ជាតិ
​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា ផ្ដល់​សេវាមេធាវី​ដល់​​អ្នក​សារព័ត៌​មាន​​ដោយ​ឥត​គិត​ថ្លៃ​
03, Jul 2023 , 2:00 pm        
រូបភាព
ភ្នំពេញ​៖ អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា(LAC) គឺ​ជា​ស្ថាប័ន​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ ដល់​អ្នក​សារព័ត៌​មាន​ដោយ​មិន​គិត​ថ្លៃ និង​ស្វែង​រក​ដំណោះ​ស្រាយ​ តាម​រយៈ​កិច្ចប្រជុំ​ជា​​​មួយ​មន្ត្រី​នៃ​អង្គភាព​ពាក់​ព័ន្ធ​​មួយ​ចំនួន ធ្វើ​យ៉ាងណា​ ផ្ដល់​សិទ្ធិ​​ពេញ​លេញ​ ដល់​​អ្នក​សារព័ត៌​មាន​។


 
អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា(LAC) បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​​ ពី​បញ្ហា​ប្រឈម​​ផ្នែក​ច្បាប់​ ចំពោះ​អ្នក​សារព័ត៌​​មាន​​ ទៅ​កាន់​អ្នក​សារព័ត៌​មាន ​មក​ពី​២៨​អង្គភាព​និង​ស្ថាប័ន​​ កាល​ពី​ពេល​កន្លង​ទៅ​។ គោល​បំណង​នៃកិច្ច​ប្រជុំ​ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​​ច្បាប់​ ពិសេស​ច្បាប់ស្ដី​ពី​​របប​​​សារព័ត៌​មាន​  និង​ច្បាប់​ពាក់​ព័ន្ធ​មួយ​ចំនួន ដល់​អ្នក​សារព័ត៌​មាន​​។ កិច្ច​ប្រជុំ​នេះ​ក៏​មាន​បំណង​​ស្វែង​រក​បញ្ហា និង​ការ​ប្រឈម​របស់​អ្នក​សារព័ត៌​មាន​ ដើម្បី​សុំ​កិច្ច​សហការ​ពី​​ស្ថានប័ន​ពាក់​ព័ន្ធ​ផង​ដែរ​។
 
លោក អ៊ុន ច័ន្ទ​ថុល មេធាវីអង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា ​បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា សេរី​ភាព​អ្នក​សារព័ត៌​មាន​បច្ចុប្បន្ន​ បើ​ធៀប​នឹង​ឆ្នាំ​២០២២ ការ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌​មាន​ មាន​ការ​ថយ​ចុះ​។ នៅ​ត្រី​មាស​ទី​មួយ​ ដើម​ឆ្នាំ​២០២៣​នេះ​ លោក​​បាន​ទទួល​សំណុំ​រឿង​តែ​៤​ករណី​ប៉ុណ្ណោះ ដោយ​គិត​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០២២ ​មាន​លើស​៤​ករណី។ នេះ​គិត​តែ​សំណុំ​រឿង​ ដែល​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ ទទួល​បាន​ប៉ុណ្ណោះ ដោយ​មិន​បូក​បញ្ចូល​សំណុំ​រឿង​ ដែល​ស្ថាប័ន​ផ្សេង​ទទួល​បាន​ឡើយ​​។ តាម​រយៈ​នេះ លោក​មេធាវី​រូប​នេះ សង្កេត​ឃើញ​ថា ​ស្ថាន​ភា​ព​សេរីភាព​របស់អ្នក​សារព័ត៌​មាន​ ​មាន​​ភាព​ល្អ​ប្រសើរ​ជាង​មុន​​។
  

 លោក អ៊ុន ច័ន្ទថុល មេធាវីអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា

លោក អ៊ុន ច័ន្ទ​ថុល៖«ភាគ​ច្រើនការ​​ចោទ​ប្រកាន់ ​ទៅ​លើ​អ្នក​សារព័ត៌​មាន​ លើ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​។ ​ក្នុង​ការ​វិនិច្ឆ័យ​សេចក្ដី ​ឬ​ការ​ដាក់​ទោស​ទាន់ ផ្ដន្ទាទោស អាស្រ័យ​ទៅ​លើ​អង្គ​ហេតុ​​នីមួយ​ៗ និង​ប្រភេទ​នៃ​បទ​ល្មើស​ និង​ការ​ប្រព្រឹត្តិ​ខុស​ៗ​គ្នា ​របស់​​អ្នក​ដែល​​​រង​ការ​ចោទ​ប្រកាន់​»។ 
 
