កីឡាអន្តរជាតិ
អន្តរជាតិ
៧ឆ្នាំក្រោយ Xhaka ចេញពី Arsenal ត្រឡប់ទៅទឹកដីអាល្លឺម៉ង់វិញ
07, Jul 2023 , 4:29 pm        
រូបភាព
Granit Xhaka វិលត្រឡប់ទៅប្រកបអាជីពនៅទឹកដីអាល្លឺម៉ង់វិញ ដោយចូលរួមជាមួយក្រុម Bayer Leverkusen បន្ទាប់ចាកចេញពីក្រុម Arsenal ក្រោយរួមរស់រយៈពេល ៧ឆ្នាំ។

កីឡាករសញ្ជាតិស្វ៊ីស វ័យ ៣០ឆ្នាំ បានចូលរួមជាមួយក្រុមកាំភ្លើងធំកាលពីឆ្នាំ ២០១៦ ដោយផ្ទេរចេញពីក្រុម Borussia Monchengladbach ហើយរូបគេបង្ហាញខ្លួនឱ្យ ​Arsenal ចំនួន ២៩៧ប្រកួត។
 
វិលទៅក្របខណ្ឌ Bundesliga ដោយចុះកិច្ចសន្យា៥ឆ្នាំ ជាមួយក្រុម Leverkusen ខ្សែបម្រើ ​Xhaka ថាទឹកដីអាល្លឺម៉ង់ រូបគេស្គាល់ច្បាស់អំពីលីគកំពូលមួយនេះ ហើយតែងតែតាមដានអំឡុងស្ថិតនៅជាមួយ Arsenal។
 
«ខ្ញុំស្គាល់ច្បាស់ពី Bundesliga ទាំងក្នុងទាំងក្រៅ ហើយខ្ញុំបានមើលការប្រកួតពួកគេពីទីក្រុងឡុងដ៍។ Leverkusen គឺជាក្លិបមួយដែលមានប្រវត្តិសាស្ត្រដ៏ទាក់ទាញ និងគោលដៅច្បាស់លាស់ លើសពីនេះខ្ញុំមើលឃើញថាក្លិបនឹងមានអនាគតដ៏អស្ចារ្យ។»។ Xhaka បាននិយាយបែបនេះអំឡុងពេលចុះកិច្ចសន្យាជាមួយក្លិបស្ថិតនៅប្រទេសអាល្លឺម៉ង់។
 
កាលស្ថិតនៅជាមួយក្រុម Arsenal កីឡាករវ័យ ៣០ឆ្នាំ បានឈ្នះពានរង្វាន់ FA Cup ចំនួន ២លើក និងពានរង្វាន់ Community Shields ២លើក។ រូបគេបានក្លាយជាប្រធានក្រុមកាំភ្លើងធំ ពេលស្ថិតក្រោមការដឹកនាំរបស់លោក ​Unai Emery នៅក្នុងឆ្នាំ ២០១៩ ប៉ុន្តែពេលនោះបានត្រឹមតែរយៈពេល ២ខែតែប៉ុណ្ណោះ។
 
អំឡុងពេលក្រុមស្ថិតក្រោមការដឹកនាំរបស់លោក ​Mikel Arteta ខ្សែបម្រើសញ្ជាតិស្វ៊ីសបានរកឃើញនៅទម្រង់លេងដ៏ខ្លាំងរបស់គេ ហើយបានក្លាយជាកីឡាករមួយរូបដ៏សំខាន់ក្នុងក្រុមកាំភ្លើងធំនារយៈពេលចុងក្រោយមកនេះ៕
 

Tag:
 Granit Xhaka
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com