ជាតិ
បេឡាជាតិសន្តិសុខ​សង្គម​ បង្កើន​ការ​យកចិត្តទុកដាក់លើសុខភាពផ្លូវ​ចិត្តរបស់ជនពិការ
03, Jul 2023 , 3:09 pm        
រូបភាព
សមាជិក ជនពិការ របស់ ប.ស.ស និង លោកស្រី រ័ត្ន រ៉ានីន អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស ។ រូបពី ប.ស.ស
សមាជិក ជនពិការ របស់ ប.ស.ស និង លោកស្រី រ័ត្ន រ៉ានីន អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស ។ រូបពី ប.ស.ស
ភ្នំពេញ៖ ក្រុមការងារ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ចុះអប់រំ និងផ្ដល់លំហែទាំសុខភាពផ្លូវចិត្ត ដល់ជនពិការភាពដែលមាន ប.ស.ស នៅតាមបណ្ដាខេត្តក្រុង ដើម្បីផ្ដល់ក្ដីសង្ឈឹមឡើងវិញ។ លើសពីនេះ ជនពិការភាព នឹងទទួលបានសេវាថែទាំវេជ្ជសាស្រ្ត សេវាស្តារនីតិសម្បទា និងប្រាក់ឧបត្ថម្ភបន្ថែមទៀតផង។ 
 
បើតាម ប.ស.ស ក្នុងពិធីចុះអប់រំផ្សព្វផ្សាយនិងផ្តល់លំហែទាំសុខភាពផ្លូវចិត្តដល់ជនពិការនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស លោកស្រី រ័ត្ន រ៉ានីន សង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត ជាចលករដ៏សំខាន់ក្នុងការជម្រុញឱ្យមា នសុខភាពរាងកាយល្អប្រសើរ ព្រមទាំងជួយបង្កើននូវកំលាំងស្មារតី។ ហេតុនេះ លោកស្រីចាត់ទុកសុខភាពផ្លូវចិត្ត ជាសភាពមួយនៃសុខុមាលភាពរបស់មនុស្សគ្រប់គ្នា ហើយវាកាន់តែសំខាន់បំផុតសម្រាប់ជនពិការ។ 
 
អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស បានឱ្យដឹងថា សុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់ៗ អាចដឹងបានដោយខ្លួនឯងតាមរយៈ សកម្មភាពបំពេញការងារប្រចាំថ្ងៃ ការដោះស្រាយបញ្ហាស្ត្រេសធម្មតាក្នុងជីវិត និងការចូលរួមការងារសហគមន៍ជាដើម។ ដូច្នេះ លោកស្រីបន្តថា ការចុះអប់រំផ្សព្វផ្សាយ និងផ្តល់លំហែទាំសុខភាពផ្លូវចិត្តដល់ជនពិការ ដែលជាសមាជិក ប.ស.ស. គឺជាផ្នែកមួយចាំបាច់បំផុត ដែលកន្លងមកពួកគេទាំងនោះ ខ្លះបានរងហានិភ័យការងារ បណ្តាលឱ្យបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ និងធ្លាក់ខ្លួនពិការ។ 
 
«ចំពោះជនពិកាភាព តែមានអារម្មណ៍បាក់ស្បាត ធ្លាក់ទឹកចិត្ត មិនអាចទទួលយកស្ថានភាពពិការរបស់ខ្លួន ហើយមិនទាន់យល់ដឹង ទូលំទូលាយអំពីបញ្ហាសុខភាពផ្លូវចិត្ត គឺពួកគេចាំបាច់ត្រូវទទួលបានការអប់រំសុខភាពផ្លូវចិត្តបំផុត ដើម្បីអាចជួយឱ្យពួកគេវិលត្រឡប់ចូលក្នុងសង្គមជាធម្មតាវិញ។ លើសពីនេះ គឺជួយឱ្យពួកគេ មានក្ដីសង្ឃឹមឡើងវិញ»។ អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស លើកឡើងបែបនេះ ហើយបន្ថែមថាសមាជិក ប.ស.ស. ជាជនពិការ មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់លើការអប់រំផ្សព្វផ្សាយ និងលំហែទាំផ្លូវចិត្តប៉ុណ្ណោះទេ ពួកគាត់ទាំងអស់ក៏នឹងទទួលបានការគាំពារពី ប.ស.ស. ដូចជាសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត សេវាស្តារនីតិសម្បទា និងប្រាក់ឧបត្ថម្ភបន្ថែមទៀតផងដែរ។
 
សព្វថ្ងៃ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការសរុបមាន២ ៥៨៥នាក់ ក្នុងនោះមានស្រី១ ០២៦នាក់។ ពួកគេ កំពុងទទួលបានការគាំពារពី ប.ស.ស.។ ដោយឡែក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣នេះ ក្នុងខេត្តកំពង់ចាម សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការមាន ១០៣នាក់ និងខេត្តត្បូងឃ្មុំមាន៦៧នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស.៕ 

Tag:
 ជាតិ៖ ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com