កីឡាអន្តរជាតិ
អន្តរជាតិ
​សមាជិកសភាអង់គ្លេស៖ ​FA Cup នឹងថយប្រជាប្រិយ បើ Premier League គ្រប់គ្រងសិទ្ធិផ្សព្វផ្សាយ
07, Jul 2023 , 5:17 pm        
រូបភាព
ពានរង្វាន់ FA Cup នឹងត្រូវថមថយប្រជាប្រិយភាព ប្រសិនបើកិច្ចព្រមព្រៀងនៃការលក់សិទ្ធិផ្សព្វផ្សាយក្រៅប្រទេស ជាមួយក្របខណ្ឌ ​Premier League ត្រូវបានធ្វើឡើង។ នេះបើតាមការបញ្ជាក់របស់សមាជិកនៃគណៈកម្មាធិកាវប្បធម៍ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា (CMS)។

បើតាមទីភ្នាក់ងារសាព័ត៌មាន PA សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) កំពុងពិចារណាលើការរៀបចំរយៈពេលវែង ដែល Premier League នឹងលក់សិទ្ធិផ្សព្វផ្សាយការប្រកួត ​FA Cup ជាមួយនឹងសិទ្ធិផ្សព្វផ្សាយរបស់ខ្លួន ក្នុងគោលបំណងរកប្រាក់ចំណូលបន្ថែមពីភាគីទាំងពីរ។ 
 
យ៉ាងណាពីសំណាក់លោក Clive Efford ដែលជាសមាជិកសភាមួយរូប និងជាសមាជិកនៅគណៈកម្មាធិការ CMS បង្ហាញជំនឿរបស់លោកថាកិច្ចព្រមព្រៀងរវាង Premier League លើសិទ្ធិផ្សព្វផ្សាយអន្តរជាតិរបស់ FA Cup ហាក់បីជាការដាក់ការគ្រប់គ្រងហួសហេតុលើក្របខណ្ឌលំដាប់ទី២ របស់អង់គ្លេសក្នុងដៃរបស់ Premier League។ ការបង្ហាញក្តីបារម្ភពីសំណាក់សមាជិកសភាអង់គ្លេស ធ្វើឡើយដោយពឹងផ្អែកលើភស្តុតាងពី FA និង Premier League ស្តីពីបទប្បញ្ញាតិបាល់ទាត់ក្នុងខែមីនា។
  


«Premier League បានបង្ហាញពីការមើលងាយរបស់ខ្លួនចំពោះ FA Cup នាពេលកន្លងមក។ ហេតុអ្វីគ្រប់គ្នាដែលមានក្តីបារម្ភអំពីអនាគត FA Cup ដាក់ Premier League ជាអ្នកគ្រប់គ្រងវា? FA Cup មិនមែនជាការប្រកួតប្រជែងដែលក្លិបនៅ Premier League ផ្តល់តម្លៃ ពួកគេជ្រើសយក Premier League​, Champions League ដែលនេះហើយជាអ្វីដែលគេចាប់អារម្មណ៍បំផុត។ FA Cup នឹងថមថយប្រជាប្រិយភាពរៀងរហូត។»។ លោក ​Efford បាននិយាយប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ​PA បែបនេះ។
  


នារយៈពេល ១៨ខែ ចុងក្រោយមកនេះ Premier League, FA និង EFL បានធ្វើកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាច្រើនលើក ពីកិច្ចព្រមព្រៀងថ្មីសម្រាប់បាល់ទាត់ នឹងព្រមទាំងការរួមបញ្ចូលការពិភាក្សាលើប្រតិទិនសម្រាប់ការប្រកួតថែមទៀត។​
ទោះយ៉ាងណាក្របខណ្ឌ Premier League កំពុងតែឈានដល់កិច្ចព្រមព្រៀងក្នុងការទិញសិទ្ធិផ្សព្វផ្សាយពានរង្វាន់ FA Cup ក៏ដូចជាលក់សិទ្ធិផ្សព្វផ្សាយទៅកាន់ក្រៅប្រទេស ដើម្បីបង្កើនប្រាក់ចំណូលនៃក្របខណ្ឌទាំងពីរ ប៉ុន្តែ Premier League នឹងគ្រប់គ្រងកម្មវិធីប្រកួតពានរង្វាន់លំដាប់ទីពីររបស់អង់គ្លេសមួយនេះ ប្រសិនបើកិច្ចព្រមព្រៀងបានធ្វើឡើង៕
 
 
 
 
 
 

Tag:
 FA Cup
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com