លោកមេធាវី​ អ៊ុន ច័ន្ទ​ថុល ថា​សំណុំ​រឿងខ្លះ ដែ​ល​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌​មាន​ ​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់។  ប៉ុន្តែ​​រឿង​ខ្លះ ​ក៏​​មិន​មាន​ភស្ដុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់​ដែរ​។ ហើយ​រឿង​ខ្លះទៀត ​មាន​ភស្ដុតាង​ស៊ី​​ចង្វាក់​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់។
 
ទោះ​ជា​យ៉ាង​ណាលោក​ថា ​អ្នក​កាសែត​នៅ​តែ​រង​បណ្ដឹង​ព្រហ្មទណ្ឌ​។​ ជា​ដំណោះ​ស្រាយ លោក​ថា​​​មិន​អាស្រ័យ​លើ​តែ​មេធាវី​ឡើយ​ ប៉ុន្តែ​អាស្រ័យ​លើ​សកម្ម​ភាព​អ្នក​ប្រព្រឹត្តិ ដែល​ជា​អ្នក​សារព័ត៌​មាន​​។ លោកសង្កត់​ធ្ងន់​​ថា ​ប្រសិន​អ្នក​សារ​ព័ត៌​មាន ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​​​វិជ្ជាជីវៈ គោរព​ច្បាប់ និង​ទទួលខុស​ត្រូវ​ភារកិច្ច​របស់​គាត់ខ្លួន នោះនឹង​​មិន​មាន​​បញ្ហាឡើយ​​។
 
អ្នក​នាង ហ៊ៀង គន្ធា គឺ​ជា​អ្នក​សារព័ត៌​មាន​​មក​ពី​ស្ថាប័ន​មួយ​ បាន​ចូល​រួមកិច្ច​ប្រជុំ​ពិភាក្សា​​ ពី​បញ្ហា​ប្រឈម​​ផ្នែក​ច្បាប់ ​ចំពោះ​អ្នក​សារព័ត៌​​មាន បាន​លើក​ឡើង​ថាកិច្ច​ប្រជុំ​នេះ ជួយ​ឱ្យ​អ្នក​សារព័ត៌​មាន យល់​ដឹង​កាន់​តែ​ច្រើន​ ពី​បញ្ហា​ប្រឈម​​និងចៀស​វាង​ ធ្វើ​អ្វី​លើស​ពី​ក្រម​សីលធម៌​​​របស់​ខ្លួន​។ មាន​បទ​ពិសោធ​ក្នុង​វិស័យ​សារព័ត៌​មាន​ជិត​១០​ឆ្នាំ អ្នក​នាង​ថា​ កាលណាអ្នក​សារព័ត៌​មាន​ ​ធ្វើ​ទៅ​តាម​ក្រ​ម​សីលធម៌​​​សារព័ត៌មាន​ នោះ​នឹង​មិន​មាន​បញ្ហា​ប្រឈម​ឡើយ​។
  

 សកម្មភាពអ្នកចូលរួមពិភាក្សាពីការប្រឈមផ្នែកច្បាប់របស់អ្នកសារព័ត៌មាន

អ្នក​នាង គន្ធា បន្ថែម​«ការ​គោរព​ក្រម​សីលធម៌ វិជ្ជាជីវៈ​អ្នក​សារព័ត៌​មាន​ ភាព​ច្បាស់​លាស់ ​និង​ការ​មិន​ទទួល​សំណូក​ នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​សារព័ត៌​​មាន​ មាន​សេចក្ដី​ថ្លៃថ្នូរ និង​ទទួល​បាន​​ការ​គោរព​។ មក​កម្ម​វិធី​នេះ ខ្ញុំ​បាន​យល់​បន្ថែម ​ពី​ច្បាប់​អ្នក​សារព័ត៌មាន​។ ​គេ​អាច​ទាញ​អ្នក​សារព័ត៌​មាន​ ទៅ​ដល់​បទ​ល្មើស​ព្រហ្មទណ្ឌ​ ដូច្នេះអ្នក​កាសែត​ ត្រូវ​តែ​​យល់​ពី​ច្បាប់​អ្នក​សារព័ត៌​មាន»​។
 
