អន្តរជាតិ
ភ្នាក់ងារពាណិជ្ជកម្មហ្វីលីពីនសុំទោស ក្រោយយករូបភាពទេសចរណ៍ពីប្រទេសផ្សេងៗ ហើយថា ស្ថិតនៅហ្វីលីពីន
03, Jul 2023 , 3:52 pm        
រូបភាព
ទេសភាពនៅ កោះ Boracay ប្រទេសហ្វីលីពីន កាលពី​ឆ្នាំ​២០១៨។ រូបថត AFP
ទេសភាពនៅ កោះ Boracay ប្រទេសហ្វីលីពីន កាលពី​ឆ្នាំ​២០១៨។ រូបថត AFP
អាជ្ញាធរទេសចរណ៍ រងការអាម៉ាសយ៉ាងខ្លាំង ដោយសារតែភ្នាក់ងារពាណិជ្ជកម្ម បានយករូបភាពពីប្រទេសផ្សេង ដាក់បញ្ចូលក្នុងវីដេអូ ហើយបញ្ជាក់ថា ស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ វីដេអូនោះ គឺជាការផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរទៅកាន់ជាតិដែនកោះមួយនេះ នាវិស្សមកាល។ 
 
ភ្នាក់ងារផ្សាយពាណិជ្ជកម្ម DDB Philippines បានចេញមុខសុំទោសជាសាធារណៈចំពោះការប្រើប្រាស់រូបភាពមិនត្រឹមត្រូវ ក្នុងវីដេអូផ្សព្វផ្សាយទេសចរណ៍ហ្វីលីពីន។ ក្នុងចំណោមរូបភាពទាំងនោះ មានរូបភាពវាលស្រែនៅឥណ្ឌូណេស៊ី និងវាលខ្សាច់នៅប្រេស៊ីល។
 
 
យោងតាម AFP ភ្នាក់ងារពាណិជ្ជកម្ម DDB បានទទួលបន្ទុកលើការថតវីដេអូផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ «Love The Philippines» ក្រោមកញ្ចប់ថវិកា៩សែនដុល្លារអាម៉េរិក ហើយវីដអូបានផ្សព្វផ្សាយផ្លូវការកាលពីថ្ងៃទី២៧ ខែមិថុនា។
 
 
ក្រសួងទេសចរណ៍ហ្វីលីពីន កាលពីថ្ងៃសៅរ៍ បានបើកការស៊ើបអង្កេតលើករណី DDB ចំពោះការប្រើប្រាស់រូបភាពដែលខ្លួនមិនបានថតផ្ទាល់ ក្រោយមក វីដេអូនោះក៏ត្រូវបានដកចេញពីទំព័រហ្វេសប៊ុកក្រសួងផងដែរ។
 
បើតាមក្រុមការងារ Fact Check របស់ AFP ក្រៅពីយករូបភាពពីប្រេស៊ីល និងឥណ្ឌូណេស៊ី គេក៏រកឃើញរូបភាពនៅស៊្វីស និងអេមីរ៉ាតអារ៉ាប់រួម ថែមទៀតផង៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com