កម្ពុជារំពឹងមានកំណើនសេដ្ឋកិច្ច៥,៥ភាគរយ ក្នុងឆ្នាំ២០២៣។ ជាមួយនឹងកំណើននេះ សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនូវហានិភ័យមួយចំនួនផងដែរ។ ជាពិសេស គឺហានិភ័យខាងក្នុងប្រទេស ដែលអាចកើតមានឡើងពីវិស័យអចលនទ្រព្យ។ នេះជាព្យាកររបស់ធនាគារជាតិនៃកម្ពុជា(NBC)។
ក្នុងរយៈពេលប្រមាណ១០ឆ្នាំមុនវិបត្តិកូវីដ-១៩ផ្ទុះឡើង វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ-១៩ រួមទាំងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ជាលំដាប់។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា៖ « ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតសិ្នតរវាងអាជ្ញាធរព័ន្ធពាក់ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យផ្សេងទៀត»។ ជាមួយនឹងហានិភ័យខាងក្នុងប្រទេស សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនូវហានិភ័យខាងក្រៅ ផងដែរ។
ហានិភ័យខាងក្រៅដែលកម្ពុជាប្រឈមនោះ មាន ការអូសបន្លាយនៃភាពតានតឹងរវាងរុស្សី និងអ៊ុយក្រែន និងរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាពីសិក្ខាសាលាស្តីពី៖ «ការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២» នាថ្ងៃទី៦កក្កដា ឆ្នាំ២០២៣ ដោយបន្តរៀបរាប់ថា ជាពិសេសបញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ចិន អាចបង្ហាក់កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា រួមទាំងការកើនឡើងនៃអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់ លើទីផ្សារអន្តរជាតិ នាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន ក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុក ផងដែរ។
ប្រឈមនឹងភាពមិនប្រាកដប្រជាបែបនេះ ធនគារជាតិនៃកម្ពុជា កំពុងអនុវិធានការចាកចេញពីវិបត្តិនេះផងដែរ។ ក្នុងនោះ ការពង្រឹងក្របខណ្ឌបទបញ្ញាត្តិឡើងវិញប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ ស្របពេលនឹងការជួយដល់វិស័យអាទិភាព ដូចជា សហគ្រាសធុនតូចនិងមធ្យម(SMEs) វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាលនៃការងើបឡើងវិញរបស់សេដ្ឋកិច្ច។ ទន្ទឹមនេះ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ជាការងារអន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការ និងសម្របសម្រួលទាំងពីអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដោយសារប្រព័ន្ធហិរញ្ញវត្ថុមានភាពប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធទាំងក្នុងចំណោមវិស័យហិរញ្ញវត្ថុ និងជាមួយវិស័យសេដ្ឋកិច្ចរូបវន្ត។
កន្លងមក អ្នកជំនាញសេដ្ឋកិច្ចពីរាជបណ្ឌិត្យសភាកម្ពុជា លោក គី សិរីវឌ្ឍន៍ ក៏ព្រមានហានិភ័យអាចកើតឡើងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ ដែលបណ្តាលមកពីការផ្គត់ផ្គង់លើពីតម្រូវការ។
ក្នុងកិច្ចពិភាក្សាតុមូលស្តីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ខែមិថុនា លោក គី សិរីវឌ្ឍន៍ បានលើកឡើងពីកត្តាសំខាន់ៗមួយចំនួនដែលនាំឱ្យការផ្គត់ផ្គង់អចលនទ្រព្យនៅកម្ពុជាខ្ពស់ជាងតម្រូវការ។ ក្នុងនោះមាន៖ ទីមួយ.គឺបណ្តាលមកពីផលចំណេញខ្ពស់ធ្វើឱ្យមនុស្សវិនិយោគលើវិស័យនេះ ទីពីរ.ទីផ្សារអចលនទ្រព្យនាមុនអំឡុងកូវីដ-១៩ មានហាងឆេងដែលជាទូទៅគេនិយមទិញផ្ទះដើម្បីលក់បន្ត។ ទីបី. ការទិញផ្ទះដែលមានហានិភ័យដែលលោកចង់សំដៅលើការយកលុយធនាគារទៅទិញ និងចុងក្រោយគឺការទិញផ្ទះដោយប្រាក់កម្ចីក្នុងរយៈពេលវែង ឬបង់រំលោះ។
លោក គី សិរីវឌ្ឍន៍ បានបញ្ជាក់ថា ទាំងអស់នេះហើយដែលនាំឱ្យសន្ទុះនៃវិស័យអចលទ្រព្យមានការកើនឡើងខ្លាំងស្របពេលដែលវិបត្តិកូវីដ-១៩ ដល់បានធ្វើឱ្យអតិថិជនថយប្រាក់ចំណូល។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ប្រសិនបើវិស័យនេះនៅតែមានការសាងសង់និងជំរុញការផលិតបន្តទៅទៀតនោះ វានឹងធ្វើឱ្យមានការជាប់គាំង និងមានវិបត្តិ ពីព្រោះការអភិវឌ្ឍនៅតំបន់វាលស្រែ តំបន់ដាច់ស្រយាលឱ្យក្លាយជាទីក្រុង ឬក្លាយជាតំបន់អភិវឌ្ឍនោះ គឺវាមិនមែនជាការងាយស្រួល ហើយក៏មិនអាចធ្វើឱ្យទីតាំងក្នុងតំបន់នោះលូតលាស់លឿន ដូចនូវអ្វីដែលក្រុមហ៊ុនអចលនទ្រព្យបានបង្ហាញទេ៕