កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប ​PSG នឹងមិនអនុញ្ញាតឱ្យ Mbappe ចេញ Free! Free! ឡើយ
06, Jul 2023 , 10:29 pm        
រូបភាព
លោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain នៅថ្ងៃទី៥ ខែកក្កដា ទាមទារឱ្យកីឡាករ Kylian Mbappe បន្តកិច្ចសន្យាថ្មីបន្ថែមទៀតជាមួយក្លិប ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរូបនេះចង់ស្នាក់នៅជាមួយក្លិបជើងឯកបារាំងបន្ត។ ប្រធានក្លិប PSG អះអាងថាក្លិបនឹងមិនឱ្យ Mbappe ចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយឡើយ។

Mbappe កាលពីខែមុនបានផ្ញើសំបុត្រទៅកាន់ក្លិប ​PSG ដោយក្នុងសំបុត្រនោះបានឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ នឹងមិនបន្តកិច្ចសន្យាថ្មីអ្វីឡើយជាមួយក្លិប បន្ទាប់ពីកិច្ចសន្យារបស់គេត្រូវចប់ក្នុងឆ្នាំ ២០២៤។ តែយ៉ាងណាកីឡាករបាល់ទាត់សញ្ជាតិបារាំង ក៏បានអះអាងវិញថា រូបគេមិនបានស្នើសុំក្លិបអនុញ្ញាតឱ្យគេផ្លាស់ទៅកាន់ទឹកដីប្រទេសអេស្ប៉ាញចូលរួមជាមួយក្រុម Real Madrid ឡើយ។ 
 
ក្លិប Real Madrid ធ្លាប់បានព្យាយាមទាក់ទាញយក Mbappe ទៅចូលរួមក្រុមក្នុងរយៈពេលប៉ុន្មាន ២រដូវកាលចុងក្រោយ ខណៈមកដល់បច្ចុប្បន្នក្លិបយក្សអេស្ប៉ាញក៏នៅតែចញ្ចឹមចិត្តចង់បានរូបគេ។
 
ក្លិប​ ​PSG ប្រឈមមុខនឹងបញ្ហានៃការអនុញ្ញាតឱ្យ ​Mbappe បន្តកុងត្រាឆ្នាំចុងក្រោយ ហើយក៏នឹងប្រឈមមិនអាចយកមកវិញនូវទឹកប្រាក់ចំនួន ១៨០លានអឺរ៉ូ (១៩៥,៧១លានដុល្លារ) ដែលក្លិបបានចាយក្នុងឆ្នាំ​២០១៧ ពី ​AS Monaco។
  


«ជំហរខ្ញុំពេលនេះគឺច្បាស់លាស់ ខ្ញុំមិនចង់ឱ្យវានៅតែរំឮកដដែលរាល់ពេលបែបនេះឡើយ ប្រសិបបើ ​Mbappe ចង់នៅបន្ត យើងចង់ឱ្យគេនៅបន្ត តែគេត្រូវតែចុះកិច្ចសន្យាថ្មីបន្ថែម។ យើងមិនចង់បាត់បង់កីឡាករឆ្នើមក្នុងពិភពលោកម្នាក់ដោយហ្វ្រីគ្មានតម្លៃខ្លួនឡើយ យើងមិនអាចធ្វើបានទេ នេះគឺជាក្លិបបារាំងដ៏អស្ចារ្យមួយ រឿងនេះមិនអាចកើតឡើងឡើយ។»។ លោក Al-Khelaifi បានប្រាប់ទៅកាន់អ្នកកាសែតក្នុងពេលប្រកាសតែងតាំងលោក ​Luis Enrique ជាគ្រូបង្វឹកថ្មី។
 
៥រដូវកាលចុងក្រោយ Mbappe ជាកីឡាករដែលស៊ុតបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខណ្ឌ Ligue 1 ហើយ​ ​PSG ទាមទារក្នុងការទប់ស្កាត់រូបគេមិនឱ្យចាកចេញបន្ថែម បន្ទាប់ពីក្រុមបានបាត់បង់ Lionel Messi ដោយគ្មានតម្លៃខ្លួន។
 
Messi ម្ចាស់ពាន Ballon d’Or ៧សម័យ បានជម្រើសយកមិនបន្តកិច្ចសន្យាជាមួយក្រុមបន្ត ហើយបានផ្លាស់ទៅកាន់ក្រុម Inter Miami។ 
សម្រាប់គោលបំណងដែលរូបគេចង់ចាកចេញពី PSG ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ ក៏ធ្លាប់បានអះអាងរួចមកហើយថាទោះជាឥទ្ធិពលរបស់ប្រធានាធិបតីបារាំង Emmanuel Macron ក៏មិនអាចឃាំងឃាត់រូបគេឱ្យបន្តស្នាក់នៅក្លិបស្ថិតក្នុងទីក្រុងប៉ារីសដែរ៕
 
 

Tag:
 Paris Saint Germain
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com