កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ទស្សនកិច្ចនៅ​​កាម៉េរូន ដែលជាប្រទេសកំណើតរបស់ឪពុក ជាលើកដំបូង ​
08, Jul 2023 , 2:59 pm        
រូបភាព
Kylian Mbappe ខ្សែប្រយុទ្ធក្រុម ​Paris Saint Germain កំពុងតែធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រ​ទេស​កាម៉េរូន ដែល​ប្រទេសកំណើតរបស់​ឪពុកគេលើកដំបូង ​ក្នុងសប្តាហ៍នេះ ខណៈ​​​អនាគត​របស់គេនៅក្លិបយក្សបារាំង កំពុងក្លាយជារឿងដ៏រសើប។

អ្នកគាំទ្រច្រើននាក់ បានចោមរោមនៅបរិវេណព្រលានយន្តហោះក្នុងទីក្រុង Yaounde ទឹកដីប្រទេសកាម៉េរូន​​​ ​កាលពីថ្ងៃទី៦ ខែកក្កដា ជា​ទី​ដែលតារាបាល់ទាត់សញ្ជាតិបារាំង វ័យ២៤​ឆ្នាំ រូបនេះត្រូវ​ទស្សនកិច្ចរយៈពេល ៣ ថ្ងៃ​។
 
«វាពិតជាកិត្តិយសណាស់សម្រាប់ខ្ញុំ ដែលបានមកទីនេះ ជាប្រទេសមួយ​ដែល​ជាប្រទេស​កំណើត​របស់ខ្ញុំ ជាមួយនឹងគ្រួសាររបស់ខ្ញុំ ហើយ​បានឃើញមនុស្សជាច្រើន​នៅទីនេះ​ផ្ទាល់​។ ពួកគេបានបង្ហាញក្តីស្រលាញ់មកកាន់ខ្ញុំ។»។ Mbappe បាននិយាយបែបនេះ ​នាថ្ងៃ​ទី​៧ ខែកក្កដា បន្ទាប់ពីបានជួប​នាយករដ្ឋមន្ត្រីកាម៉េរូន លោក Joseph Dion Ngute។
  


នៅ​ប្រទេសកាម៉េរូន Mbappe បានបង្ហាញវត្តមានក្នុងសកម្មភាពកីឡា ដោយបានចូលរួម​ការ​ប្រកួតកីឡាបាល់បោះ ជាមួយ​អតីតកីឡាករបាល់បោះ Joakim Noah លេ​ង​នៅ​ក្រប​ខណ្ឌ NBA មុនពេលចូលរួមលេងបាល់ទាត់ ទល់ក្រុម ​Vent d’Etoudi FC ស្ថិតនៅក្រប​ខណ្ឌ​​ទីពីរកាម៉េរូន។ 
 
នៅថ្ងៃទី៨ ខែកក្កដា Mbappe នឹងធ្វើដំណើរទៅកាន់ទីក្រុងសេដ្ឋកិច្ច Douola និង​ភូមិ​កំណើត​របស់ឪពុក គឺលោក Wilfried Mbappe ដែលជាគ្រូបង្វឹកបាល់ទាត់ និង​ជា​ភ្នាក់​ងារ​របស់ Mbappe ផ្ទាល់។ ដំណើរទស្សនកិច្ចរបស់គេ ក៏រួមមានទៅកាន់សាលារៀន ដែលបាន​កសាង​ដោយមូលនិធិសប្បុរសធម៌ Mbappe ផ្ទាល់។
 
​Mbappe ដែលមានម្តាយជាជនជាតិអាល់ហ្សេរី និងជាកីឡាការិនីបាល់បោះមួយរូប បាន​ផ្តល់​កំណើតដល់ ​Mbappe នៅក្នុងភាគភាគឦសាន ជាយក្រុងប៉ារីស។
  


ខណៈដែលរូបគេស្ថិតក្នុងប្រទេសកាម៉េរូន តារាបាល់ទាត់សញ្ជាតិបារាំងរូបនេះ កំពុង​​មាន​រឿង​រ៉ាវ​ដ៏រសើបជាមួយ​ក្លិប ​​PSG ដោយរូបគេបានផ្ញើលិខិតមួយ ទៅកាន់ក្លិប​ដោយ​មិន​​បន្តកិច្ចសន្យា​ទៀតឡើយ ក្រោយបញ្ចប់រដូវកាល ២០២៣-២៤។ កិច្ចសន្យារបស់គេ​នៅ​សល់ ១ឆ្នាំ​ជាមួយ PSG។
 
យ៉ាងណាកាលពីពេលថ្មីៗនេះ ប្រធានក្លិប ​PSG លោក Nasser Al-Khelaifi ក៏បាន​​តឿន​​​ Mbappe ឱ្យបន្តកិច្ចសន្យាថ្មីបន្តទៀត ​បើរូបគេចង់ស្នាក់នៅ​លេងនៅ​ក្នុងក្លិបយក្ស​របស់​បារាំង​។​ មកដល់ពេលនេះ រឿងរ៉ាវនៃការបន្តកិច្ចសន្យារបស់ Mbappe ​​នៅតែជាបញ្ហា​រសើប ​​​និងគួរឱ្យចាប់អារម្មណ៍បំផុត​នៅលើពិភពបាល់ទាត់​៕
 
 
 
 
 
 

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com