ជាតិ
រដ្ឋបាលរោងចក្រស្ដារីតនៅខេត្តកណ្ដាល ព្រមប្រគល់ប្រាក់ឧបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះវិញ
05, Jul 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ លោក ទួន សារ៉ែន​ ប្រធានរដ្ឋបាលនៃសម្ព័នសហជីពចលនាកម្មករថា ភាគីរោងចក្រចក្រស្ដារីត នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាលបានប្រគល់ប្រាក់ទៅកម្មករវិញហើយ ក្រោយពីសហជីពផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ពីកម្មករមានផ្ទៃពោះ។

 
ប្រធានរដ្ឋបាល នៃសម្ព័ន្ធសហជីពចលនាកម្មករ ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី៥ កក្កដាថា កម្មករស្ត្រីមានផ្ទៃពោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមជួបសំណេះសំណាលជាមួយ សម្ដេច ហ៊ុន សែន នាពេលកន្លងមក បានទទួលប្រាក់ឧបត្ថម្ភពីសម្ដេចចំនួន២០០ដុល្លារ ក្នុងម្នាក់ៗ ។ ប៉ុន្តែបែរជាត្រូវផ្នែករដ្ឋបាលរោងចក្រ បង្ខំឱ្យប្រគល់ប្រាក់ ១០០ដុល្លារ ទៅឱ្យពួកគេវិញ។  
 
លោក ទួន សារ៉ែន អះអាងថា រដ្ឋបាលរោងចក្រស្ដារីត ប្រើលេសទាមទារប្រាក់ខាងលើ ព្រោះបានរៀបចំឈ្មោះកម្មករស្ត្រីមានផ្ទៃពោះ ឱ្យមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួបសម្ដេច ហ៊ុន សែន នៅក្នុងពេលជួបសំណេះសំណាល កាលពីថ្ងៃទី២៩មិថុនា។ បើតាមលោក សារ៉ែន កម្មករមានផ្ទៃពោះ៣រូប ឈ្មោះ គឺល គឹន, ឆន ស្រីលា, នួន ចន្ទ្រា បានប្រគល់ប្រាក់ឱ្យផ្នែករដ្ឋបាល ត្រឹមតែ៣០ដុល្លារប៉ុណ្ណោះ ដោយសារប្រាក់ដែលទទួលបានពីសម្ដេច ពួកគេប្រមូលបង់កម្ចីធនាគារអស់។ 
 
លុះមានការជជែកដេញដោលគ្នា ហើយខាងសម្ព័នសហជីពចលនាកម្មករក៏បានបង្ហាញព័ត៌មាននេះ ជាសាធារណៈ មន្ត្រីក្រសួងការងារក៏ចុះពិនិត្យ ពីករណីនេះ កាលពីថ្ងៃទី៤កក្កដា។ ចំណែក ភាគីរោងចក្រ ក៏បញ្ឈប់ការទាមទារប្រាក់ពីកម្មករមានផ្ទៃពោះ ហើយប្រគល់ប្រាក់ដល់ស្ត្រីទាំង៣រូបវិញ។ នេះបើតាម លោក ទួន រ៉ែន ហើយលោកមានសង្ស័យដែលថា មានករណីបែបនេះច្រើនទៀត ប៉ុន្តែកម្មករខ្លះអាចពុំទាន់ហ៊ានបញ្ចេញព័ត៌មាន។
 
ជុំវិញករណីនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា ថា មិនគួរឱ្យកើតមានទង្វើបែបនេះ នៅក្នុងប្រព័ន្ធរដ្ឋបាល ដែលជាអ្នកគ្រប់គ្រងការងារ នៅក្នុងរោងចក្រនោះទេ។លោកថា ម្ចាស់រោងចក្រ គួរតែមានវិធានការ លើអ្នកប្រព្រឹត្ដិទង្វើដ៏អាក្រក់នេះ ដែលមិនគួរត្រូវបានអនុគ្រោះនោះឡើយ។ 
 
«ខ្ញុំអំពាវនាវឲ្យកម្មការិនីមានផ្ទៃពោះទាំងអស់ ដែលបម្រើការនៅក្នុងរោងចក្រស្ដារីត ប្រសិនបើមានករណីដូចគ្នានេះ សូមផ្ដល់ព័ត៌មានមកកាន់ខ្ញុំផ្ទាល់ ក៏ដូចជាក្រុមការងារសម្ព័ន្ធសហជីពចលនាកម្មករ ដើម្បីពួកយើងអាចជួយដោះស្រាយបញ្ហានេះ ដើម្បីទប់ស្កាត់កុំឲ្យជនឆ្លៀតឱកាសក្នុងការប្រព្រឹត្ដិទង្វើបង្ខិតបង្ខំកម្មករឲ្យបង់ប្រាក់ជាថ្នូរទៅនឹងការបញ្ជូនឈ្មោះទៅចូលរួមជួបសំណេះសំណាលជាមួយសម្ដេច»។ នេះជាការលើកឡើងរបស់លោក ប្រធានសហជីពចលនាកម្មករ ដែលស្នើឱ្យភាគីក្រសួងការងារ បន្តពិនិត្យមើលករណីនេះថែមទៀត៕ 
 

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com