ជាតិ
អ្នកសារព័ត៌មានថ្មីៗ ​បាន​ចូលរួមយកព័ត៌មាននិងទស្សនកិច្ចនៅក្រៅប្រទេស៥លើក ក្នុងខែមិ​ថុ​​នា
03, Jul 2023 , 5:00 pm        
រូបភាព
ភ្នំពេញ៖ នៅក្នុងខែមិថុនាកន្លងទៅ សាព័ត៌មានឌីជីថលថ្មីៗ ទទួលបាន​ការអញ្ជើញឱ្យចូលរួម​យកព័ត៌​មាន និងធ្វើទស្សនកិច្ចនៅក្រៅប្រទេសចំនួន៥លើក ពីស្ថាប័នដៃគូ ទៅកាន់ប្រទេសចំនួន ៤ រួមមានប្រ​ទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសចិន។ ក្រៅពីបេសសកម្មនៅក្រៅប្រទេស ក្រុមការងាររបស់យើង ក៏មមាញឹកក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាល និងផលិតវីដេអូ ជា​មួយ​ស្ថាប័នដៃគូជាតិ និងអន្តរជាតិដែរ។

 
 
នៅដើមខែមិថុនា អ្នកសារព័ត៌មានថ្មីៗ កញ្ញា ម៉េង សៀវម៉ី អ្នកសារព័ត៌មានថ្មីៗ តាមរយៈការអញ្ជើញពីអង្គការ UNAIDS Cambodia បានចូលរួមសិក្ខា​សាលា«អាស៊ីអាគ្នេយ៍ស្តីពីការមាក់ងាយទាក់ទងនឹងមេរោគអេដស៍ និងការរើសអើង» នៅប្រទេសថៃ។ សិក្ខាសាលានេះ ចាប់ផ្តើមនៅថ្ងៃទី ៦-៧ មិថុនា។




 
ពីថ្ងៃទី១៤-១៦​ ខែមិថុនា តាមការអញ្ជើញពីក្រុមការងារ TikTok ប្រចាំប្រទេសកម្ពុជា អ្នកស្រី ញឹក ស្រីលក្ខ និពន្ធនាយិកា ThmeyThmey25 បានទៅចូលរួមវេទិកាតំបន់មួយស្តីពី «​ឥទ្ធិពល​របស់​ TikTok នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​-​TikTok Southeast Asia Impact Forum» នៅ​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី។​ ​​
ទន្ទឹមគ្នានេះ​ដែរ កញ្ញា អ៊ូ សុខមាន ការីនិពន្ធរងនៃសារព័ត៌មានថ្មីៗ ត្រូវបានកាសែតវៀតណាមកាសែត Tuoi Tre អញ្ជើញឱ្យចូលរួមកម្មវិធីប្រគល់ពានរង្វាន់ «32nd SEA Games Inspiration’ Awards» ដែលរៀបចំនៅថ្ងៃទី១៨ មិថុនា នៅក្រុងហូជីមិញ ប្រទេសវៀតណាម។ ជាកម្មវិធីផ្តល់ពានរង្វាន់ដល់អត្តពលិកឆ្នើម  និងមានភាពលេចធ្លោ ដល់អត្តពលិក៣រូប នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងនោះមានអត្តពលិកកម្ពុជា បូ សំណាង និង២រូបទៀត ជាអត្តពលិកវៀតណាម។ ​
 

 
កញ្ញា ខន ចំប៉ា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ និងអ្នកសារព័ត៌មាន កម្ពុជា១៣រូប​ពីស្ថាប័នផ្សេងទៀត បានចូលរួមកម្មវិធី «អ្នកសារព័ត៌មានកម្ពុជា មើលខេត្តក្វាង​ស៊ី​» ប្រទេសចិន។ កម្មវិធីនេះ ​រៀបចំឡើងដោយ កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily ​ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២៣។
 

 
នៅចុងខែមិថុនា និងដើមខែកក្កដា លោក រំដួល ចិត្រា និពន្ធនាយកនៃសារព័ត៌មានថ្មីៗ និងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានថ្មីៗ ត្រូវបានកាសែតដ៏ធំរបស់ចិន People’s Daily អញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ មេគង្គ-ឡានឆាងប្រចាំឆ្នាំ២០២៣ ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិ​ន។ ​កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី២៥ មិថុនា ដល់ថ្ងៃទី៥ កក្កដា ឆ្នាំ២០២៣ ដោយអ្នកសារព័ត៌មានរបស់យើង ​នឹងធ្វើដំណើរទៅទីក្រុងប៉េកាំង, ខេត្ដក្វាងទង់ និងខេត្ដយូណាន ​ ដើម្បីធ្វើទស្សនកិច្ច «China Energy Engineering Corporation Ltd. និងសាកលវិទ្យាល័យទំនាក់ទំនង នៃប្រទេសចិន, ទស្សនកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ មជ្ឈមណ្ឌលក្រសួងធនធានទឹកចិនផងដែរ។ 
 










នៅក្នុងស្រុកក៏ដូចគ្នាដែរ  សារព័ត៌មានថ្មីៗ បានសហការជាមួយស្ថានទូតអាម៉េរិកប្រចាំ​កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពី «យុវជន និងការប្រើប្រាស់បណ្ដាញព័ត៌មានសង្គមប្រកបដោយការទទួលខុសត្រូវ» នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅ American Corner នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ ​ជាគម្រោងដែលទទួលបានការឧបត្ថម្ភ ពីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងគម្រោងនេះ សារព័ត៌មានថ្មីៗ នឹងបណ្តុះបណ្តាលយុវជន ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ​បាត់ដំបង និង​ខេត្តកំពង់ចាម៕

© រក្សាសិទ្ធិដោយ thmeythmey.com