ជាតិ
លីកាដូថា ការឃុំខ្លួនសកម្មជនដីធ្លី៩នាក់ ជារឿងអយុត្តិធម៌
03, Jul 2023 , 5:27 pm        
រូបភាព
សកម្មជនដីធ្លីកោះកុងដែលសមត្ថកិច្ចឃាត់កាលពីថ្ងៃទី២៩មិថុនា។ រូបពី អាដហុក
សកម្មជនដីធ្លីកោះកុងដែលសមត្ថកិច្ចឃាត់កាលពីថ្ងៃទី២៩មិថុនា។ រូបពី អាដហុក
ភ្នំពេញ៖ សកម្មជនដីធ្លីខេត្តកោះកុង៩នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់​ ហើយសម្រេចឃុំខ្លួនបណ្ដោះអាសន្ន។ ករណីនេះ អង្គការលីកាដូយល់ថា ការសម្រេចរបស់តុលាការ មានភាពអយុត្តិធម៌ ខណៈសកម្មជនទាំងនោះ អនុវត្តសិទ្ធិសេរីភាពដែលមានចែងក្នុងច្បាប់។

 
 
 
សកម្មជន​ដីធ្លី​១១នាក់ មកពី​សហគមន៍​ចំនួន​៤​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ហើយ៩នាក់ត្រូវបញ្ជូនទៅតុលាការ។ ក្នុងចំណោមពួកគេទាំងនោះ៩ ត្រូវបានតុលាការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ការសម្រេចរបស់តុលាការធ្វើឡើងកាលពីថ្ងៃទី៣០មិថុនា។ 
 
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣កក្កដានេះថា តុលាការសម្រេចឃុំខ្លួនសកម្មជនខាងលើដោយពុំមានភ័ស្តុតាងច្បាស់លាស់។ លោកថា សកម្មជនទាំងនោះ គឺ​គ្រាន់នាំគ្នា ​ទៅដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​បែរជារងការចោទប្រកាន់នេះទៅវិញ។ 
 
«ចាប់ខ្លួននេះ ធ្វើឡើងមុនការឃោសនាបោះឆ្នោតមួយថ្ងៃ វាហាកដូចជា ដាក់កំហិតលើពលរដ្ឋ មុខដំណើរការឃោសនា ស្របពេលពួកគេអនុវត្តសិទ្ធិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្ដឹងនិងដាក់ញត្តិ រួមទាំងសេរីភាពដើរហើរ»។ លោក អំ សំអាត លើកឡើងបែបនេះ ដោយបន្ថែមថា អ្នក​ទាំង៩នាក់នោះ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ហើយរង់ចាំ​សវនាការ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​។​ ចំណែក​សមាជិក​សហគមន៍​ដីធ្លីផ្សេងទៀត ​ត្រូវ​បាន​អាជ្ញាធរ​រារាំងមិនឱ្យប្រមូលម្ដុំគ្នា ​នៅខាងក្រៅ​តុលាការ​ ខណៈពួកគេនាំគ្នាទៅគាំទ្រ​​អ្នកតំណាង​របស់​ពួកគេ​។​
 
វិវាទដីធ្លីខាងលើ ជាជម្លោះរ៉ាំរ៉ៃចាប់តាំងពីអំឡុងឆ្នាំ ២០០៥មកម្ល៉េះ ជាមួយក្រុមហ៊ុនស្ករអំពៅ និងឧកញ៉ាមានអំណាចម្នាក់នៅតំបន់នោះ។ នេះបើតាមលោក អំ សំអាត ហើយលោកបានឱ្យដឹងទៀតថាកាលពីប៉ុន្មានថ្ងៃមុន សមត្ថកិច្ចឃាត់សកម្មជនខាងលើ ​គឺដោយសារពួកគេនាំគ្នា​ធ្វើដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​ សុំអន្តរា​គម​ន៍ពីក្រសួងយុត្តិធម៌ ដើម្បីឱ្យទម្លាក់​ចោល​បទចោទប្រកាន់​មក​លើ​សកម្មជន​ដីធ្លី​ ​ចំនួន​៣​០​​នាក់​ទៀត ដែលតុលាការចោទប្រកាន់នាពេលកន្លងមក។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យតុលាការខេត្តកោះកុង បានទេ នៅថ្ងៃទី៣ កក្កដានេះ៕

Tag:
 ដីធ្លី
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com