ជាតិ
សេដ្ឋកិច្ច
គយកម្ពុជា​ បង្រ្កាបទំនិញគេចពន្ធបាន៧០តោន មានតម្លៃពន្ធជាង១០ម៉ឺនដុល្លារ​
08, Jul 2023 , 3:29 pm        
រូបភាព
រថយន្តដឹកទំនិញគេចពន្ធ ដែលអគ្គនាយកដ្ឋានគយបង្រា្កបបាន​នៅស្រុកទ្រាំង ខេត្តតាកែវ នាយប់ថ្ងៃទី១កក្កដា ឆ្នាំ២០២៣។ រូបថត៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
រថយន្តដឹកទំនិញគេចពន្ធ ដែលអគ្គនាយកដ្ឋានគយបង្រា្កបបាន​នៅស្រុកទ្រាំង ខេត្តតាកែវ នាយប់ថ្ងៃទី១កក្កដា ឆ្នាំ២០២៣។ រូបថត៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ទំនិញ​គេចពន្ធដែលមាន​ទម្ងន់សរុប ៦៩ ៥២០គីឡូក្រាម ឬជិត៧០តោន ត្រូវបានមន្ត្រីជំ នាញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​បង្រ្កាបបាននៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ។ បើតាមអគ្គនាយកដ្ឋានគយ ទំនិញទាំងនេះ មានតម្លៃពន្ធនិងអាករ រួមទាំង ពិន័យ បទល្មើសនឹងច្បាប់ស្ដីពីគយ ជាង៤០០លានរៀល ឬប្រមាណ១០ម៉ឺនដុល្លារអាម៉េរិក ។​



អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ ចុះ​បង្ក្រាប​រថយន្ត​បានចំនួន១១គ្រឿង ដែលលួចដឹកទំនិញគេចពន្ធទាំងនោះ​បាន នាយប់ថ្ងៃទី១​កក្កដា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានគយ​ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ គឺ​មានការប្រឈមខ្លាំងដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន៣គ្រឿង មករារាំង និងបានផ្ទុះអាវុធចំនួន៥គ្រាប់ សំដៅលើសមត្ថកិច្ចគយ ដើម្បីរំដោះរថយន្ដ១​គ្រឿង​ដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក)ពីសមត្ថកិច្ចគយ។
 
ប៉ុន្តែ ក្រោយមន្ត្រីគយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ ព្រមទាំង​មានការយកចិត្តទុកដាក់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ   ជន​ប្រដាប់​អាវុធ​​ទាំងនោះក៏ត្រូវបានតុលាការខេត្តតាកែវចាប់ឃុំខ្លួន និងកំពុងចាត់ការបន្ដតាម​នីតិវិធី​ច្បាប់ជាធរមាន។
 
បច្ចុប្បន្ន​ អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ​កំពុងអនុវត្តយ៉ាងសកម្មនូវវិធានការ​បង្កើន​ប្រសិទ្ធភា​ពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធរបស់រដ្ឋាភិបាល។ កិច្ចការនេះ មាន​សារសំខាន់ សំដៅបង្កើនបរិយាកាសឱ្យមានការប្រកួតប្រជែងដោយស្មើភាព ក្នុងអាជីវកម្ម ការកៀរគរចំណូលចូលថវិកាជាតិ និងការពារសង្គម (បង្ក្រាបការរត់ពន្ធគ្រឿងញៀន​និង​ទំនិញ​ខូចគុណភាព...) ជាដើម។
 
កន្លងមក សម្តេ​ច ហ៊ុន សែន តែងតែណែនាំជារឿយៗ ដល់កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ឱ្យគាំទ្រដល់សមត្ថកិច្ចគយ និងពន្ធដារ ក្នុងការអនុវត្តតួនាទី និង​ភារកិច្ច​របស់ខ្លួនដើម្បីកៀរគរចំណូលថវិកាជាតិ៕​
 
 
 

Tag:
 គយ
  ទំនិញគេចពន្ធ
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com