ជាតិ
អាចអស់ដល់២០លានរៀល ឬជាប់ទោសផ្សេងទៀត បើណែនាំឲ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតចោល
07, Jul 2023 , 5:59 pm        
រូបភាព
ការគូសខ្វែងបែបនេះ នឹងធ្វើឲ្យសន្លឹកឆ្នោតខូច និងមិនត្រូវទុកជាបានការ។ រូបគូសសញ្ញាខ្វែងលើសន្លឹកឆ្នោតនេះ ត្រូវបានផ្សព្វផ្សាយដោយអ្នកមួយចំនួន ដែលមិនពេញចិត្តនឹងការបោះឆ្នោតឆ្នាំ២០២៣នេះ។ រូបពីហ្វេសប៊ុក
ការគូសខ្វែងបែបនេះ នឹងធ្វើឲ្យសន្លឹកឆ្នោតខូច និងមិនត្រូវទុកជាបានការ។ រូបគូសសញ្ញាខ្វែងលើសន្លឹកឆ្នោតនេះ ត្រូវបានផ្សព្វផ្សាយដោយអ្នកមួយចំនួន ដែលមិនពេញចិត្តនឹងការបោះឆ្នោតឆ្នាំ២០២៣នេះ។ រូបពីហ្វេសប៊ុក
 ដោយ៖ ទេពញាណ
នឹងមិនរួចខ្លួនដូចមុនឡើយ ចំពោះអ្នកដែលបំផុសឲ្យអ្នកបោះឆ្នោត គូសសញ្ញាអ្វីមួយលើសន្លឹកឆ្នោត ដើម្បីធ្វើឲ្យសន្លឹកឆ្នោតនោះខូច។ ការគូសសញ្ញាខ្វែងលើសន្លឹកឆ្នោត ជាសញ្ញាមួយ ដែលអាចធ្វើឱ្យសន្លឹកឆ្នោតខូច ឬធ្វើឲ្យសន្លឹកឆ្នោតប្រែក្លាយជាឥតបានការ ដែលមិនត្រូវរាប់ចូលក្នុងចំនួនសន្លឹកបានការ។

ផ្អែកតាមមាត្រាថ្មី ដែលទើបបន្ថែមទៅក្នុងច្បាប់បោះឆ្នោត ការណែនាំ ឬការញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត នឹងរងពិន័យពី៥លានរៀល ដល់២០លានរៀល។ នៅមានអំពើផ្សេងទៀត ដែលនាំឲ្យរងពិន័យពី៥លានរៀល ដល់២០លានរៀលដែរ រួមមាន រារាំង ឬញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត, ធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត, បង្កការរំខានមិនឲ្យការបោះឆ្នោតដំណើរការបាន, និង បង្កការរំខានមិនឲ្យការរាប់សន្លឹកឆ្នោតដំណើរការបាន ជាដើម។
 
ទោសមិនមែនមានតែការពិន័យប្រាក់ពី៥លានរៀល ដល់២០លានរៀលប៉ុណ្ណឹងទេ បើអ្នកដែលប្រព្រឹត្តនោះ ជាបេក្ខជនឈរឈ្មោះ ឬក៏ជាគណបក្ស។ បន្ថែមពីលើការពិន័យជាទឹកប្រាក់ បេក្ខជនឈរឈ្មោះ ឬគណបក្ស នឹងត្រូវដកសិទ្ធិមិនឲ្យឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំយ៉ាងតិច បើហ៊ានប្រព្រឹត្តអំពើតែមួយចំណុច ក្នុងចំណោមអំពើខាងលើ។ ក្នុងករណីនេះ បេក្ខជនឈរឈ្មោះ អាចត្រូវពិន័យពី៥លានរៀល ដល់២០លានរៀល ហើយគណបក្ស អាចត្រូវពិន័យពី១០លានរៀល ដល់៣០លានរៀល។  
 
ស្ថាប័ន ដែលត្រូវច្បាប់ផ្តល់សិទ្ធិអំណាចឲ្យ ដើម្បីចាត់ការ និងដាក់ពិន័យទាំងអស់ខាងលើ ទៅលើបុគ្គលទូទៅ បេក្ខជនឈរឈ្មោះ ឬគណបក្សនយោបាយ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
 
សូមបញ្ជាក់ថា ច្បាប់បោះឆ្នោត ទើបត្រូវបានធ្វើវិសោធនកម្ម ហើយព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា៕ 
 
 

Tag:
 ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com