ជាតិ
សង្គមជាតិ
អ្នកខ្លះ សីលធម៌ដកសូន្យ
03, Jul 2023 , 6:00 pm        
រូបភាព
មនុស្សមួយចំនួន និយាយស្តី និងធ្វើទង្វើដោយមិនប្រើវិចារណញាណទាល់តែសោះ រហូតធ្វើឲ្យសីលធម៌របស់ពួកគេ មិនត្រឹមធ្លាក់ដល់កម្រិតទាប ឬស្មើសូន្យនោះទេ តែក្រោមសូន្យទៅទៀត (-0)។ ក្នុងចំណោមពួកគេ អ្នកខ្លះ ថែមទាំងបានរៀនសូត្រគ្រាន់បើ មានមុខមានមាត់ មានឡាន និងមានផ្ទះធំទៀតផង។

 
គេ បានឃើញអំពើអសីលធម៌ដល់បាតរបស់អ្នកទាំងនោះ តាមរយៈពាក្យសម្តី កាយវិការ និងចរិតឫកពាពួកគេ ដែលពួកគេបង្ហាញលើបណ្តាញសង្គមផ្សេងៗ។ មើលងាយគេ ប្រមាថគេ ដៀលដល់ពូជពង្សវង្សត្រកូលគេ ប្រើភាសាបៀតបៀនស្រ្តីភេទ និយាយពាក្យអាសអាភាសឆៅៗដោយគ្មានការខ្មាសអៀន ។ល។ ទាំងនេះសុទ្ធជាអំពើអសីលធម៌ ដែលពួកគេបានប្រព្រឹត្ត។
ឧទាហរណ៍ជាក់ស្តែង៖ 
 
ក្រុមនារីរាត្រី ដែលចាំភ្ញៀវនៅលើដងផ្លូវវេងស្រេង ត្រូវកម្លាំងសមត្ថកិច្ច នាំយកទៅអប់រំ។ បុរសម្នាក់ បានយករូបថតរបស់នារីទាំងនោះ ទៅបង្ហោះលើបណ្តាញសង្គម ដោយមិនបិទបាំងមុខពួកគេ ហើយភ្ជាប់ជាមួយពាក្យបែបសើចចំអក និងមើលងាយថែមទៀត។ 
 
បុរសម្នាក់ ថតវីដេអូបង្ហោះលើបណ្តាញសង្គម អំពីសកម្មភាពដែលខ្លួនទទួលទានទុរេន ហើយនិយាយមើលងាយអ្នកស្រែថា អ្នកនៅស្រុកស្រែគ្មានលុយទិញទុរេនហូបទេ ទាល់តែអ្នកនៅទីក្រុង ទើបមានលុយទិញទុរេនហូប ហើយហូបសល់ បោះឲ្យសុនខ។ ភាសាដើម ដែលបុរសនោះប្រើ មិនមែនហូបនោះទេ គឺស៊ី។ 
 
ផ្ទះមួយកន្លែង ត្រូវបានសាងសង់ ដោយមានរូបរាងស្តើង ឬសំបែត ពោលគឺ ទទឹងមានប្រវែងត្រឹម៤ម៉ែត្រប៉ុណ្ណោះ ដែលមិនសមនឹងបណ្តោយដែលវែង និងកម្ពស់ដែលខ្ពស់។ បុរសម្នាក់ បង្ហោះលើបណ្តាញសង្គម នូវសំណួរដែលមានលក្ខណៈប្រមាថដល់គ្រួសាររបស់គេថា គេ សង់ចេតិយដាក់គ្រួសារគេទេដឹង​? 
 
រឿងទាំង៣នេះ គ្រាន់តែជាឧទាហរណ៍មួយចំនួនតូចប៉ុណ្ណោះ ដោយនៅមានរឿងអសីលធម៌ជាច្រើនផ្សេងទៀត ដែលបានកើត និងកំពុងកើតក្នុងសង្គមខ្មែរ។ 
 
ចូរប្រយ័ត្នប្រយែងឲ្យបានខ្ពស់ និងគិតបានច្រើនដង មុនធ្វើអ្វីមួយលើអ្នកដទៃ។ ជាមួយគ្នានេះ អ្នក ត្រូវថ្លឹងថ្លែងឲ្យបានច្បាស់ថា តើទង្វើដែលអ្នកនឹងធ្វើ ឬសម្តីដែលអ្នកនឹងបញ្ចេញទៅ គឺប្រកបដោយភាពត្រឹមត្រូវដែរទេ ឬក៏ខុសសីលធម៌៕

Tag:
 (សីលធម៌)
© រក្សាសិទ្ធិដោយ thmeythmey.com