លោក រុន សារ៉ាយ នាយក​ប្រតិបត្តិ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា កន្លង​មក​លោក​មើល​ឃើញ​ថា សេរី​ភាព​សម្រាប់​អ្នក​សារព័ត៌​​មាន ប្រែប្រួល​​ទៅ​តាម​ស្ថាន​ភាព​អ្នក​នយោបាយ​។ ទោះ​ជា​យ៉ាងណា​លោក​ថា បើ​មើល​ជា​រួម​ច្បាប់​ស្ដី​ពី​របប​អ្នក​សារព័ត៌​មាននៅ​កម្ពុជា មាន​ភាព​បើក​ទូលាយ ទាំង​​ក្រម​សីលធម៌​វិជ្ជា​ជីវៈ។ លោក​សង្កត់​ធ្ងន់​ថា សេរី​ភាព​សារព័ត៌​មាន ​ក៏​ស្រដៀង​គ្នា​នឹង​សេរី​ភាព​នៃ​ការបញ្ចេញ​មតិ​ដែរ​ គឺ​ត្រូវ​ធ្វើក្នុង​​ក្របខណ្ឌ​ច្បាប់​ គោរពច្បាប់​ និង​​សីលធម៌​។ លោក​សង្កេត​ឃើញ​ថា កន្លង​មក​នៅ​កម្ពុជា សេរី​ភាព​សារព័ត៌​មាន​នៅ​តែ​បើក​ ប៉ុន្តែ​បើក​ក្នុង​កម្រិត​ណា​មួយ​ លោក​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ។
 
«មុន​ឆ្នាំ​២០១៦ឃើញ​ថា​កម្ពុជា ​មាន​សារព័ត៌​មាន​​​រាប់​ពាន់​អង្គភាព​ ការ​ចុះ​ផ្សាយ​មិន​សូវ​មាន​បញ្ហា​ទេ​។ ប៉ុន្តែ​ក្រោយ​មាន​បញ្ហា​នយោបាយ​ ឃើញ​ថា​ក្នុង​សារព័ត៌​មាន មាន​​និន្នាការ​២​ គឺ​និយាយ​ទៅ​តាម​ទំនោរនយោបាយ​​ ទាំង​ប្រឆាំង​និង​ស្រប។​ ចាប់​ពី​ពេល​នោះ​មក ការ​ផ្សាយ​មាន​ការ​រឹត​បន្តិង​ច្រើន​។ ពិសេសពេល​កូវីដ និង​​ពេល​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ ខាង​សេរីភាព​នៃ​ការ​បញ្ចេញ​ព័ត៌​មាន ក៏​មាន​កម្រិត​មួយ​ចំនួន​ ក្រោម​ហេតុ​ផល​សន្តិសុខ​ជាតិ​ និង​របៀប​របប​សាធារណៈ។ បច្ចុប្បន្ន​សេរីភាព​សារព័ត៌​មាន​ មាន​ភាព​ល្អ​ប្រសើរ​ច្រើន ដោយ​សារ​មាន​ការ​​ប្រជុំ​មហាសន្និបាត ​ជួប​ជុំ​អ្នក​សារព័ត៌​មាន​ រហូត​មាន​ការ​ផ្ដល់​មេធាវី​ ពី​ក្រសួង​ឱ្យ​ការ​ពារ​អ្នក​សារព័ត៌​មាន»​​។
  

 លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា

វិល​មក​លោក​មេធាវី អ៊ុន ច័ន្ទ​ថុល វិញ​លោកអះអាង​ថា តាម​រយៈ​ចំនួន​អ្នក​សារព័ត៌​មាន​ ក្នុង​ចំនួន​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ ​អាច​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ ជា​ប្រទេស​ប្រជាធិបតេយ្យ​ និង​មាន​សេរី​ភាព ​ក្នុង​ការ​បញ្ចេញ​មតិយោបល់​។ ប៉ុន្តែលោក​ថា ​ការ​បញ្ចេញ​មតិយោបល់ និង​ការ​សរសេរ​ព័ត៌​មាន​ ក៏​ត្រូវ​តែ​មាន​ច្បាប់​គ្រប់​គ្រង​ដែរ​។ 
ក្នុង​ឱកាស​នេះ លោក​សំណូម​ពរ​ដល់​ អ្នក​សារព័ត៌​មាន​ជំនាន់​ក្រោយ ដែល​មិន​ទាន់​បាន​រៀន​ពី​ច្បាប់​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ផ្សេង​ៗ គួរ​តែ​សិក្សា​ស្វែង​យល់​​ឱ្យ​បាន​ច្បាស់​ ដើម្បី​ឱ្យ​ការ​អនុវត្ត​របស់​ខ្លួន មិន​ប្រាស់​ចាក​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​។ 
 
