ជាតិ
លោកស្រី ម៉ិញ កុសនី រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ ទទួល​មរណភាពក្នុង​អាយុ​៧៧​ឆ្នាំ
04, Jul 2023 , 12:15 pm        
រូបភាព
រូបពី ហ្វេសប៊ុកផេក ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
រូបពី ហ្វេសប៊ុកផេក ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
ភ្នំពេញ៖ លោកស្រី ម៉ិញ កុសនី រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ទទួល​មរណភាព នៅ​ថ្ងៃ​អង្គារ​ ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣ វេលាម៉ោង​០៤:៥០​នាទី​ព្រឹក​ ក្នុង​ជន្មាយុ​​៧៧​ឆ្នាំ ដោយ​រោគាពាធ​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។


  
លោក​ស្រី ម៉ិញ កុសនី គឺ​ជា​ព្រឹទ្ធាចារ្យ​សិល្បៈ ​ដ៏​ល្បី​ល្បាញ​មួយ​រូប លើ​វិស័យ​សិល្បៈ​របាំ​បុរាណ​ខ្មែរ ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត​ ប្រាជ្ញាស្មារតី​ និង​ពេលវេលា ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​បម្រើ​វិស័យ​សិល្បៈ​វប្បធម៌ ដែល​ជា​គំរូវីរភាព និង​ជា​គុណ​បំណាច់ ចំពោះ​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ​។​​​
 
យោង​តាម​គេហទំព័រ​ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោកស្រី ម៉ិញ កុសនី បាន​ចាប់​កំណើត​នៅ​ថ្ងៃ​ទី​១៩ ខែមករា​ ឆ្នាំ​១៩៤៩​ នៅ​ឃុំ​កំពង់​ធំ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​។ លោក​ស្រី​បាន​សិក្សា​មធ្យម​សិក្សា​ប័ត្រ​ភាគ​១​។ វិញ្ញាបនប័ត្រ​មហាវិទ្យាល័យ​គរុកោសល្យ​រាជធានីភ្នំពេញ​។ វិញ្ញាបនប័ត្រ​ព្រឹទ្ធាចារ្យ​វប្បធម៌​សិល្បៈ​ខ្មែរ(រាជ​បណ្ឌិត​សភា​កម្ពុជា)។
 
ចំពោះ​​បទ​ពិសោធ​ការ​ងារ​របស់លោក​ស្រី​វិញ នៅ​ឆ្នាំ​២០០៨ លោក​​ស្រី​​មាន​តួនាទី​ជា​​រដ្ឋ​លេខាធិការ​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។ ឆ្នាំ​១៩៩៩ មាន​តួនាទី​ជា​អគ្គនាយក​រង​បច្ចេកទេស​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។ ឆ្នាំ​១៩៩៨ ជា​ជំនួយ​ការ​​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។ ឆ្នាំ​១៩៩០ ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​នាដ​សាស្ត្រ​។ ឆ្នាំ​១៩៨០ ជា​ប្រធាន​ផ្នែក​របាំ​បុរាណ នៃ​ក្រសួង​ឃោសនាការ​វប្បធម៌ និង​ព័ត៌​មាន​។ ឆ្នាំ​១៩៧៩ ជា​ប្រធាន​ផ្នែក​របាំ​ក្បាច់​បុរាណ​ និង​ជា​សមាជិក​រណសិរ្យ​ សមាជិក​តាក់​តែង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ នៃ​ក្រសួង​ឃោសនាការ​វប្បធម៌ និង​ព័ត៌​មាន​។ 
 
ឆ្នាំ​១៩៧០ ជា​នាដកាឯក និង​ជា​គ្រូ​បង្ហាត់​​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​។ ឆ្នាំ​១៩៧៥ ជា​គ្រូ​បង្ហាត់​សិល្បៈ​ នៅ​ការិយាល័យ​របាំ​ព្រះ​រាជទ្រព្យ​។ ឆ្នាំ​១៩៦៨ ជា​គ្រូ​បង្ហាត់​សិល្បៈ​ នៃ​ការិយាល័យ​របាំ​ព្រះ​រាជទ្រព្យ នៅ​ក្នុង​ព្រះ​បរម​រាជវាំង​។
 
ចំពោះ​គ្រឿង​ឥស្សរិយយស ដែល​លោកស្រី​​ទទួល​បាន​វិញ​​រួម​មាន​ គ្រឿង​ឥស្សរិយយស​ មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ថ្នាក់​ សេនា និង​ថ្នាក់​ អស្សឬទ្ធិ។ គ្រឿង​ឥស្សរិយយស ការងារ​ថ្នាក់​ មេដាយ​មាស​។ គ្រឿង​ឥស្សរិយយស មុនីសារាភ័ណ្ឌ​ ថ្នាក់​សេនា ពី​ព្រះ​ករុណា​នរោត្តមសីហនុ។ គ្រឿង​ឥស្សរិយយស ព្រះ​រាជ​សង្ហា មាន​ព្រះ​ឆាយាល័ក្ខ​សម្ដេច​មុនីនាថ​សីហនុ​៕

Tag:
 សិល្បៈ​
  មរណភាព
  វប្បធម៌​
 
© រក្សាសិទ្ធិដោយ thmeythmey.com