ជាតិ
បោះឆ្នោត
ឃោសនាបោះឆ្នោត៖ គ.ជ.ប ទទួលបានបណ្ដឹងចំនួនពីរ ពីបក្សប្រជាជនកម្ពុជា
07, Jul 2023 , 9:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ភ្នំពេញ៖​ ដំណើរការឃោសនាបោះឆ្នោតនីតិកាលទី៧ ដែលមានយៈពេល២១ថ្ងៃ នៅក្នុងសប្ដាហ៍ទីមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលពាក្យ បណ្ដឹងចំនួនពីរ ជាករណីកើតនៅខេត្តឧត្តរមានជ័យ និងភ្នំពេញ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៧ កក្កដាថា បណ្ដឹងទៀតពីរ គឺបក្សប្រជាជនជាអ្នកប្ដឹង។ ក្នុងនោះ បក្សប្រជាជនបានប្តឹងបុគ្គលម្នាក់ ឈ្មោះ កង សារ៉ាត់ ដែលបាននិយាយលើបណ្ដាញសង្គម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។  ហើយបណ្តឹងមួយទៀត នៅរាជធានីភ្នំពេញ ដែលមានជនអនាមិក យកឡូហ្គូបក្សប្រជាធិបតេយ្យមូលដ្ឋាន បិទលើរូបថ្នាក់ដឹកនាំបក្សប្រជាជន។ 
 
អ្នកនាំពាក្យថា ភាគីដើមបណ្ដឹង ពុំទាន់ទទួលយកដំណោះស្រាយនៅថ្នាក់មូលដ្ឋានទេនៅពេលនេះ។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា បណ្ដឹងខាងលើនឹងត្រូវបញ្ជូនទៅដោះស្រាយបន្ត នៅគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត។ 
 
ចំពោះដំណើរការឃោសនាបោះឆ្នោតវិញ លោក ហង្ស ពុទ្ធា កត់សម្គាលឃើញមានការប្រព្រឹត្តទៅដោយភាពរលូន មិនមានហិង្សាអ្វីធ្ងន់ធ្ងរនោះទេ។ ជាមួយគ្នាដែរ លោកថាករណីដែលលេចឮថា មានមនុស្សបន្លំជាមន្ត្រីបក្សប្រជាជនកម្ពុជា ណែនាំឱ្យពលរដ្ឋគូសសន្លឹកឆ្នោតខុស គ.ជ.ប កំពុងស្រាវជ្រាវ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com