«គាត់​យល់​ថា​នេះ ​គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​ ឬ​សិទ្ធិ​ក្នុង​ការ​សរសេរ​ព័ត៌មាន​ ប៉ុន្តែ​ប្រសិន​គាត់​មិន​យល់​ច្បាស់​ពី​ច្បាប់​ណា​មួយ​ ធ្វើ​ឱ្យ​គាត់​សរសរ​ប្រាស់​ចាក ក្រម​សីលធម៌​វិជ្ជាជីវៈ។ ​មិន​មាន​ប្រភព​​គ្រប់​ជ្រុង​ជ្រោយ​​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាគី​ម្ខាង​ទៀត​ ដែល​នាំ​ឱ្យ​គេ​ប្ដឹង​ពី​បទ ​បរិហាកេរ្ដិ៍​ជា​សាធារណៈ​ជា​ដើម​​។ ​អ្នក​សារព័ត៌​មាន​​ត្រូវ​តែ​មាន​ចំណេះ​ដឹង និង​ត្រូវ​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​ច្បាប់ ឬ​វគ្គ​សរសេរ​ព័ត៌​មាន​ ឬ​​ក្រសួង​ព័ត៌​មាន ​មុន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ ​ក្លាយ​ជា​អ្នក​សារព័ត៌​មាន ត្រូវ​តែ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​ខ្លី​ឬ​វែង​ដល់​ពួក​គេ​»។ នេះ​ជា​​​សំណូម​ពរ​របស់​លោកមេធាវី អ៊ុន ច័ន្ទ​ថុល​។


 សកម្មភាពពិភាក្សារបស់អ្នកចូលរួម

សូម​បញ្ជាក់​ថា អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា ចាប់​ផ្ដើម​​គម្រោង​ការ​ពារ​ក្ដី​ ដល់​អ្នក​សារព័ត៌​មាន​ពី​ឆ្នាំ​២០១៩។ ទោះ​ជា​យ៉ាង​ណា​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២២ គម្រោង​​បាន​ផ្អាករយៈ​ពេល​​​កន្លះ​ឆ្នាំ​​។ នៅ​ដើម​ឆ្នាំ​២០២៣​នេះ គម្រោង​ចាប់​ផ្ដើម​បើក​ឡើង​វិញ​។ តាំង​ពី​ចាប់ផ្ដើម​​គម្រោង​​ អង្គការជំនួយ​​ផ្នែក​ច្បាប់​នៃ​កម្ពុជា ទទួល​បានសំណុំរឿង​​​ចំនួន​៣២​ករណី​ ក្នុង​នោះ​មាន​ទាំង​នារី​និង​បុរស​។ មក​ដល់​បច្ចុប្បន្នមាន​​២៨​ករណី​ បាន​ដោះ​ស្រាយ​រួច​រាល់​។ ​គិត​ពីខែមករាឆ្នាំ​២០២៣ ដល់​ខែ​មិថុនា​​​ឆ្នាំដដែល​ មាន​អ្នក​កាសែត​​​៤រូប​ទទួល​រក​បណ្ដឹង​​​។ 
 
ចំនួន​នេះ​គិត​ចំពោះ​តែ អ្នក​សារព័ត៌​មាន​មក​សុំ​ជំនួយ ពី​​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជាប៉ុណ្ណោះ ដោយ​មិន​បូក​បញ្ចូល​​ករណី ​អ្នក​សារព័ត៌​មាន​ទូទាំង​ប្រទេស​ រង​បណ្ដឹង​ហើយ​ទៅ​​សុំ​សេវា​ផ្លូវ​ច្បាប់​ ពី​ស្ថាប័ន​ផ្សេង​ៗ​ឡើយ​។  
 
អ្នក​សារព័ត៌​មាន ដែល​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​ជួយ​ដោះ​ស្រាយ​ក្ដី បាន​ទទួល​រង​ពាក្យបណ្ដឹង​​​​ពី​​​អ្នក​មាន​អំណាច អ្នក​មាន​ទ្រព្យ​ និង​បុគ្គល​ទូទៅ​។ បទ​ល្មើស​ពេញ​និយម​ ​សម្រាប់​ចោទ​ប្រកាន់​អ្នក​សារព័ត៌​មាន មាន​បទ​បរិហារកេរ្តិ៍​ជា​​សាធារណៈ បទ​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង​ ញុះញង់​ឱ្យ​មាន​បទ​ល្មើស​ជា​អាថ៌និង​កំហែង​យក​។​ សម្រាប់​អង្គការ​ខាង​លើ ការ​ការ​ពារ​ក្ដី​ភាគ​ច្រើន​​ឈ្នះ​​។ ទោះ​ជា​យ៉ាង​ណា​ ក៏​មាន​ករណី ឃុំ​ខ្លួន​​អ្នក​សារព័ត៌​មាន​​​​ដែរ៕

Tag:
 សង្គម​
  សារព័ត៌​មាន​
  សេរី​ភាព​
  អង្គការ
© រក្សាសិទ្ធិដោយ thmeythmey.com