កីឡាអន្តរជាតិ
អន្តរជាតិ
Van der Sar អតីតអ្នកចាំទីក្រុមបិសាចក្រហមចូលមន្ទីរពេទ្យ ព្រោះហូរឈាមជុំវិញខួរក្បាល
08, Jul 2023 , 10:59 am        
រូបភាព
លោក Edwin van der Sar អតីតកីឡាករចាំទីក្រុមជម្រើសជាតិហូឡង់ និងវីរបុរសក្រុម Manchester United ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារបញ្ហាហូរឈាមលើខួរក្បាល ខណៈរូបគេកំពុងស្ថិតក្នុងវិសមកាលនៅប្រទេសក្រូអាស៊ី។

Van der Sar វ័យ ៥២ឆ្នាំ ជាអតីតអ្នកចាំទីដ៏ឆ្នើមប្រចាំក្រុម Man United ដោយគេធ្លាប់បានចំណាយពេល ៦រដូវកាល មុនពេលចាកចេញនៅក្នុងឆ្នាំ ២០១១។ 
 
នៅរដូវកាលមុន បុរសសញ្ជាតិហូឡង់រូបនេះ បានកាន់តួនាទីជាប្រធានផ្នែកកីឡានៅក្រុម Ajax Amsterdam មុនពេលលាលែងពីតំណែងក្រោយបញ្ចប់រដូវកាល ២០២២-២៣ បន្ទាប់ពីក្លិបជើងខ្លាំងនៅក្របខណ្ឌកំពូលហូឡង់ Ajax បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ និងខកខានការប្រកួតពានរង្វាន់ Champions League លើកដំបូងចាប់តាំងពីឆ្នាំ ២០០៩មក។
 
បើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Ajax នាថ្ងៃទី៧ ខែកក្កដា បានប្រកាសដូច្នេះថា ៖ «Edwin van der Sar មានការហូរឈាមជុំវិញខួរក្បាលរបស់គាត់។ បច្ចុប្បន្នគាត់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការសង្គ្រោះបន្ទាន់ ហើយស្ថិតនៅក្នុងស្ថានភាពមានស្ថិរភាពមួយ។»។
 
ដោយឡែកកាលពីឆ្នាំ ២០០៩ ភរិយារបស់ Van der Sar អ្នកស្រី Annemarie ក៏ធ្លាប់ទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលនៅពេលដែលរូបគាត់ជាកីឡាករនៅទឹកដី Old Trafford ហើយទទួលបានជាសះស្បើយពេញលេញ៕
 
 
 

Tag:
 Edwin Van der Sa
© រក្សាសិទ្ធិដោយ thmeythmey.com