ជាតិ
ក្រសួងមហាផ្ទៃ ឱ្យអភិបាលខេត្តឧត្តរមានជ័យ ចាត់វិធានការលើមន្ត្រីយកសេវាពីពលរដ្ឋ
04, Jul 2023 , 4:10 pm        
រូបភាព
ពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យនាពេលកន្លងមក។ រូបពី រដ្ឋបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យនាពេលកន្លងមក។ រូបពី រដ្ឋបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ឱ្យអភិបាលខេត្តឧត្តរមានជ័យ ចាត់វិធាការលើមន្ត្រីថ្នាក់ក្រោម ចាប់ពីរដ្ឋបាលខេត្ត ក្រុង ស្រុក ដល់រដ្ឋបាលឃុំ-សង្កាត់ ដែលហ៊ានរត់ការឯកសារផ្សេងៗ ដើម្បីយកសេវាពីពលរដ្ឋ។

 
 
ក្រសួងមហាផ្ទៃ ប្រាប់ទៅអភិបាលខេត្តបន្តាយមានជ័យ និងប្រធានក្រុមប្រឹក្សាខេត្ត ឱ្យពិនិត្យការងារឡើងវិញ ខណៈក្រុមការងារក្រសួងរកឃើញភាពអសកម្មមួយចំនួន​ នៅការិយាល័យច្រកចេញចូលតែមួយ។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចេញកាលពីចុងខែមិថុនា ហើយត្រូវអង្គភាពប្រឆាំងអំពើពុករលួយ យកទៅបង្ហាញជាសាធារណៈលើហ្វេសប៊ុកនាថ្ងៃទី៣កក្កដា។ 
 
លិខិតដដែល សរសេរថា ក្រសួងមហាផ្ទៃបានឱ្យក្រុមការងារចុះពិនិត្យពីការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ឃើញចំណុចអសកម្មមួយចំនួន ពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាល។ ហេតុនេះ ក្រសួងណែនាំឱ្យ រដ្ឋបាលខេត្តឧត្តរមានជ័យ ត្រូវតែបញ្ឈប់ការផ្ដល់សេវាប័ណ្ណព្រំដែន នៅក្រៅអង្គភាពច្រកចេញចូលតែមួយ។ រដ្ឋបាលខេត្តឧត្តរមានជ័យត្រូវយកសេវានេះ មកអនុវត្តនៅអង្គភាពច្រកចេញចូលតែមួយវិញ។ 
 
ខណៈពេលក្រសួងមហាផ្ទៃកំពុងរៀបចំធ្វើសន្ធានកម្មរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ និងប្រព័ន្ធផ្តល់សេវាប័ណ្ណព្រំដែន រដ្ឋបាលខេត្តត្រូវតែណែនាំឱ្យមន្រ្តីផ្តល់សេវាកត់ត្រាបញ្ចូលទិន្នន័យ ប័ណ្ណព្រំដែនក្នុងកម្មវិធីព័ត៌មានវិទ្យារបស់អង្គភាពច្រកចេញចូលតែមួយ ឱ្យអស់និងត្រឹមត្រូវចូលក្នុងប្រព័ន្ធ។ 
 
«រដ្ឋបាលខេត្តត្រូវចាត់វិធានការណែនាំ និងលុបបំបាត់មន្ត្រីរត់ការស្នើសុំសេវាជំនួសប្រជាពលរដ្ឋ ដែលរួមទាំងមន្ត្រី ឬបុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលជះឥទ្ធិពលមិនល្អដល់ការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល»។ ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ សង្កត់ធ្ងន់បែបនេះ ហើយកំណត់ឱ្យរដ្ឋបាលខេត្តត្រូវចាត់ក្រុមការងារ ចុះទៅពិនិត្យបែបបទនិងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល តាមរយៈយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់។ 
 
ទន្ទឹមនឹងនេះ គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋត្រូវពន្លឿននីតិវិធីបោះឆ្នោតជ្រើសតាំង។ ករណី ពុំមានប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ គឺត្រូវឱ្យក្រុមប្រឹក្សាខេត្តត្រូវចាត់តាំងសមាជិកក្រុមប្រឹក្សា ដែលមានសមត្ថភាពដើម្បីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹង នៃការិយាល័យប្រជាពលរដ្ឋខេត្តជាបណ្តោះអាសន្ន។ 
 
តាមការណែនាំខាងលើនេះ ក្រសួងមហាផ្ទៃរំលឹកទៀតថា អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យ ត្រូវចាត់ចែងដោះស្រាយឱ្យមានប្រសិទ្ធិភាព៕ 

Tag:
 សង្គម
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com