ជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា ការកែច្បាប់បោះឆ្នោត ស្របនឹងរដ្ឋធម្មនុញ្ញ
03, Jul 2023 , 12:30 pm        
រូបភាព
ក្រោយពិនិត្យចប់សព្វគ្រប់ តាមរយៈកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសេចក្តីប្រកាសព័ត៌មានភ្លាមៗ ដោយប្រកាសថា សេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត «ស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា»។ 

ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នកំពូលចុងក្រោយបង្អស់ ដែលទទួលភារកិច្ចក្នុងការពិនិត្យសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ ជានីតិវិធីបន្ទាប់ សេចក្តីព្រាងនេះ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់។ មុនទៅដល់ក្រុមព្រឹក្សាធម្មនុញ្ញ សេចក្តីព្រាងខាងលើ ទទួលបានការអនុម័តយល់ព្រមទាំងស្រុងពីរដ្ឋសភា និងព្រឹទ្ធសភា។
 
ខ្លឹមសារជារួមនៃវិសោធនកម្មច្បាប់បោះឆ្នោត គឺ អ្នកដែលមិនទៅបោះឆ្នោត នឹងមិនមានសិទ្ធិឈរជាបេក្ខជនឲ្យគេបោះឆ្នោត នៅពេលក្រោយឡើយ ហើយអ្នកដែលធ្វើសកម្មភាពរារាំងប្រពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងសកម្មភាពដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោត នឹងត្រូវពិន័យប្រាក់ ឬទទួលទោសទណ្ឌណាមួយបន្ថែមទៀត៕ 
 

Tag:
 (ច្បាប់បោះឆ្នោត
  ក្រុមប្រឹក្សាធម្មនុញ្ញ)
© រក្សាសិទ្ធិដោយ thmeythmey.com