្មី ដែលត្រូវបានសរសេរចូលទៅក្នុងច្បាប់បោះឆ្នោត មានខ្លឹមសារជារួមថា អ្នកដែលមិនទៅបោះឆ្នោត នឹងមិនមានសិទ្ធិឈរជាបេក្ខជនឲ្យគេបោះឆ្នោត នៅពេលក្រោយឡើយ។ មាត្រាថ្មី ក៏មានចែងពីការពិន័យប្រាក់ ឬការដាក់ទោសទណ្ឌលើអ្នកដែលធ្វើសកម្មភាពរារាំងប្រពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងសកម្មភាពដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតផងដែរ៕ 
 
 
 
 

Tag:
 (ក្រុមប្រឹក្សាធម្មនុញ្ញ
  ច្បាប់បោះឆ្នោត)
© រក្សាសិទ្ធិដោយ thmeythmey.com