ជាតិ
ទឹកភ្លៀងកម្ពស់ដល់១៥៣មម ជាកម្ពស់ធ្លាក់ខ្លាំងដែលមិនធ្លាប់មាននា៣ឆ្នាំចុងក្រោយនៅភ្នំពេញ
04, Jul 2023 , 9:26 am        
រូបភាព
ភ្លៀងធ្លាក់ដ៏ជោគជាំនៅក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា មានកម្ពស់ទឹកភ្លៀងឡើងដល់ទី១៥៣មីល្លីម៉ែត្រ។ បើតាមមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លទ្ធផលដែលវាស់នៅស្ថានីយ៍បឹងត្របែកនេះ បង្ហាញថា ជាកម្ពស់ទឹកភ្លៀងធ្លាក់ដ៏ខ្លាំងមិនធ្លាប់មាននារយៈពេល៣ឆ្នាំចុងក្រោយ។

 
ចាប់ពីវេលាម៉ោងប្រមាណ៤ និង៣០រសៀល ដល់យប់ នាថ្ងៃទី៣ ខែកក្កដា ភ្នំពេញ មានភ្លៀងស្រោចស្រពពីកម្រិតមធ្យមទៅច្រើន ដែលបានបណ្តាលឱ្យលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន៥នៅតំបន់កណ្តាលរាជធានី រួមមានខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងពោធិ៍សែនជ័យ ។
 
 
មន្ទីរសាធារណការរាជធានី បានបញ្ជាក់ថា ទឹកបានស្រកលឿន ដោយសារតែប្រសិទ្ធភាពនៃកំណើន៣ដងលើការបូមទឹកថ្មីនៅស្ថានីយ៍បូមទឹកទាំង ១៤កន្លែង តាមរយៈការខិតខំប្រឹងប្រែងរបស់បុគ្គលិក កម្មករនៃមន្ទីរសាធារណការ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤។
 
នៅថ្ងៃទី៤ ខែកក្កដា នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា សប្តាហ៍ដំបូងនៃខែកក្កដា កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ លក្ខណៈនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាល ខ្ពស់រាប និងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com