ជាតិ
ជនរងគ្រោះដោយសារកម្ចីអនឡាញ ត្រូវរាយការណ៍ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
07, Jul 2023 , 2:59 pm        
រូបភាព
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យពលរដ្ឋ ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញ រាយការណ៍ទៅក្រុមការងារជំនាញរបស់នាយកដ្ឋាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

មួយរយៈចុងក្រោយនេះ ជនរងគ្រោះជាបន្តបន្ទាប់ បាននាំគ្នាទម្លាយព័ត៌មាន តាមបណ្ដាញសង្គម ដោយអះអាងថា ពួកគេរងគ្រោះដោយសារ កម្ចីខុសច្បាប់ ឬកម្ចីតាមរយៈអនឡាញ។ ជាក់ស្តែង គណនីហ្វេសប៊ុក ចែ ផ្ទះសំណាក់ ជាអ្នកលក់ផលិតផលអនឡាញ កាលពីចុងខែមិថុនា បានចេញមុខរៀបរាប់លើបណ្ដាញសង្គមថា ត្រូវក្រុមជនជាតិចិន ហើយក៏មានខ្មែរធ្វើការជាមួយម្ចាស់កម្ចីទាំងនោះ តាមគំរាមកំហែងទារប្រាក់កម្ចីដល់ផ្ទះ ខណៈការប្រាក់កើនឡើងឥតឈប់ឈរ។ 
 
ករណីនេះ ស្ត្រីរងគ្រោះស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ច ខណៈរូបគេកំពុងសម្ងំលាក់ខ្លួន ពីក្រុមកម្ចីអនឡាញជនជាតិចិនទាំងនោះ។ ក្នុងវីដេអូជនរងគ្រោះ អះអាងថា ការប្រាក់ខ្ពស់ រហូតដល់គ្មានលទ្ធភាពបង់ ក៏បង្ខំខ្ចីប្រាក់ពីក្រុមកម្ចីផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាចំពោះមុខ រហូតគ្មានលទ្ធភាពបង់ប្រាក់បន្តឱ្យម្ចាស់កម្ចីគ្រប់គ្នា ហើយក៏រងការគំរាមកំហែងបែបនេះ។ 
 
ពាក់ព័ន្ធនឹងករណីពលរដ្ឋរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញនេះ សារព័ត៌មានថ្មីៗ ពុំអាចទាក់ទងលោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីសុំព័ត៌មានលម្អិតបានឡើយ។ តែយ៉ាងណា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៦កក្កដា បានសរសេរលើទំព័រហ្វេសប៊ុកខ្លួន ឱ្យពលរដ្ឋរាយការណ៍ព័ត៌មានទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ 
 
«សូមជម្រាបជូនសាធារណ:ជនជ្រាបថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ប្រជាពលរដ្ឋដែលបានរងគ្រោះអាចទំនាក់ទំនងទៅកាន់លេខ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ»។ នេះជាសារអំពាវនាវរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ 
 
ទាក់ទិននឹងករណីនេះ ធនាគារជាតិសង្កេតឃើញ ក្រុមហ៊ុនឯកជនមួយចំនួន ផ្សាយជាសាធារណៈយ៉ាងសកម្មកម្ម តាមរយៈបណ្ដញាសង្គម ចែកនាមប័ណ្ណ រួមទាំងផ្ញើសារតាមទូរស័ព្ទជាដើម។ ដូច្នេះ ធនាគារជាតិស្នើឱ្យ សាធារណៈជន បង្កើនការប្រុងប្រយ័ត្ន ហើយជៀសវាងការប្រើប្រាស់សេវាកម្ចីពីក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីដែលគ្មានច្បាប់អនុញ្ញាតទាំងនោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជា ស្ដីពីផលវិបាកនៃការប្រើប្រាស់កម្ចីខុសច្បាប់ ចេញថ្ងៃទី២៩មិថុនានេះ។ 
 
កម្ចីខុសច្បាប់ ប្រឈមនឹងបំណុលវ័ណ្ឌក  ដោយសារអត្រាការប្រាក់និងកម្រៃសេវាខ្ពស់ខ្លាំង ជាងគ្រឹះស្ថានស្របច្បាប់។ ចំពោះ ការគណនាការប្រាក់ ក៏ពុំត្រឹមត្រូវតាមច្បាប់និងបញ្ញត្តិដែរ។ អតិថិជន ប្រឈមនឹងការគំរាមកំហែង គៀបសង្កត់ និងគ្រោះថ្នាក់គ្រប់រូបភាព ដោយសារការបង្ខំឱ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យ មិនសមហេតុផល តាមក្រុមហ៊ុនឬម្ចាស់កម្ចី។ លើសពីនេះ ទ្រព្យធានារបស់អតិថិជន អាចត្រូវម្ចាស់កម្ចី រឹបអូសដោយពុំមានការឆ្លងកាត់ការសម្រេចរបស់តុលាការ។ ធនាគារជាតិលើកឡើងបែបនេះ ហើយបន្ថែមថា​ ធនាគារជាតិ កំពុងស្នើសុំការសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ លើក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់គ្រប់រូបភាពអស់ទាំងនោះ។ 
 
កន្លងមក ធនាគារជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ចាប់ដៃគ្នាធ្វើការ ហើយចេញសេចក្ដីថ្លែងការណ៍រួមដោយចាត់ទុក ការផ្ដល់កម្ចីខុសច្បាប់ មានការប្រាក់ខ្ពស់ ការគំរាមគំហែង ការអនុវត្តកិច្ចសន្យាសុចរិត ជាការកេងចំណេញហួសហេតុ និងប៉ះពាល់ជីវភាពរស់ពលរដ្ឋ។ 
 
«ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ ទាន់ពេលសូមប្រជាពលរដ្ឋ ដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្ដល់ឥណទានខុសច្បាប់ រាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈ លេខទូរស័ព្ទ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង០៩៧ ២៧៨ ៣០៣០»។ ធនាគារជាតិនិងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យពលរដ្ឋចូលរួមរាយការណ៍បែបនេះ ហើយសង្កត់ធន់ថា នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់លើការផ្ដល់កម្ចីខុសច្បាប់ និងផ្សាយព័ត៌មានគ្រប់រូបភាព ពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត៕ 
 
 

Tag:
 សង្គម
  កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com